បន្ទាយមានជ័យ ៖ ជនសង្ស័យជាជាងជួសជុលរថយន្តម្នាក់ បានបែកគំនិតលួចរថយន្តទំនើប ១គ្រឿង ដែល ម្ចាស់បានយកមកដាក់ឱ្យជួសជុលនៅក្នុងហ្គារ៉ាស់ថៅកែរបស់ខ្លួន រួចព្យាយាមបើកគេចចេញពីរាជធានីភ្នំពេញ សំដៅទៅខេត្តបន្ទាយមានជ័យ ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចរថយន្តខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចយានដ្ឋាន ជួស ជុលរថយន្ត១កន្លែង ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមត្ថ កិច្ចស្ទាក់បង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចឃុំរហាល ស្រុកព្រះនេត្រព្រះ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយអនុវត្តន៍តាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ផល រីរុំ អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្តធ្វើ ការនិងស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ១កន្លែង ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាង ដកហូតបាន រថយន្ត ១គ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2BT-5818 មានម្ចាស់ឈ្មោះទូ គីម។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា មុន ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ផល រីរុំ គឺជាជាងជួសជុលរថយន្ត បានលួចរថយន្តខាងលើ ពីការ៉ាស់រថយន្តរបស់ ឈ្មោះស៊ីម ពិសិដ្ឋ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបើករត់គេចខ្លួន។
ម្ចាស់រថយន្តរងគ្រោះឈ្មោះទូ គីម ក្រោយពីទទួលបានព័ត៌មានថា ចោរលួចរថយន្ត ក៏បានទៅប្តឹងសមត្ថកិច្ចឱ្យ ជួយ អន្តរាគមន៍ ទីបំផុតជនសង្ស័យក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្ទាក់ឃាត់ បានសម្រេចទាំងជនសង្ស័យ និងរថយន្តនៅលើកំណាត់ផ្លូវជាតិ លេខ៦ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ បន្ទាប់ ពីបានចូលចាក់សាំងនៅហ្គារ៉ាស់សាំងមួយកន្លែង រួចបើករត់ មិនឲ្យលុយ។

ក្រោយសួរនាំ ជនសង្ស័យរួមជាមួយរថយន្ត ត្រូវបានប្រគល់ជូនទៅឱ្យកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌឬស្សី កែវ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕