ភ្នំពេញ៖កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានរក្សារភាពល្បីល្បាញនៅក្នុងអាជីពសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ ដែលកន្លងមកអតីតអ្នកចាត់ការទូទៅរបស់ហង្សមាសលោកអ៊ិន ទីតូ បានអះអាងថាអ្នកនាងជាតារាចម្រៀងសម្លេង១ គ្មាន២ នៅកម្ពុជា។ប៉ុន្ដែបច្ចុប្បន្នតារាចម្រៀងថ្មីៗរះមកច្រើនទើបធ្វើឲ្យការគាំទ្រលើតារាចម្រៀងរៀមច្បងមួយចំនួនហាក់បែកខ្ញែកខ្លះ ខណៈដែលអ្នកនាងកែវពេជ្ជតា នៅតែបន្ដចេញច្រៀងសម្ដែងតាមបណ្ដារកម្មវិធីទាំងឡាយគ្រប់ខេត្តក្រុងដូចមុនដដែលជាមួយការរក្សារូបសម្រស់បានក្មេងជាងវ័យ។តែនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរអ្នកនាងពេជ្ជតា ហាក់តូចចិត្តដែលអ្នកដឹកនាំកម្មវិធីសិល្បៈខ្លះបែជាមើលរំលងនាងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទើបអ្នកនាងចេញសារនៅលើហ្វេសបុកហើយអ្នកលេងបណ្ដាញសង្គមមានការជជែកមតិផ្សេងៗគ្នាពាក់ព័ន្ធរឿងមួយនេះ។



ជាមួយគ្នានេះដែរអ្នកនាងម៉េង កែវពេជ្ជតា បានធ្វើការព្រមានចំៗទៅលើបុរសអ្នករកស៊ីលក់Online ម្នាក់មានហ្វេសបុកឈ្មោះអេង លីប៉ូ ក្រោយលោកបានធ្វើការបញ្ចេញយោបល់ទាក់ទងការលើកឡើងរបស់នាងរឿងត្រូវបានគេបំភ្លេចក្នុងព្រឹត្តិការណ៍ធំ២ផ្សេងគ្នានោះ ហើយអ្នកនាងចិន្ដា យល់ថាការលើកឡើងរបស់យុវជនរូបនោះជាការប្រមាថប៉ៈពាល់ដល់កិត្តិយសនាងយ៉ាងខ្លាំងនិងស្នើឲ្យបុរសនោះ សុំទោសលុបលាងកំហុស និងធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរចំពោះមុខអ្នកច្បាប់ជាសាក្សី បើមិនអីចឹងទេអ្នកនាងមិនព្រមជាដាច់ខាត ហើយរឿងនេះមិនបញ្ចប់នៅត្រឹមនេះឡើយ ។



យ៉ាងណាគិតមកត្រឹមរសៀលថ្ងៃទី១៩ មេសា ឆ្នាំ២០២៣ នេះគេនៅមិនទាន់ឃើញបុរសដែលមានហ្វេសបុកឈ្មោះអេង លីប៉ូ ចេញសារសុំទោសអ្នកនាងម៉េង កែវពេជ្ជតា ជាលើកទី២ឡើយ ខណៈដែលអ្នកនាងចិន្ដា ក៍រក្សារភាពស្ងៀមស្ងាត់ ប៉ុន្ដែអ្នកនាងបញ្ជាក់ច្បាស់ៗហើយថាអត់ព្រមបញ្ចប់រឿងនេះជាដាច់ខាតក្នុងករណីបុរសនោះមិនសុំទោស និងធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរចំពោះមុខអ្នកច្បាប់ អ្នកនាងនឹងប្ដឹង។



លោកគួច ខេវិន អតីតអគ្គនាយករងប៉ុស្ដិ៍CTN ,SEA Tv និងETV បានមានប្រសាសន៍ថា”ជាធម្មតា ការជ្រើសរើសតារាចម្រៀងឲ្យចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីណាមួយ ជាលក្ខណៈជាតិ អន្តរជាតិឬជាលក្ខណៈឯកជនក៏ដោយគឺអាស្រ័យលើអ្នករៀបចំកម្មវិធីដែលអនុលោមតាមសំណូមពររបស់ទស្សនិកជនហើយសមស្របតាមការនិយមចូលចិត្តរបស់ស្រទាប់វ័យដែលចូលរួមភាគច្រើនក្នុងកម្មវិធីនោះ ចាស់តាមចាស់ក្មេងតាមក្មេង ។ បើនិយាយអំពីការនិយមក្នុងសិល្បៈគឺមហាជន ទស្សនិកជនចូលចិត្តអ្វីដែលថ្មី ប្លែកនិងស្របតាមកាលៈទេសៈឬតាមខ្លឹមសារនៃកម្មវិធីនិមួយៗ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ខ្ញុំយល់ថា ការទទួលបាននូវអ្វីដែលថ្មីប្លែក សំបូរបែបក៏ដោយ គេក៏ពុំគួរគប្បីបំបាត់ចោល បំភ្លេចចោលនូវអ្វីដែលធ្លាប់ធ្វើឲ្យយើងល្អ យើងល្បីយើងមានមោទកភាពក្នុងសិល្បះជាតិយើងពីមុនៗនោះមកទេ បើពុំដូច្នោះទេនោះយើងបាត់បង់កិត្តិយស បាត់បង់មោទកភាព បាត់កេរ្តិ៍ដំណែលស្នាដៃសិល្បៈ នោះរាប់បញ្ចូលទាំងតារាៗដែលធ្លាប់មានស្នាដៃនោះផងដែរ ។ ប្រទេសជិតខាង គេផ្តល់កិត្តិយស ដល់តារារៀមច្បង រួចគេផ្តល់តម្លៃឲ្យតារាមានស្នាដៃថ្មីៗ រួចគេរំលេចតារាមានទេពកោសល្យដែលជាពន្លកស្នងមរតកបន្ត ដូច្នេះវាបានផ្តល់វេទិកាសិល្បៈរបស់គេមានគ្រប់រសជាតិ គ្រប់ការនិយម ស្របតាមស្រទាប់វ័យទាំងអស់។ បើក្រឡេកមកមើលជ្រុងមួយនៃការរៀបចំចាត់ចែងកម្មវិធីសិល្បៈនៅស្រុកយើងនាពេលបច្ចុប្បន្ន កុំថាឡើយចំពោះតារាចម្រៀង តារាសម្តែង សូម្បីតែអ្នកផលិតអ្នកដឹកនាំដែលមានសញ្ញាប័ត្រ មានបទពិសោធន៍ មានស្នាដៃមានជំនាញ មានទេពកោសល្យល្អយ៉ាងណាក៏ដោយ បើកាលណាគ្មានខ្សែ គ្មានទុយោនោះក៏គេមើលមិនឃើញ មិនស្គាល់ដែរ ហេតុដូច្នេះហើយទើបសិល្បៈរបស់យើងបាត់អត្តសញ្ញាណ បាត់ព្រលឹង គ្មានវិញ្ញណ រលាយ ព៌ណសបុរ មិនសូវជាគេស្គាល់”៕



