ស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ ខឹងអ្នកភូមិម្នាក់ ដែលធ្លាប់ទិញគោរបស់ខ្លួន ឱ្យលុយមិនទាន់គ្រប់ (ខ្វះ៦ម៉ឺនរៀល) មិនព្រមសង ទើបទប់អារម្មណ៍មិនជាប់ ក៏ទាញកាំបិតផ្គាក់កាប់ប្រហារបុរសរងគ្រោះ ១កាំបិត ចំកដៃ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែក ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាដោយចេតនាន បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រលប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃុន ត្រុង អាយុ៥៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឃុន ចន្នី អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកើត ហេតុខាងលើជាមួយគ្នា (រងរបួសធ្ងន់ត្រង់ កដៃខាងស្តាំ)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះឃុន ត្រុង បានធ្វើសកម្មភាពយក កាំបិតផ្គាក់ កាប់ប្រហារទៅលើជនរងគ្រោះឈ្មោះឃុន ចន្នី ចំនួន ១កាំបិត ចំកដៃខាងស្តាំ បណ្តាលឱ្យរង របួស ធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកជនដៃ ដល់ ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលធ្វើឱ្យខ្លួនប្រើហិង្សាកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់បែបនេះ ដោយសារតែខឹងជនរងគ្រោះជំពាក់លុយខ្លួន ៦ម៉ឺនរៀល (ថ្លៃទិញក្បាលគោ) មិនព្រមសង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោម ដើម្បីចាត់ការបន្តតាមច្បាប់៕