កំពង់ធំ ៖ យុវជនទំនើងម្នាក់ តែងដើរលេងផឹកស៊ីជាប្រចាំ មិនដែលគិតគូរជួយធ្វើការងារស្រែចម្ការអ្វីទាំងអស់ លុះឪពុកម្តាយទ្រាំមិនបាន ក៏ស្តីបន្ទោសតិចតួច ស្រាប់តែកូនប្រុសកំណាច ច្រឡោតខឹង ស្ទុះទាញពូថៅគប់ឪ ពុកបង្កើតខ្លួនឯង តែបែរជាត្រូវម្តាយ ត្រង់កណ្តាលខ្នង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកកូនប្រុសកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសគប់ឪ ត្រូវម៉ែនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិអន្លង់ស្លែង ឃុំឈូក ស្រុកប្រាសាទសំបូរ។
ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ វន វ៉ាង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំ ណែក ស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះយ៉ឹម តេង អាយុ៥៧ឆ្នាំ របួសត្រូវខ្នងខាងស្តាំ ១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ម្តាយកូនទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកវរសេនីយ៍ឯក ឃួន វុទ្ធី អធិការនគរបាល ស្រុកប្រាសាទសំបូរ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ថា ករណីខាងលើនេះ បង្កឡើងដោយកូនប្រុសបង្កើត ឈ្មោះ វន វ៉ាង ដែលខឹងសម្បាឪពុកម្តាយ ស្តីបន្ទោស ពីរឿងដើរលេងផឹកស៊ីរាល់ថ្ងៃ មិនជួយធ្វើការងារផ្ទះ ក៏បានតមាត់ជាមួយនឹងឪពុក រហូតឈានដល់ការ ប្រតាយ ប្រតប់គ្នា។ រំពេចនោះ ជនកំណាចជាកូនប្រុស បានស្ទុះទាញពូថៅគប់សំដៅឪពុករបស់ខ្លួន តែបែរជាត្រូវម្តាយ ត្រង់កណ្តាលខ្នង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយពីបង្កហិង្សារួចហើយ ជនសង្ស័យព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ច ចាប់បានទាន់ពេល វេលា។ ដោយឡែកស្ត្រីរងគ្រោះជាម្តាយ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដើម្បី សាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕