ខេត្តសៀមរាប ៖ ករណីឃាតកម្មដ៏សាហាវ ព្រៃផ្សៃ នៅរាត្រីឆ្លងឆ្នាំសាកល២០១៧ នា ខេត្តសៀមរាប ដែលជនសង្ស័យជាឃាតករ ដៃឆៅ បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំមិត្តភក្តិ រួមការងារ៣នាក់ឱ្យសន្លប់ រួចទាញពូថៅកាប់ ដាច់ក បណ្តាលឱ្យបុរស២នាក់ស្លាប់ក្នុងថ្លុកឈាម និងស្ត្រីម្នាក់ រងរបួសធ្ងន់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ ជួលមួយកន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប នោះ ជនសង្ស័យត្រូវ បានសមត្ថកិច្ច តាមចាប់ខ្លួនបានហើយ កាលពី ល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅក្នុង ភូមិសាស្ត្រស្រុកជីក្រែង។
ជនសង្ស័យជាឃាតករដៃឆៅ ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ មានឈ្មោះជា សុខជៀន អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន ពហិភ មានស្រុកកំណើតនៅឃុំស្វាយជ្រំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាប បានដឹងថា ប្រតិបត្តិការតាមចាប់ជនដៃដល់ជា ឃាតកររូបនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងកម្លាំងពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ល្អ ដែលបានរាយការណ៍ពីតម្រុយមុខសញ្ញា និង ទីតាំងលាក់ខ្លួន បន្ទាប់ពីបានស្គាល់អត្តសញ្ញាណ របស់ជនសង្ស័យ តាមរយៈនារីរងគ្រោះដែល បានរួចរស់ជីវិតពីអំពើឃាតកម្មនោះ។
លោកភឿង ចិន្តារ៉េត ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តសៀមរាប ដែលដឹកនាំប្រតិបត្តិការខាងលើ បានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានបែងចែកជា៣ក្រុម ដោយ ១ក្រុម សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ ១ក្រុមទៀត សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវនៅកំពង់ឆ្នាំង និង១ក្រុមទៀត ស្រាវជ្រាវនៅក្នុងខេត្តសៀមរាបតែម្តង។ ទីបំផុត សមត្ថកិច្ចក៏ឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ ជាឃាតករបាន នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ខណៈជនសង្ស័យកំពុងជិះរថយន្ត តាក់ស៊ីធ្វើដំណើរតាមផ្លូវជាតិលេខ៦ បំណង គេចខ្លួនឆ្ពោះទៅស្រុកកំណើតឯខេត្តកំពង់ឆ្នាំង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឃាតករ បានឆ្លើយសារភាពថា រូបគេពិតជា បានកាប់សម្លាប់មិត្តភក្តិរួមការងារទាំង៣នាក់ នោះមែន ដោយសារគំនុំរឿងជនរងគ្រោះបង្ខំ ទារលុយជាថ្នូរនឹងការជួយឱ្យរូបគេបានចូល ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា។
ជនសង្ស័យបានបន្តថា ដំបូងឡើយរូបគេ និងជនរងគ្រោះ បានស្គាល់គ្នាតាមហ្វេសប៊ុក រួចជនរងគ្រោះបានប្រាប់រូបគេឱ្យចូលធ្វើការ ក្នុងក្រុមហ៊ុនជាមួយគ្នានោះ។ លុះរូបគេបាន ចូលធ្វើការក្នុងក្រុមហ៊ុននោះ បានបង្ខំឱ្យគេបង់ លុយចំនួន២ពាន់ដុល្លារ ទោះបីគេប្រាប់ថា គ្មាន ក៏ជនរងគ្រោះបង្ខំទារលុយមិនឈប់ ទើបធ្វើ ឱ្យរូបគេខឹងសម្បា និងមានគំនុំជាមួយជនរងគ្រោះទាំង៣នាក់ រហូតរៀបគម្រោងសម្លាប់ ជនរងគ្រោះតែម្តង ដោយនៅយប់កើតហេតុ នោះ រូបគេបានលួចដាក់ថ្នាំសណ្តំក្នុងទឹកឱ្យ ជនរងគ្រោះទាំង៣នាក់ផឹក បណ្តាលឱ្យសន្លប់។ បន្ទាប់មក ក៏ទាញពូថៅដែលលាក់ទុកក្រោម គ្រែ មកកាប់សម្លាប់ជនរងគ្រោះទាំង៣នាក់ រួចរត់គេចខ្លួនតែម្តង តែទីបំផុត នៅតែសមត្ថកិច្ចតាមចាប់ខ្លួនបាន។
បន្ទាប់ពីចាប់ខ្លួន នាំមកសាកសួររួចមក នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ សមត្ថ– កិច្ចបាននាំខ្លួនជនសង្ស័យជាឃាតករ មកបង្ហាញ កន្លែងដែលជននេះបានយកពូថៅដែលជាវត្ថុតាងនៃអំពើឃាតកម្មនោះ មកបោះចោលបន្ទាប់ ពីឃាតករដៃឆៅនេះ បានធ្វើសកម្មភាពកាប់ សម្លាប់ជនរងគ្រោះរួចមកនៅគល់ស្ពានព្រៃប្រស់ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គួររំលឹកថា កាលពីវេលាម៉ោង៤និង១០ នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតមានឡើង នៅចំណុចបន្ទប់ជួលមួយ កន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយមនុស្សប្រុសស្រី៣ នាក់ តែត្រូវបានជនជាឃាតករដៃឆៅ កាប់ដាច់ក ស្លាប់បុរស២នាក់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។ ចំណែកស្ត្រីម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ ត្រង់ ផ្ទៃមុខ និងក ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
បុរសរងគ្រោះទាំង២នាក់ ដែលត្រូវឃាត– ករកាប់ដាច់កស្លាប់ក្នុងថ្លុកឈាមនោះ ទី១–ឈ្មោះឃុយ សុឃឹន អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអាហារបំប៉នរបស់ថៃ ពហិភ មានស្រុកកំណើតនៅភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត និងទី២–ឈ្មោះវេត រដ្ឋា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារ បំប៉នរបស់ថៃ ពហិភ មានស្រុកកំណើតនៅភូមិ គោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ។ ចំណែកស្ត្រីរងគ្រោះ ដែលទទួល រងរបួសធ្ងន់ មានឈ្មោះឡេង ស្រីពៅ អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន របស់ថៃ ពហិភ មានស្រុកកំណើតនៅភូមិកា– រ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះទាំង៣នាក់ សព្វថ្ងៃស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិ–សង្កាត់កើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះប៉ូច ធិន ភេទស្រី អាយុ ៥២ឆ្នាំ មានលំនៅក្នុងក្រុមទី៦ ភូមិ–សង្កាត់ កើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះឈ្មោះឡេង ស្រីពៅ បានរៀបរាប់ប្រាប់ថា ជនដៃដល់ជាឃាតករ មានឈ្មោះជា សុជៀន អាយុ២៣ឆ្នាំ ធ្វើការ ជាមួយគ្នា(ទើបនឹងធ្វីការបានជាង១ឆ្នាំប៉ុណ្ណោះ)។ មុននឹងធ្វើសកម្មភាពកាប់សម្លាប់ពួកនាងទាំង ៣នាក់ ជនដៃដល់ជាឃាតករ បានដាក់ថ្នាំសណ្តំ នៅក្នុងទឹកឱ្យពួកនាងទាំង៣នាក់ផឹក រហូតសន្លប់ ទើបជនសង្ស័យបានចាប់អារកនិងកាប់សម្លាប់ ពួកនាងទាំង៣នាក់តែម្តង។ ចំណែកនាង មូលហេតុដែលនៅអាចមានជីវិតរស់ ដោយសារ តែនាងធ្វើពុតជាស្លាប់ បន្ទាប់ពីជនសង្ស័យបាន កាប់នាងឱ្យរងរបួស។
ទោះជាយ៉ាងណា ករណីឃាតកម្មដ៏សាហាវ ខាងលើនេះ ទីបំផុត ឈាមស្រែកស្បែកហៅ ទោះបីឃាតករដៃឆៅព្យាយាមរត់គេចខ្លួន យ៉ាងណាក៏សមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន បាន យកមកផ្តន្ទាទោសតាមច្បាប់៕ ច័ន សុភាព