ភ្នំពេញ៖ពេជ្រ សោភា បានក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា ជាង៥ខែទៅហើយដែលរហូតមកដល់ពេលនេះនាងនៅតែប្រកាន់គោលការណ៍ដ៍តឹងតែងចំពោះអនាគតស្វាមីដដែលនោះគឺមិនឲ្យអនុញ្ញាត្តិឲ្យម្ចាស់ចិត្តថ្មីនាងចេញចូលផ្ទះតាមចិត្តឬគេងនៅផ្ទះនិងបន្ទប់នាងមុនពេលរៀបការនោះទេ។សកម្មភាពបែបនេះរបស់សោភា ធ្វើឲ្យលោកសក្កដា សែនតឹងចិត្តនិងមានតែខាំមាត់សង្កត់ចិត្ត ប៉ុន្ដែលោកស៊ូទ្រាំ បើទោះជានៅក្នុងពិភពសិល្បៈលោកបានដឹងច្បាស់ថាគូស្នេហ៍តារាភាគច្រើនរស់នៅជាមួយគ្នាមុនរៀបការ រហូតមានអ្នកខ្លះបានយកកូនទាំងមិនដែលភ្ជាប់ពាក្យជាមួយគ្នាឡើយ។

សម្រាប់សោភា វិញពេលនេះនាងមានវ័យ៤០ឆ្នាំគត់ ហើយការមិនឲ្យលោកសក្កដា រស់នៅក្រោមដំបូលផ្ទះតែ១ជាមួយនាងដោយសម្អាងថាមិនចង់ឲ្យឆ្វេចឆ្វាចនោះមានន័យថានាងមិនទាន់ត្រៀមខ្លួនយកកូនឡើយ ហើយអ្វីដែលតារាហង្សមាសរូបនេះកាន់តែធ្វើឲ្យគូដណ្ដឹងនាងមិនអាចថ្នាក់ថ្នមបំពេរនាងបានទាំងយប់ថ្ងៃដូចគូស្នេហ៍តារាដ៍ទៃទៀតនោះគឺពិធីមង្គលការដែលសោភា ប្រកាសថានឹងធ្វើនៅឆ្នាំ២០២៣ នេះឥឡូវអ្វីៗប្រែប្រួលអស់ទៅហើយ ខណៈដែលសោភា-សក្កដា មានពេលខ្លះនាងនិយាយហាក់បង្កប់ទៅដោយភាពមន្ទិលសង្ស័យដែលនាំឲ្យស្នេហាអ្នកទាំងពីរមានភាពមិនច្បាស់លាស់នោះទេ ដូចជាពួកគេហៅគ្នាជាមិត្តភក្ដិទៅវិញទៅមក ហើយនៅពេលសួរសង្កត់រឿងមូលហេតុនៃការលើកពេលរៀបការម្នាក់ៗនេះអុញនិងមិននិយាយឲ្យច្បាស់លាស់ឡើយ។អ្វីដែលកាន់តែចម្លែកថែមទៀតនោះនៅពេលអ្នកយកព័តមានយើងសាកសួរពីតារាចម្រៀងនិងអ្នកដឹកនាំរឿងនៅហង្សមាសពីរឿងសោភា និងលោកសក្កដា លុបចោលមង្គលការនោះម្នាក់ៗបែជាសើចហើយសួរច្រាសមកអ្នកយកព័តមានយើងថា”ចេះតែជឿរដែរអី?” បុគ្គលិកនៅហង្សមាសទាំងនោះបាននិយាយហាក់ស្របគ្នាថាអត់បានត្រៀមចងដៃការសោភា ឡើយ ព្រោះដឹងថាមិនអាចទៅរួច។ប៉ុន្ដែទាំងសោភា និងគូដណ្ដឹងនាងបានអះអាងថាពិធីភ្ជាប់ពាក្យរបស់ពួកគេនៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នោះគឺជាការពិត ព្រោះមានក្រុមគ្រួសារនិងមិត្តភក្ដិជាច្រើនបានធ្វើជាសាក្សី។

ពេជ្រ សោភា អាចនឹងដើរតាមផ្លូវមាស សុខសោភា ពោលគឺព្រោះតែខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងនាងមិនហ៊ានពពោះយកកូនជាមួយលោកសក្កដា បើទោះជាក្នុងចិត្តចង់បានកូនង៉ាយ៉ាងណាក្ដី ហើយបើសិនជានាងពន្យាពេលច្រើនឆ្នាំពេក អាចនឹងប្រឈមកាន់តែពិបាកយកកូនដូចសុខសោភា កំពុងតែបារម្ភនាពេលនេះដែរជាមិនខាន។យ៉ាងណាធ្លាប់មានព័តមានចរចាមអារ៉ាមកាលពីជាង១០ឆ្នាំមុនថាសោភា មានកូនស្រី១ តែនាងមិនដែលទទួលស្គាល់ឬហ៊ានបកស្រាយរឿងមួយនេះម្ដងណាឡើយ។ដោយឡែកសម្រាប់ឆ្នាំ២០២៣ នេះសោភា នៅតែបង្ហាញជំហវាយលុកទីផ្សារចម្រៀងតទៅទៀត ទើបនាងរំសាយមង្គលការចោល ប៉ុន្ដែការធ្វើឲ្យទីផ្សារឡើងខ្លាំងដូចមុនមិនមែនងាយស្រួលសមម្រាប់រូបនាងឡើយ ព្រោះថាសោភា បានបាត់ដៃគូសំខាន់ដល់ទៅ២ អស់ទៅហើយនោះគឺលោកងួន ចាន់ដេវីត និងព្រាប សុវត្ថិ ហើយពេលនេះនាងមិនទាន់ស្វែងរកបានដៃគូណាដែលសាកសមជាមួយនាងនោះទេ បើទោះជាមុននេះនាងបានព្យាយាមលើកស្ទួយលោកសក្កដា តាមរយៈការចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីមួយចំនួនក្ដី ប៉ុន្ដែមិនសូវទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។

ក្រៅពីពេជ្រ សោភា តារាដែលផាត់ចោលមន្រ្ដីធំៗហើយជ្រើសស្នេហ៍ជាអ្នកប្រកបអាជីពដូចគ្នានោះមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,ទេព បូព្រឹក្ស ,ម៉ានីកា ,គង់ ច័ន្ទស្រីមុំ និងសែម ឆវី ជាដើម។អ្នកជំនាញសិល្បៈបានលើកឡើងថាតារាដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នាមានភាគរយខ្ពស់ក្នុងការរក្សារចំណងស្នេហាបានយូអង្វែងជាងយកប្ដីក្រៅសិល្បៈ ខណៈដែលសោភា ពេលនេះនាងមានជីវភាពធូធារខ្លាំង ហេតុនេះការយកស្វាមីក្មេងរូបសង្ហារដូចលោកសក្កដា ធ្វើឲ្យនាងហាក់សម្រេចបានបំណងស្ទើគ្រប់យ៉ាងក្នុងជីវិតក្នុងនោះមានដូចជាជោគជ័យក្នុងអាជីពចម្រៀង,មានលុយ និងបានប្ដីក្មេង។ប៉ុន្ដែការពន្យាពេលរៀបការរបស់នាងនៅឆ្នាំ២០២៣ នេះធ្វើឲ្យនាងប្រឈមរឿងធំ៣នោះគឺទី១៖មិនហ៊ានយកកូន,ទី២៖ស្នេហាអាចមានហានិភ័យ និងទី៣៖អត់ទាន់អាចកប់ដានស្នេហ៍នាអតីតកាល១០០% ៕
