កំពត ៖ បុរសម្នាក់ បានធ្វើសកម្មភាពយកកាំភ្លើងវែង ១ដើម បាញ់ប្រហារបងថ្លៃស្រី និងបងស្រីជីដូន មួយម្នាក់ ទៀត បណ្តាលឱ្យស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម បន្ទាប់មកបានបាញ់សម្លាប់ខ្លួនតាមក្រោយ តែមិន ស្លាប់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីបាញ់សម្លាប់មនុស្ស ២នាក់ និងបាញ់សម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខាងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ។

ជនដៃដល់ជាឃាតករ ដែលបាញ់សម្លាប់បងថ្លៃស្រី និងបងជីដូនមួយ បណ្តាលឱ្យស្លាប់ទាំងពីរនាក់នោះ មាន ឈ្មោះឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះទាំង២នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ខាងលើ ទី១-ឈ្មោះនួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូ បង្រៀន មានលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវបងជីដូនមួយរបស់ជនសង្ស័យ និងទី២-ឈ្មោះអៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវជាបងថ្លៃរបស់ជនសង្ស័យ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបាន ព័ត៌មានថា មានករណីឃាតកម្ម កើតឡើងនៅចំណុចខាងលើភ្លាម លោកបានបញ្ជាកម្លាំងជំនាញ នៃស្នងការ ដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុក អង្គរជ័យ បានចុះដល់កន្លែងកើតហេតុជាបន្ទាន់។

លោកស្នងការ បានបន្តថា ពេលកម្លាំងជំនាញចុះទៅដល់ ក៏បានពិនិត្យឃើញថា ជនសង្ស័យឈ្មោះឡាយ សំ អាត ហៅចែម បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃស្រី និងបងស្រីជីដូនមួយ ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មក បានព្យាយាមធ្វើអត្តឃាត ដោយបាញ់ខ្លួនឯង ចំនួន១គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្នត្រូវបានសមត្ថកិច្ចដឹកតាមរថយន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកជនរងគ្រោះទាំងពីរនាក់ ទី១-ឈ្មោះនួន សុខា ត្រូវជាបងជីដូនមួយជនសង្ស័យ រងរបួស២គ្រាប់ស្លាប់ នៅនឹងកន្លែង។ និងទី២-ឈ្មោះអៀង ស៊ុន ត្រូវជាបងថ្លៃជនសង្ស័យ រងរបួសចំនួន២គ្រាប់ និងបានស្លាប់នៅ ពេលដឹកតាមរថយន្តសង្គ្រោះ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

លោកស្នងការ បានបញ្ជាក់ថា តាមការសាកសួរជំហានដំបូង មូលហេតុដែលជនសង្ស័យឈាន ដល់ការបាញ់ សម្លាប់បងស្រីទាំង២នាក់នេះ ដោយសារមានគំនុំនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជា មុខសញ្ញា ដែលប្រើប្រាស់គ្រឿងញៀនផងដែរ។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕


