សៀមរាប ៖ ក្មេងទំនើងឈាមរាវ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែកឃើញកាំបិត ១ដើម ដែលក្មេងស្ទាវទាំង២នាក់ លាក់ទុកតាមខ្លួន នៅពេលដើរលេងយប់។
ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចកែងកេសរកូល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ក្មេងទំនើងទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះម៉ែត ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិព្រៃជ្រូក ស្រុកពួក និងទី២-ឈ្មោះផាត សុខា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិស្វាយ ស្រុកពួក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍ និងតម្រួត បទបញ្ជា បានចេញល្បាត ស្រាប់តែបានប្រទះឃើញយុវជន ២នាក់ នៅត្រង់ចំណុចកែងកេសរកូល (ក្បែរក្លឹប កម្សាន្ត) ១កន្លែង ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប គួរឱ្យសង្ស័យ ក៏បានចូលទៅសាកសួរ និងធ្វើការឆែកឆេរ ស្រាប់តែប្រទះឃើញកាំបិត ១ដើម ដែលយុវជនទាំង ២នាក់ បានលាក់ទុកតាមខ្លួនទើប ធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់ យកមកសាកសួរតែម្តង។
ក្នុងពេលឃាត់ខ្លួន កម្លាំងអន្តរាគមន៍ដកហូតបានកាំបិត ចំនួន១ដើម និងម៉ូតូ ចំនួន១គ្រឿង រួចប្រគល់ឱ្យកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕