កំពត ៖ អភិបាលរងក្រុងបូកគោ លោកគឹម បញ្ញា ដែលបានប្រើអំពើហិង្សា វាយដំប្រពន្ធយ៉ាងឃោរឃៅ រហូតប្រពន្ធទ្រាំលែងបាន ទម្លាយរឿងប្តីវ៉ៃប៉ោងមុខ ផ្អើលបណ្តាញសង្គម ទទូចសុំឱ្យអន្តរាគមន៍ពីថ្នាក់ដឹកនាំនោះ ត្រូវបានសមត្ថកិច្ចជំនាញសម្រេចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ តាមបញ្ជាព្រះរាជអាជ្ញា បន្ទាប់ពីជននេះបានចូលខ្លួនទៅកាន់អធិការដ្ឋានក្រុងកំពត ដើម្បីឆ្លើយបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ច ហើយសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យរូបនេះ ទៅតុលាការ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ។

បុរសដែលបានប្រើអំពើហិង្សាលើស្ត្រីជាប្រពន្ធរបស់ខ្លួននោះ មានឈ្មោះគឹម បញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះម៉ាត់ លក្ខិណា មានលំនៅក្នុងភូមិដើមអម្ពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ថា ក្រោយធ្វើការសាកសួរបំភ្លឺ និងទទួលបណ្តឹងពីភរិយាលោកគឹម បញ្ញា អភិបាលរងក្រុងបូកគោ សមត្ថកិច្ចបានសុំគោលការណ៍ទៅលោកម៉ៅ ធនិន អភិបាលខេត្តកំពត និងដោយបានគោលការណ៍ណែនាំពីព្រះរាជអាជ្ញា នៃអយ្យការអនសាលាដំបូងខេត្ត សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនលោកគឹម បញ្ញា ដើម្បីបន្តនីតិវិធីទៅតុលាការ ពាក់ព័ន្ធករណីហិង្សាលើភរិយា។

លោកស្នងការនគរបាលខេត្តកំពត បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា “អំពើហិង្សា មិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាក្នុងគ្រួសារនោះទេប្អូន ទោះបីយើងជាមន្ត្រីរាជការដូចគ្នា បងត្រូវតែអនុវត្តតាមផ្លូវច្បាប់។ នៅវេលាថ្ងៃស្អែក យើងនឹងបញ្ជូនសំណុំរឿងរបស់លោកគឹម បញ្ញា ទៅតុលាការ ពាក់ពន្ធ័ករណីហិង្សាលើភរិយា កន្លងមក…”។

គួរបញ្ជាក់ថា រឿងរ៉ាវដ៏អាស្រូវរបស់លោកគឹម បញ្ញា អភិបាលរងក្រុងបូកគោ ដែលបានប្រើអំពើហិង្សាវាយដំប្រពន្ធយ៉ាងឃោរឃៅ ត្រូវបានបែកធ្លាយ កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីស្ត្រីរងគ្រោះ ជាភរិយាអភិបាលរងក្រុងនេះ បានទម្លាយរូបភាព និងវីដេអូ និងសំណេរតាមបណ្តាញសង្គម នូវសកម្មភាពហិង្សារបស់ប្តី មកលើខ្លួនជាប្រពន្ធ ធ្វើឱ្យមានការចែករំលែកព្រោងព្រាត ពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក។

ស្ត្រីរងគ្រោះជាប្រពន្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន បង្ហាញនូវរបួសស្នាមលើផ្ទៃមុខរបស់ខ្លួន និងរូបភាពកិច្ចសន្យារបស់បុរសជាប្តី ចំនួន២សន្លឹក ដោយ ១សន្លឹក ធ្វើនៅចំពោះមុខមេធាវី និង១សន្លឹកទៀត ធ្វើនៅចំពោះមុខចៅសង្កាត់ បញ្ជាក់ពីការសន្យារបស់ខ្លួនថា ឈប់ប្រព្រឹត្តអំពើហិង្សាលើប្រពន្ធ។ ជាមួយនេះ ស្ត្រីជាប្រពន្ធ បានបង្ហោះវីដេអូឃ្លីប ចំនួន៣ ដែលបង្ហាញពីជម្លោះ និងអំពើហិង្សា ដែលបុរសជាប្តី បានបង្កមកលើខ្លួនថែមទៀតផង។

ស្ត្រីជាប្រពន្ធ បានសរសេរថា “នាងខ្ញុំឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះគឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការ ស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយនិងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សាដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូប និង video ទាំងនេះ ដើម្បីឱ្យបងប្អូននិងមហាជន ជួយរកយុត្តិធម៌មកលើរូបនាងខ្ញុំផង។ សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះ វាសមនឹងជាអ្នកដឹកនាំទេ? (អភិបាលរងក្រុងបូកគោ)។ ហេតុដូចនេះ សូមបងប្អូន អ៊ំពូមីងទាំងអស់ ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូអភិបាលខេត្តកំពត បានជ្រាប និងជួយរកយុត្តិធម៌មកកាន់នាងខ្ញុំ។ នាងខ្ញុំសូមអរគុណ…”៕



