Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោទចេះធ្មប់ វ៉ៃសម្លាប់តាអាចារ្យ

ចោទចេះធ្មប់ វ៉ៃសម្លាប់តាអាចារ្យ

កំពង់ស្ពឺ ៖ បុរសចំណាស់ម្នាក់ ដែលអ្នកភូមិស្គាល់ថាជាអាចារ្យពេលាការ ត្រូវបានជនសង្ស័យម្នាក់ រស់នៅភូមិ ជាមួយគ្នា ធ្វើសកម្មភាពស្ទាក់វាយសម្លាប់យ៉ាងឃោរឃៅ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ លុះក្រោយ ពីសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ជនដៃដល់បាន ឆ្លើយសារភាពថា មូលហេតុដែលខ្លួនស្ទាក់វាយសម្លាប់តាអាចារ្យ ដោយសារមានគំនុំចាស់ និងសង្ស័យតាអាចារ្យរងគ្រោះ ចេះអំពើធ្មប់។

ករណីឃាតកម្មស្ទាក់វាយសម្លាប់តាអាចារ្យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០ នាទី ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមឿន សុផាត ភេទប្រុស អាយុ៣១ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះសួស សារឿន ភេទប្រុស អាយុ៦៧ឆ្នាំ ជាអាចារ្យពេលាការ។ អ្នកទាំង២ មាន លំនៅក្នុងភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ជាមួយគ្នា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះរបស់ខ្លួន ទៅចូលរួមបុណ្យ ១០០ថ្ងៃ របស់អ្នកភូមិ លុះក្រោយពីបញ្ចប់កម្មវិធីបុណ្យ  ជនរងគ្រោះបានជិះ ម៉ូតូត្រឡប់មក ផ្ទះវិញ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏ជួបនឹងជនសង្ស័យ ហើយជនសង្ស័យបានយកដំបង ឈើជ្រុង ស្ទាក់វាយជនរងគ្រោះ បណ្តាលឱ្យស្លាប់តែម្តង។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់ដំបងឈើ ទំហំប៉ុនកំភួនដៃ ប្រវែង ១,២០ម៉ែត្រ វាយទៅលើជនរងគ្រោះ ចំនួន៣ដំបង ត្រូវចំក្រោមថ្ងាស ១ដំបង និងចំក្បាល ២ដំបង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ជនរងគ្រោះ ទើបតែរៀបការប្រពន្ធក្រោយ បាន១ខែ បន្ទាប់ពីប្រពន្ធមុន បាន ស្លាប់ចោល។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករ បានឆ្លើយសារភាពថា មូលហេតុដែលរូបគេវាយសម្លាប់ជន រង គ្រោះ គឺដោយសារស្រាយគំនុំចាស់ ដែលធ្លាប់មានជាមួយកូនជនរងគ្រោះកាលពីមុន ហើយត្រូវជនរងគ្រោះ ប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន។ មួយវិញទៀត សង្ស័យជនរងគ្រោះ ចេះអំពើធ្មប់ (ផ្លូវងងឹត) ទើបចងគំនុំ ក៏រកឱកាស សម្លាប់ជនរងគ្រោះតែម្តង។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES