ភ្នំពេញ៖លោកស្រីកញ្ញា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាបច្ចុប្បន្នគាត់កំពុងនៅខ្មែរនៅឡើយ នឹងត្រៀមហោះទៅអាមេរិកវិញក្នុងពេលឆាប់ៗនេះ ប៉ុន្ដែនឹងវិលមកភ្នំពេញជាថ្មីនៅដើមខែ៩ ខាងមុខនេះ ដើម្បីត្រៀមធ្វើសន្និសីទកាសែតទ្រង់ទ្រាយធំដែលមានអ្នកសារព័តមានជាច្រើនចូលរួម ទាក់ទងប្រធានបទលោកមុន្នី ដែលជាកូនរបស់លោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន បានតំណើរការផលិតកម្មនេះឡើងវិញ ក្រោយបិទទ្វារអស់រយៈពេលជាង២០ឆ្នាំ តែមានគេសង្ស័យថាលោកបន្លំភ្នែកមហាជនតាមពិតមិនមែនជាកូនពិតរបស់ម្ចាស់ផលិតកម្មខាងលើ។


លោកស្រីបន្ថែមថាជំនួបជាមួយអ្នកសារព័តមានដែលមានលោកស្រីចាំឆ្លើយឬធ្វើជាសាក្សី បញ្ជាក់ថាលោកមុន្នី ពិតជាកូនរបស់លោកតាធឹង សុន នោះគ្រោងនឹងធ្វើនៅភ្នំពេញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលកម្មវិធីនោះផ្គួបជាមួយការសម្ពោធផលិតផលCollagen ថ្មីដែលអ្នកស្រីនាំមកពីអាមេរិកមកលក់នៅកម្ពុជាផងដែរ។លោកស្រីបានអះអាងថាពេលនេះលោកមុន្នី ដែលគាត់ទុកដូចជាប្អូនប្រុសបង្កើតនោះមិននិយាយច្រើនពាក់ព័ន្ធគេចោទប្រកាន់លោកថាមិនមែនជាកូនលោកតាធឹង សុន នោះទេ ព្រោះអ្វីៗលោកស្រីនឹងឆ្លើយរាល់ចម្ងល់របស់អ្នកសារព័តមាននៅថ្ងៃនោះតែម្ដងដើម្បីឲ្យមហាជនអស់ការសង្ស័យរឿងមួយនេះតទៅទៀត។លោកស្រីកញ្ញា ក៍បានឲ្យដឹងដែរគាត់បានទៅរស់នៅរដ្ឋTexas សហរដ្ឋអាមេរិករយៈពេលជាង៥០ឆ្នាំមកហើយ និងធ្លាប់រាប់អានគ្នាយ៉ាងស្និតស្នាលបំផុតជាមួយលោកធឹង សុន ដែលគ្រួសារគាត់រស់នៅរដ្ឋCalifornia សហរដ្ឋអាមេរិក ដែលបើជិះយន្ដហោះពីផ្ទះលោកស្រីទៅផ្ទះម្ចាស់ផលិតកម្មឆ្លងដែននោះប្រហែលជាង១០ម៉ោងទើបដល់។

លោកស្រីថាបានដឹងរឿងរ៉ាវពីគ្រួសារលោកតាធឹង សុន ច្រើនគូរសមហើយក៍បានចាំថាលោកតាពិតជាផ្ដាំឲ្យលោកមុន្នី បើកផលិតកម្មឆ្លងដែន ឡើងវិញពិតប្រាកដមែន ហេតុនេះលោកស្រីគ្រាន់តែមានចម្ងល់ថាហេតុអីបានជាអ្នកដែលធ្លាប់អះអាងថាជាកូនបង្កើតលោកតានៅអាមេរិកមិនបើកផលិតកម្មឪពុកឡើងវិញ តែបែជាលោកមុន្នី ដែលគេថាមិនមែនជាកូនបង្កើតនេះជាអ្នកទទួលរ៉ាប់រងការងារនេះបន្ដវេនពីលោកធឹង សុន ទៅវិញ?ទោះជាយ៉ាងណាលោកស្រីថាមិនចង់និយាយច្រើនទាក់ទងរឿងជីវិតឯកជនរបស់លោកតាធឹង សុន ទេ ហើយអ្វីៗលោកស្រីនិងលោកមុន្នី នឹងលាតត្រដាងរឿងមួយនេះឲ្យច្បាស់នៅថ្ងៃសន្និសីទកាសែតនៅដើមខែ៩ ខាងមុខនេះតែម្ដង។

គូរបញ្ជាក់ថាលោកធឹង សុន ជាម្ចាស់ផលិតកម្មឆ្លងដែនបានទទួលមរណៈភាពជាច្រើនឆ្នាំហើយហើយនៅអាមេរិក ហើយផលិតកម្មធ្លាប់ល្បីល្បាញនេះក៍បានផ្អាកតំណើរការជាង២០ឆ្នាំដែរ គឺទើបតែនៅចុងឆ្នាំ២០២២ លេចមុខបុរសម្នាក់ឈ្មោះមុន្នី ដែលអះអាងថាលោកជាកូនប្រុសលោកធឹង សុន នឹងស្នងទាយាទឆ្លងដែនពីឪពុកលោក។ក្រោយមានការអះអាងបែបនេះធ្វើឲ្យមហាជននិងអ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈខ្លះមិនជឿរ និងសង្ស័យថាលោកមុន្នី គ្រាន់តែបន្លំខ្លួនជាកូនថៅកែឆ្លងដែនដើម្បីឲ្យល្បីឈ្មោះប៉ុណ្ណោះ។ប៉ុន្ដែពេលនេះលោកស្រីកញ្ញា ដែលប្រាប់ថាជាអ្នកស្និតស្នាលបំផុតម្នាក់ជាមួយលោកធឹង សុន កាលលោកនៅមានជីវិតបានបញ្ជាក់ច្បាស់ៗថាលោកមុន្នី គឺពិតជាកូនម្ចាស់ផលិតកម្មឆ្លងដែនពិតប្រាកដមែន តែនៅពេលអ្នកយកព័តមានយើងសួរថាជាកូនភរិយាទីប៉ុន្មាននោះលោកស្រីថាមិនអាចនិយាយបានទេ ព្រោះចង់ផ្ដល់ចម្លើយសរុបនៅខែ៩ ឆ្នាំ២០២៣៕


