Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាតករសម្លាប់កាត់ក្បាល ៧ថ្ងៃស្លាប់តាមសង្សារ

ឃាតករសម្លាប់កាត់ក្បាល ៧ថ្ងៃស្លាប់តាមសង្សារ

ភ្នំពេញ ៖ ជនដៃដល់ជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ កាត់ក្បាលនារីជាសង្សារ ក្នុងបន្ទប់ ជួល នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលា ម៉ោង ១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅក្នុងផ្ទះណាក់មួយកន្លែង ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់ពីជនសង្ស័យជាឃាតករនេះ  បានរត់គេចមកសម្ងំលេបថ្នាំសម្លាប់ខ្លួននោះទីបំ ផុតក្រោយពីសពនារីជាសង្សារ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ ៧ថ្ងៃរួច ជនសង្ស័យជាឃាតករ ក៏បានដាច់ខ្យល់ ស្លាប់តាមនារីរងគ្រោះដែរ ក្រោយពីត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី នារាជធានីភ្នំពេញ។

ជនសង្ស័យជាឃាតករ ដែលសម្លាប់កាត់ក្បាលនារីរងគ្រោះ រួចព្យាយាមលេបថ្នាំសម្លាប់ខ្លួននោះ មានឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុក កំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់ នៅបន្ទប់ជួល ក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ទីតាំងកើតហេតុ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយធ្វើសកម្មភាពសម្លាប់ កាត់ក្បាលនារីរងគ្រោះ នៅឯក្រុងបាវិត ខេត្តស្វាយរៀង រួចមក មុខសញ្ញាជនសង្ស័យ បានរត់គេចខ្លួនទៅខេត្តព្រះវិហារ។  បន្ទាប់មក សមត្ថកិច្ចខេត្តព្រះ វិហារ បានទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់សមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ «កុលាបបីទង» ឈ្មោះ ស៊ឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិកំពង់ស្រឡៅ  ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ថាមានបុរសម្នាក់ បានចូលមកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ស្នាក់នៅ រួចបានលេបថ្នាំសម្លាប់ ខ្លួន។ ភ្លាមនោះ កម្លាំងសមត្ថកិច្ច ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរ បាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញជនសង្ស័យ បានលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែនៅមានដង្ហើម ទើបសមត្ថកិច្ចប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ភ្លាមៗ តែមិនទាន់អាចសាកសួរអ្វីបាននៅឡើយ ដោយសារជនសង្ស័យ ស្ថិតក្នុងស្ថានភាព សង្គ្រោះបន្ទាន់។ ពេលនោះ សមត្ថកិច្ចបានរាយការណ៍ជូនលោក ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តព្រះវិហារ ហើយដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការឃាត់ ខ្លួនមុខសញ្ញាខាងលើ នៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំបន្តនីតិវិធី។

តាមការបញ្ជាក់ពីសមត្ថកិច្ច នៅលើខ្លួនជនសង្ស័យ មានស្នាមសាក់ឈ្មោះរបស់ជនសង្ស័យ និងឈ្មោះនារីរង គ្រោះ (HOUR & MEY) និងថ្ងៃផ្តើមស្នេហ៍របស់ពួកគេ (25-03-2022) នៅដើមដៃខាងឆ្វេងរបស់ជនសង្ស័យ ។

តាមប្រភពព័ត៌មាន ឲ្យដឹងថា ជនសង្ស័យជាឃាតករ ដោយសារស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) តែដោយមច្ចុរាជមិនអាចទុកជីវិតបាន ទើបជនសង្ស័យនេះ បាន ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

សពជនសង្ស័យជាឃាតករខាងលើ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យ នៅវត្តគោកបញ្ជាន់ ក្នុងសង្កាត់ ចោម​ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើង នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយនារីវ័យក្មេង រូបស្រស់ម្នាក់ ជាបុគ្គលិកកាស៊ីណូ ត្រូវបានប្រទះ​ឃើញដេកស្លាប់ក្នុងបន្ទប់ និងមានស្ថានភាពគួរឱ្យរន្ធត់បំផុត ដោយសាកសពនារីរងគ្រោះ អាក្រាតននលគក​នៅ​លើពូក និងត្រូវបានឃាតករដៃឆៅ កាត់ក្បាលដាច់ចេញពីដងខ្លួន យកទៅបោះចោលនៅក្នុងបន្ទប់ទឹក។

លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មាន​ខាងលើ​ភ្លាម កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងឃើញថា នៅទីតាំងកើតហេតុ សាកសពមានសភាពអាក្រាតកាយ ដេកផ្កាប់មុខនៅលើពូក ដោយដាច់ក្បាលចេញពីដង​ខ្លួន និងមានឈាមដាបពេញពូក និងប្រឡាក់ពេញក្នុងបន្ទប់។ លុះក្រោយពេលពិនិត្យក្នុងបន្ទប់កើតហេតុ​បន្ត​ទៀត សមត្ថកិច្ចបានរកឃើញក្បាលរបស់នារីរងគ្រោះ ដែលត្រូវបានជនដៃដល់ជាឃាតករ កាត់ផ្តាច់ចេញពីដង​ខ្លួន យកទៅបោះចោលនៅក្នុងបន្ទប់ទឹក។ ជាមួយនេះ សមត្ថកិច្ច បានរកឃើញកាតចាក់វ៉ាក់សាំង ១សន្លឹក អត្ត​សញ្ញាណប័ណ្ណ ១សន្លឹក ព្រមទាំងកាតការងារ ១សន្លឹក ដែលមានឈ្មោះ ម៉ន ស្រីម៉ី ដូចគ្នា (ជារបស់នារី​រង​គ្រោះ)​។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកមកកាន់ស្រុកកំណើត ឯស្រុក​​កៀនស្វាយ ខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិព្រឹក្ស ក្បែរផ្ទះរបស់នារីរង​គ្រោះ ហើយសពត្រូវបានបូជា នៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ៕

RELATED ARTICLES