Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងស្តុកឈើ ដកហូតឈើច្រើនដុំ

បង្ក្រាបទីតាំងស្តុកឈើ ដកហូតឈើច្រើនដុំ

មណ្ឌលគិរី ៖ សមត្ថកិច្ចជំនាញ សហការជាមួយនឹងកម្លាំងចម្រុះ កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើល្មើសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិត ក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង។

សមត្ថកិច្ចចម្រុះខាងលើ បានឱ្យដឹងថា ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើ កែវសីមា រួមជាមួយ សង្កាត់រដ្ឋបាលព្រៃ ឈើអូររាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ដាំ និងអាជ្ញាធរ មូលដ្ឋានឃុំដាក់ដាំ ដោយមានការឯកភាពពីលោក ស៊ាវ ងឺឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ត មណ្ឌល គិរី ក្រុមការងារបានចុះបង្ក្រាបទីតាំង រោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើល្មើសច្បាប់ របស់ឈ្មោះទេព សាម៉េន ដែលស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង ត្រង់ចំណុចនិយាមការ (៧៥១៤០៦-១៣៧៣៤៣០)។

បន្ទាប់ពីក្រុមការងារបានចុះដល់ខាងក្នុងទីតាំងរោងសិប្បកម្មខាងលើ ត្រួតពិនិត្យឃើញថា មានស្តុកឈើអារ ប្រភេទលេខ២ (ឆាំឆា) ជាច្រើនដុំ-សន្លឹក (មិនទាន់រាប់និងវាស់វែងនៅឡើយ) រណារបញ្ឈរ ចំនួន១គ្រឿង រណារយន្ត ចំនួន២គ្រឿង ម៉ូទ័រសំលៀង ចំនួន១គ្រឿង និងម៉ូទ័រកាត់ ចំនួន១គ្រឿង និងមិនមាន ជនណាម្នាក់ នៅទីតាំងនេះឡើយ។

ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានឃុំដាក់ដាំ ស្រុកអូររាំង បញ្ជាក់ថា ទីតាំងរោងសិប្បកម្មកែ ច្នៃផល-អនុ ផលព្រៃឈើនេះ ជារបស់ឈ្មោះទេព សាម៉េន ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ។ ប៉ុន្តែនៅក្នុងរង្វង់ប្រតិបត្តិនេះ ម្ចាស់រោងសិប្បកម្មមិននៅនឹងទីតាំងខាងហេតុឡើយ។

ក្រោយពិនិត្យឃើញថា ទីតាំងខាងលើនេះបង្កើតរោងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ និង សន្និធិផលអនុ ផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក្រុមការងារសម្រេចចាប់ឃាត់និងដកហូតវត្ថុតាង ខាងលើទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅ បរិវេណស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES