Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ៤ថ្ងៃ ម៉ែប្តឹងប៉ូលិស

បាត់កូនក្រមុំ៤ថ្ងៃ ម៉ែប្តឹងប៉ូលិស

ត្បូងឃ្មុំ ៖ យុវតីរូបស្រស់ម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ដោយប្រាប់ម្តាយថា ទៅរកទិញទឹកផឹក រួចស្រាប់តែបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យក្រុមគ្រួសារភ័យ តាមស្វែងរកអស់រយៈពេល៤ថ្ងៃមកហើយ នៅតែមិនឃើញ ក៏សម្រេចប្រកាសស្វែងរកកូនស្រី និងប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ផង។

យុវតីដែលបាត់ខ្លួន មានឈ្មោះ ហម ដាលីន អាយុ១៩ឆ្នាំ មានលំនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ថ្ងៃចូលឆ្នាំដំបូង ហើយ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ នៅមិនទាន់ឃើញកូនស្រីវិលត្រ ឡប់មកផ្ទះវិញនៅឡើយ។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់ឈ្មោះ ហម ដាលីន បានចាកចេញពីផ្ទះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយបានជិះម៉ូតូ ១គ្រឿងម៉ាកហុង ដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HN-3696 ដោយប្រាប់ម្តាយថា ទៅទិញ ទឹកផឹក តែមិនដឹងជាទៅទីណានោះទេ ហើយទូរស័ព្ទក៏មិនអាចទាក់ទងបាន ធ្វើឱ្យឪពុកម្តាយនិងក្រុមគ្រួសារ មានការភ័យព្រួយយ៉ាងខ្លាំង និងព្យាយាមចែកផ្លូវគ្នាតាមស្វែងរកកូនស្រីដែរ តែមិនមានតម្រុយអ្វីសោះឡើយ។

ស្ត្រីជាម្តាយរបស់យុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញ ឬស្គាល់ក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយទាក់ទងផ្តល់ដំណឹងមករូបគាត់ផងតាមលេខ ទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ០៧១ ៤៤២២ ៦៦៦ ៕

RELATED ARTICLES