មណ្ឌលគិរី ៖ ស្ត្រីជាជាងអ៊ុតសក់ សាឡនម្នាក់ ត្រូវបានបុរសជាខ្មាន់កាំភ្លើងម្នាក់ លបបាញ់ប្រហារ ១គ្រាប់ ត្រូវចំត្រង់ដើមទ្រូង (ដោះ) បៀមគ្រាប់ជាប់ស្លាបប្រចៀវ រងរបួសយ៉ាងធ្ងន់ ចំណែកជនដៃដល់បានរត់គេច ខ្លួនបាត់ភ្លាមៗ ដែលករណីនេះ ត្រូវបានសង្ស័យថា អាចផ្តើមចេញពីភ្លើងប្រចណ្ឌ។
ករណីលបបាញ់ប្រហារស្ត្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទ្ងី២៤ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចចម្ការស្រល់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ស្ត្រីរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងលបបាញ់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះ ចន សុវណ្ណណេត ហៅ ហ្សា អាយុ២៥ឆ្នាំ មុខរបរជាជាងអ៊ុតសក់ (សាឡន) មានលំនៅ ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុង ស្ទឹងសែន។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវបានសាក្សី អះអាងថា មានឈ្មោះ រស់ ពុទ្ធា ហៅក្របី ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរជាអ្នករកស៊ី មានលំនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ថាមានករណីលប បាញ់ប្រហារស្ត្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់។ ភ្លាមនោះលោកអធិការនគរបាលក្រុងសែនមនោរម្យ បានដឹក នាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់។

ប្រភពដដែល បញ្ជាក់ថា តាមស្ថានភាពជាក់ស្តែង ស្ត្រីរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ ១គ្រាប់ ដោយអាវុធខ្លី ចំដើម ទ្រូងខាងស្តាំ ក្បាលគ្រាប់បៀមនៅក្រោមស្លាបប្រចៀវ និងរបួសបញ្ឆិតដើមដៃ ហើយត្រូវក្រុមគ្រួសារដឹកទៅ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

ដោយឡែក តាមប្រភពពីសាក្សី បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនដៃដល់ ឈ្មោះ រស់ ពុទ្ធា ហៅក្របី ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នករកស៊ី មានលំនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ករណីនេះ នៅមិនទាន់ដឹងពីមូលហេតុដែលខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើស្ត្រីរងគ្រោះ នៅឡើយទេ ខណៈ ដែល សមត្ថកិច្ច នៅមិនទាន់អាចសាកសួរស្ត្រីរងគ្រោះបាននៅឡើយ ដោយសារស្ត្រីរងគ្រោះ កំពុងស្ថិតក្នុង ការសង្គ្រោះបន្ទាន់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងបន្តការស្រាវជ្រាវ និងតាមរកចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយក មកផ្តន្ទាទោសតាមផ្លូវច្បាប់៕