ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹង កាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៣ ថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ លោកឧកញ៉ា ជា សារ៉ន រួមនិងបក្ខពួក ៨នាក់ទៀត (សរុប ចំនួន៩នាក់) ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅ នឹងបទឆបោក ដែលធ្វើឱ្យប្រជាពលរដ្ឋលង់ខ្លួនទៅខ្ចីលុយពីស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ ខ្លួន ទៅទិញដីឡូត៍របស់ឧកញ៉ា ជា សារ៉ន ក្នុងទំហំទឹកប្រាក់ប្រមាណ ៤០លានដុល្លារ។

លោកស្នងការខេត្តកំពត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលចាញ់បោកឧកញ៉ា ជា សារ៉ន និងបក្ខពួក មានចំនួន សរុប ២៤៦១គ្រួសារ និងទំហំទឹកប្រាក់សរុបប្រមាណ ៤០លានដុល្លារ។

ជាមួយនេះ លោកស្នងការ បានបង្ហោះរូបភាពឧកញ៉ា ជា សារ៉ន និងបក្ខពួក ទាំង៨នាក់ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន ក្នុងគណនីហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅ មួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០ លានដុល្លារ មានទាំងបងប្អូននៅខេត្តផ្សេងៗទៀត ក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគ ដីឡូត៍ អស់នេះ សូមបងប្អូនផ្សេងៗ ទៀតពិចារណាផង មុននឹងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ…”។

លោកស្នងការ បានបន្ថែមថា “សូមបងប្អូនស្ងប់ចិត្ត និងកុំបារម្ភ សូមជឿទុកចិត្តលើឯកឧត្តមអភិបាលខេត្ត រួម ទាំងស្ថាប័នច្បាប់ ដែលមានឯកឧត្តមព្រះរាជអាជ្ញា និងឯកឧត្តមប្រធានសាលាដំបូងខេត្ត នឹងរកយុត្តិធម៌ជូន បងប្អូន ចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ…”។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ បានគូសបញ្ជាក់ថា នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន ២៤៦១នាក់ ស្រី៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួន ទៅដាក់វិនិយោគជាមួយក្រុម ជា សា រ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ ប្រចាំខែ ទៅតាមចំនួនប្រាក់ដែល ប្រជាពលរដ្ឋបានវិនិយោគជាមួយ ក្រុមហ៊ុន មានចំនួនទឹកប្រាក់កម្ចី សរុប ៤០ ៥៨២ ២២៥ដុល្លារ និង ៨៨លានរៀល ក្នុងនោះចំនួនទឹកប្រាក់ផ្ទាល់ ខ្លួនសរុប ១ ១២០ ២៣៧ដុល្លារ និងចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន ៣៨ ៧៩៤ ២៥៩ដុល្លារ និង ១០២ ៤០០ ០០០រៀល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមាន បញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា ធ្វើឱ្យពលរដ្ឋដែលជាអ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូត៍ ពិសេសអ្នកទៅខ្ចីលុយធនាគារ មកឱ្យក្រុម ហ៊ុន ដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារ ដោះស្រាយមិនរួច។

ការសម្របសម្រួលដោះស្រាយនេះ បានប្រព្រឹត្តធ្វើឡើងនៅបរិវេណវត្តអង្គឈូក ឃុំឈូក ស្រុកឈូក ហើយ ជាលទ្ធផល ៖
១-ក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវទទួលយកនូវបន្ទុកបំណុលដែលប្រជាពលរដ្ឋទៅខ្ចីពីអ្នកមានលុយ យកទៅឱ្យ ក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ។

២- អចលនទ្រព្យរបស់ប្រជាពលរដ្ឋដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនទ្រព្យរបស់ប្រជាពលរដ្ឋ ហើយត្រូវបង្វិល អចលន ទ្រព្យរបស់ប្រជាពលរដ្ឋ ជូនប្រជាពលរដ្ឋវិញ។
៣- អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉ន គ្រុប សុំពេល១ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវថា តើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឱ្យ គាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូន ប្រជាពល រដ្ឋវិញ។

៤- ប្រជាពលរដ្ឋដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៍នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ ក្រុមហ៊ុន ជា សារ៉ន គ្រុប ដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។

៥- លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យមេធាវីខេត្ត តំណាងឱ្យប្រជាពលរដ្ឋ ដើម្បីដាក់ពាក្យស្នើទៅ ម្ចាស់ លុយទាំងអស់ សុំពន្យារក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឱ្យក្រុមហ៊ុន ជា សារ៉ន គ្រុប ជាអ្នកទទួលខុសត្រូវ ហើយមិនឱ្យមកទារប្រជាពលរដ្ឋតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉ន គ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់។

តាមប្រជាពលរដ្ឋដែលជាអតិថិជនក្នុងទំនាស់នោះ បានប្រាប់ឱ្យដឹងថា ពួកគាត់លង់ជឿងប់លើក្រុមហ៊ុន ដោយ សារមានអ្នកអូសទាញ (បុគ្គលិកក្រុមហ៊ុន ជា សារ៉ន) ទើបបាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ ១ម៉ឺនដុល្លារ ត្រូវបង់ឱ្យក្រុមហ៊ុន តែ៧ពាន់ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សង ធនាគារ ទាំងអស់។ ប៉ុន្តែរយៈពេល ២ទៅ៣ខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឱ្យខាងធនាគារ មកទា លុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ ទើបផ្ទុះរឿងឡើងតែម្តង៕
