Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប្រើម៉ែមិនបាន ដុតផ្ទះចោល

ខឹងប្រើម៉ែមិនបាន ដុតផ្ទះចោល

ភ្នំពេញ ៖ កូនប្រុសចិត្តភ្លើងម្នាក់ បានប្រើម្តាយឱ្យទៅទិញភេសជ្ជ: យកមកឱ្យខ្លួនផឹក លុះម្តាយមិនព្រមទៅ ទិញឱ្យ ក៏ផ្ទុះកំហឹង រករឿងឈ្លោះប្រកែកជាមួយម្តាយ រួចធ្វើសកម្មភាពដុតផ្ទះចោលបង្កឱ្យឆាបឆេះផ្អើល ដល់អ្នកជិតខាងជួយពន្លត់ទាន់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះម៉ែចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនឿន រស្មី ភេទប្រុស អាយុ៣១ឆ្នាំ  មុខរបរមិនពិត ប្រាកដ។ ចំណែកស្ត្រីជាម្តាយ មានឈ្មោះសូ ម៉ៅ អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ។ ក្រុមគ្រួសារខាងលើ មានលំ នៅក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះនឿន រស្មី បានប្រើម្តាយរបស់ ខ្លួន ឱ្យទៅទិញភេសជ្ជ:  ១កំប៉ុង មកឱ្យខ្លួនផឹក ប៉ុន្តែស្ត្រីជាម្តាយ មិនព្រមទៅទិញឱ្យ ជាហេតុធ្វើឱ្យ ជនសង្ស័យ ជាកូនប្រុស ខឹងសម្បា ក៏រករឿងឈ្លោះប្រកែកជាមួយម្តាយ តែស្ត្រីជាម្តាយ មិនចង់មានរឿងវែងឆ្ងាយ ក៏ក្រោក ដើរចេញទៅ ធ្វើឱ្យកូនប្រុសកំណាច ខឹងសម្បាកាន់តែខ្លាំង ក៏យកចង្ក្រានហ្គាស់ និងកំប៉ុងហ្គាស់ ដុតកម្ទេច សម្ភារៈមួយចំនួននៅក្នុងផ្ទះ រួចដើរទៅដេកលើអង្រឹងក្រោមផ្ទះ។

ប្រភពដដែល បន្តថា លុះបន្តិចក្រោយមក ស្ត្រីជាម្តាយឮសូរសំឡេងផ្ទុះកំប៉ុងហ្គាស់ ក៏រត់មកមើល ស្រាប់តែ ឃើញភ្លើងកំពុងឆេះចេញពីក្នុងបន្ទប់ដេករបស់កូន ក៏ស្រែកឱ្យអ្នកជិតខាងជួយពន្លត់ភ្លើង រហូតរលត់ទៅវិញ ទាន់ពេល ដោយគ្រាន់តែបង្កឱ្យមានការខូចខាត រួមមាន ឆេះគ្រែឈើ ចំនួន១ ពូក ចំនួន១ ភួយ ព្រមទាំង សម្ភារៈមួយចំនួនទៀត។ បន្ទាប់មក ដោយទ្រាំនឹងទង្វើកូនប្រុសនេះតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ បានរាយការណ៍ប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះ អន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះនឿន រស្មី នាំយកទៅសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកចង្ក្រាន ហ្គាស់ដុតផ្ទះ និងទ្រព្យសម្បត្តិរបស់ម្តាយ ប្រាកដមែន មូលហេតុដោយសារខឹងម្តាយ ប្រើមិនបាន (មិនព្រមទិញ ភេសជ្ជៈ ឱ្យខ្លួនផឹក)។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES