បន្ទាយមានជ័យ ៖ នគរបាលព្រំដែនគោកវរសេនាតូច ៨១៥ បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន៣៩នាក់ ដែល បម្រុងលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជា ការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែន គោក ស្ពានម៉ាឡៃ សហការជាមួយកម្លាំងយោធា បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន៣៩នាក់ (ស្រី១៨នាក់ កុមារ២នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបានឃាត់ខ្លួន មានលំនៅក្នុងខេត្តចំនួន៦ រួមមាន ខេត្តតាកែវ ៤នាក់ ខេត្ត កំពង់ធំ ១៧នាក់ ខេត្តបាត់ដំបង ១១នាក់ ខេត្តបន្ទាយមានជ័យ ៥នាក់ ខេត្តពោធិ៍សាត់ ១នាក់ និងខេត្តប៉ៃលិន ១នាក់។

បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធី៕