Monday, March 17, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ណែនាំវិធីការពារសុខភាព អំឡុង អាកាសធាតុក្តៅ

ក្រសួងសុខាភិបាល ណែនាំវិធីការពារសុខភាព អំឡុង អាកាសធាតុក្តៅ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព ក្នុងអំឡុង ពេលអាកាសធាតុក្តៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពនៃការប្រែ ប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជា ច្រើននៅក្នុងតំបន់ និងនៅលើសកលលោក។ បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញ ផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស ១៥០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយ របស់ ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦ ០០០នាក់ បានស្លាប់ដោយសារ កម្តៅថ្ងៃ ក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសកល លោកផងដែរ។ ដូច្នេះកម្តៅក្តៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។

បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកម្តៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និង ប្រសិនបើអ្នកមិនបាន ធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ចំណុចសំខាន់ៗ ដែល ប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នកក្នុងការធ្វើឱ្យខ្លួន អ្នកត្រជាក់ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង គឺ នៅពេលមានកម្តៅខ្លាំង បណ្តាលឱ្យបែកញើសច្រើន នឹងមិនរំហួតលឿននោះទេ នេះមានន័យថា កម្តៅរារាំង រាងកាយរបស់អ្នក ពីការបញ្ចេញកម្តៅឱ្យបានលឿន តាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ខ្លួនរួម ផ្សំជាមួយដែរ គឺបុគ្គលដែលមានអាយុតិច និងមនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់មិនល្អ ការរលាកស្បែក និង ការប្រើប្រាស់គ្រឿងស្រវឹង។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិ សេសប្រជាជន ដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់ បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារ ការ ទទួលរងនូវកម្តៅក្តៅខ្លាំង មានដូចជា ៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកម្តៅក្តៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ ឬក្អួត វិលមុខ ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាល ជាដើម។ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឱ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែលអាចកើតមានជាយថា ហេតុបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនេះ សូមអនុវត្តនូវវិធីសាស្ត្រសាមញ្ញៗ រួមមាន ៖

១- ត្រូវរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យ ត្រជាក់ (ចៀសវាងប្រើ ទឹកក្តៅ) ឬទឹកច្រោះល្អឱ្យបានច្រើន និងញឹកញាប់លើសពី ២លីត្រក្នុងមួយថ្ងៃ បើទោះបី ជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាង ការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួន ប្រាណស្អាត និងអនាម័យចំណីអាហារល្អផងដែរ។

២- ចៀសវាងការពិសាភេសជ្ជៈ ដែលបណ្តាលឱ្យជាតិទឹក នៅក្នុងរាងកាយថយចុះ មានដូចជា ៖ ពិសាគ្រឿង ស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។

៣- សូមកុំពិសាប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។ ពិសាផ្លែឈើដែល សម្បូរជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ចៀសវាងអាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និងជាតិខ្លាញ់ខ្ពស់។

៤- ស្លៀកសម្លៀកបំពាក់ជួយការពារកម្តៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀក សម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកំដៅថ្ងៃជាជំនួយ និងពាក់មួក ដែលមានគែមធំទូលាយ ឬប្រើឆត្រ ធ្វើជារបាំងការពារកម្តៅថ្ងៃ ហើយឱស្សាហ៍ផ្លាស់ប្តូរសម្លៀកបំពាក់ ប្រសិន បើវាសើមខ្លាំង។

៥- ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមាន កម្តៅឡើងបន្ថែម។

៦- ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកំដៅព្រះអាទិត្យ) និង កាត់បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់បន្ថយកម្តៅចូលក្នុងផ្ទះ។

៧- ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្តៅខ្លាំងពេក។

៨- ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹក ត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីសីតុណ្ហភាពក្តៅ ដែលអាចបណ្តាលឱ្យ មានការថយ ចុះកម្តៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។

៩- ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះ សម្រាប់ព្រឹកព្រលឹមបើអាច ធ្វើ បាន ឬពេលល្ងាចនៅ ពេលដែលសីតុណ្ហភាពក្តៅមានការថយចុះមកត្រជាក់ ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌអាកាសធាតុក្តៅ។

១០- ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយសុវត្ថិភាពនៅក្នុងកម្តៅដែល អាចទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយកម្លាំងច្រើន ដោយគំហុកភ្លាមៗ ហើយ ក្តៅខ្លាំង។

១១- ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុង ផ្ទះ ឬទី តាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថារាងកាយរបស់លោកអ្នក មានភាព ធន់ខ្ពស់អាច ទប់ទល់ចំពោះកម្តៅក្នុងកម្រិតណា មួយ។

១២- ពឹងផ្អែកតែលើកង្ហារជាឧបករណ៍ ធ្វើឱ្យត្រជាក់ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកម្តៅខ្លាំង ត្រូវប្រើ មធ្យោបាយផ្សេងៗ ដើម្បីបន្ថយកម្តៅ។

១៣- កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ វានឹងធ្វើឱ្យអ្នកនិងផ្ទះរបស់អ្នកកាន់តែក្តៅ។

១៤- សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយ សារអាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់ អាយុចាប់ពី៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នក មានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេ អាចត្រូវការជំនួយយ៉ាងតិចណាស់២ដង ក្នុងមួយថ្ងៃ ក្នុងអំឡុង ពេលអាកាសធាតុក្តៅ សូមកុំទុកពួកគាត់ចោល ដោយមិនបានអើតមើលពួកគាត់។

១៥- ប្រសិនបើមានរោគសញ្ញាដូចជា ៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) ជាសញ្ញាដំ បូងនៃផលប៉ះពាល់នៃកម្តៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី២-៥នាទី ហើយពិសាទឹក ត្រជាក់ យឺតៗ កុំបន្តសកម្មភាពពីព្រោះអាចមានហានិភ័យ ខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែល មានបញ្ហាសុខភាព ត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬសង្ស័យថាមានជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះ នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខទូរស័ព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨…៕

RELATED ARTICLES