Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីអាងកាំភ្លើង នាយករដ្ឋមន្ត្រី ដកចោលដូចស្ពៃ សុំកុំឲ្យនៅក្រៅឃុំ មុនកាត់ទោស

មន្ត្រីអាងកាំភ្លើង នាយករដ្ឋមន្ត្រី ដកចោលដូចស្ពៃ សុំកុំឲ្យនៅក្រៅឃុំ មុនកាត់ទោស

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងមន្ត្រីធំម្នាក់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយពីបុគ្គលនោះ អាងមានកាំភ្លើង បានប្រើប្រាស់គំរាមលើ អ្នក ដទៃ ដោយគ្រាន់តែរឿងចរាចរណ៍បន្តិចបន្តួច។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា បើតុលាការមិនចាត់ការតាមផ្លូវ ច្បាប់ទេ ទុកឲ្យសម្តេច ដាក់វិន័យតាមផ្លូវរដ្ឋសិន ហើយនេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ កុំអាងអំណាច ធ្វើ បាបអ្នកទន់ខ្សោយ ។ ជាមួយនេះ សម្តេច បានស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ កុំឲ្យជនល្មើស ប្រើប្រាស់អាវុធខុសច្បាប់នេះ បាននៅក្រៅឃុំ មុនពេលកាត់ទោស។

សម្តេចហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ថា «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុក ឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។អាងមានអំណាច ប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាច ធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់ អាវុធខុសច្បាប់»។

សម្តេចហ៊ុន សែន បញ្ជាក់បន្តថា «សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើ ប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំ មុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែង ដល់អ្នកផ្សេង ទៀត»។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៣៧៣/អនក្រ.តត ស្តីពីការបញ្ចប់មុខ តំ ណែងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី  បានសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋ បាលនិងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមរំឭកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួច រវាង រថយន្តទំ នើប ២គ្រឿង នៅចំណុចក្នុងបុរីជីពម៉ុង ៥៩៨ ផ្លូវ P41 ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយជនរងគ្រោះ ឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត បើករថយន្ត ១គ្រឿង ម៉ាក FORD RAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា T.W.2727 ចេញពីហូបអី នៅខណ្ឌទួលគោក សំដៅទៅផ្ទះ នៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ខ្លោងទ្វារច្រកចូលបុរីជីបម៉ុង ស្រាប់តែលោកបែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ មានលំនៅក្នុងបុរីជីបម៉ុង ផ្ទះលេខ០៨ ផ្លូវ P04 ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានឈប់រថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 នៅពីមុខ មិនព្រមទៅ។ ជនរងគ្រោះ បានរង់ចាំប្រហែល ៥នាទី ទើបស៊ីប្លេរថយន្ត មួយដង និងបើកភ្លើងហ្វា ជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។ ពេលនោះ លោកបែល វ៉ាន់ដែត បានបើកឡានដេញតាម ពីក្រោយរថយន្តជនរងគ្រោះ ដល់ចំណុចកើតហេតុ ជនសង្ស័យបានដកកាំភ្លើងខ្លី ១ដើម ម៉ាក GLOCK 17JEN4 ពណ៌ខ្មៅ លេខ BGEC 151 (មានគ្រាប់១៣គ្រាប់) ភ្ជង់ទៅលើជនរងគ្រោះ ពីក្នុងរថយន្ត ដោយសួរថា «មុនហ្នឹង ស៊ីប្លេដាក់នរណា?» រួចក៏បើកថយន្តគេចបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្តឹង ទើបកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជា ខ្មាន់កាំភ្លើង ហើយបានបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ក្រោយមកមានព័ត៌ មានថា ជនសង្ស័យដែលប្រើកាំភ្លើងភ្ជង់គំរាមគេនោះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ ទើបមានប្រតិ កម្មពីសម្តេចនាយករដ្ឋមន្ត្រី ដូចដែលសម្តេច បានបញ្ជាក់ខាងលើ ដោយសម្តេច បានសម្រេចបញ្ចប់មុខតំណែង មន្ត្រីអាងកាំភ្លើងម្នាក់នេះ ព្រមទាំងស្នើកុំឲ្យជនល្មើសបាននៅក្រៅឃុំ មុនពេលតុលាការកាត់ទោស ៕ ខៀវទុំ

RELATED ARTICLES