Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពេទ្យស្រី បើកឡានបុកប្រុសស្លាប់

ពេទ្យស្រី បើកឡានបុកប្រុសស្លាប់

ពោធិ៍សាត់ ៖ ស្ត្រីជាគ្រូពេទ្យប្រចាំមណ្ឌលសុខភាពម្នាក់ បានបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុល ទៅបុកម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ និងបាត់បង់ជីវិត ក្រោយពី បញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកគ្រូពេទ្យស្រីជាអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៦ព្រលប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ។

បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះ ពន ពុធ អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះសួន សុភា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរជាបុគ្គលិកមណ្ឌលសុខភាពហារទិល ឃុំតាលោ មានលំនៅ ភូមិរំលេច ឃុំរំលេច ស្រុកបាកាន (ក្រោយកើតហេតុបានរត់គេចខ្លួនបាត់)។

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោកសែនជ័យ បានឱ្យដឹងថា ករណីគ្រោះ ថ្នាក់ចរា ចរណ៍នេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាកតូយ៉ួតា កាមរីបាឡែន ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាក លេខ ភ្នំពេញ 2AB-7457 បើកបរដោយឈ្មោះសួន សុភា ជាបុគ្គលិកមណ្ឌលសុខភាពហារទិល ធ្វើដំណើរ ក្នុង ទិសដៅពីលិច ទៅកើត បានបុកជាមួយម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-3244 បើកបរដោយឈ្មោះ ពន ពុធ ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម៉ូតូរង របួសធ្ងន់ បញ្ជូនមកមណ្ឌលសុខភាពតាលោ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ពេក ក៏បាន បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ តែអកុសលបានស្លាប់នៅតាមតាមផ្លូវ។ ចំណែកអ្នកបើកបររថយន្ត បង្កហេតុ បានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

លោកអធិការ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ។ វត្ថុតាងទាំង ២គ្រឿង (រថយន្ត និងម៉ូតូ) ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ជាបណ្តោះ អាសន្ន រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

ដោយឡែក សពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រូសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES