កណ្តាល ៖ ស្ត្រីម្នាក់ បានក្រោកពីដេក នៅវេលាទៀបភ្លឺ រៀបចំលក់ដូរ រួចក៏ចូលទៅងូតទឹកក្នុងបន្ទប់ទឹក នៃបន្ទប់ ជួលរបស់ខ្លួន លុះចោមពុងកន្សែងពោះគោ បើកទ្វារបន្ទប់ទឹកមកក្រៅ ប្រទះឃើញបុរសម្នាក់ មិនដឹងជាលបចូល ក្នុងបន្ទប់តាំងពីថ្មើរណា បានស្ទុះមកសង្គ្រប់ ឱបថើប ប្រុងចាប់រំលោភ តែត្រូវស្ត្រីរងគ្រោះស្រែកឆោឡោ ធ្វើឱ្យ ជនសង្ស័យភ័យ រត់គេចខ្លួន តែមិនបានប៉ុន្មាន ត្រូវសមត្ថកិច្ចតាមចាប់ក្របួចជាប់ នាំយកមកចាត់ការតាមច្បាប់។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលប៉ុនប៉ងរំលោភស្រី តែមិនបានសម្រេច និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះវ៉ាង លាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុក កណ្តាល ស្ទឹង។ រីឯវត្ថុតាងចាប់យក រួមមាន កូនកាំបិតចុងស្រួច ចំនួន១ និងស្បែកជើងផ្ទាត់ពណ៌ខៀវ ចំនួន១គូ។ ចំណែក ស្ត្រីរងគ្រោះ មានអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះ បានក្រោកពីដេក រួចដាំទឹក ដើម្បីឆុងកាហ្វេលក់។ បន្ទាប់មក ក៏ដើរទៅចូល ងូតទឹក នៅក្នុងបន្ទប់ទឹក លុះពេលងូតទឹករួចរាល់ ហើយ ស្ត្រីរងគ្រោះបានយកកន្សែងពោះគោ មកចោមពុង បើកទ្វារចេញពីបន្ទប់ទឹក ស្រាប់តែលេចមុខជនសង្ស័យ ឈ្មោះវ៉ាង លាង ស្នាក់នៅបន្ទប់ជួលក្បែរគ្នា មិនដឹងជា ចូលមកក្នុងបន្ទប់របស់ស្ត្រីរងគ្រោះតាំងពីពេលណា បានមកធ្វើសកម្មភាពចាប់ឱបថើប ញក់ញីទៅលើស្ត្រីរង គ្រោះប៉ុនប៉ងចាប់រំលោភសេពសន្ថវ:ទាំងកំរោល ទើបស្ត្រីរងគ្រោះបានស្រែកហៅម្តាយ និងអ្នកជិតខាងជួយ ពេលនោះជនសង្ស័យបានរុញស្ត្រីរងគ្រោះឱ្យដួលអុកគូទទៅនឹងចានបង្គន់ ហើយជនសង្ស័យបានជ្រុះ កូនកាំ បិតចុងស្រួច ១ដើម នៅក្នុងបន្ទប់ទឹករបស់ជនរងគ្រោះ ដែលជនសង្ស័យបានយកមកតាមខ្លួន (ប៉ុន្តែមិនបាន យកមកធ្វើសកម្មភាពគំរាមជនរងគ្រោះនោះទេ) រួចហើយ ជនសង្ស័យ បានរត់គេចខ្លួនបាត់។

តាមការអះអាងរបស់ស្ត្រីរងគ្រោះ កន្លងមករវាងនាង និងជនសង្ស័យ ពុំធ្លាប់មានទំនាក់ទំនងស្នេហាអ្វី ជាមួយគ្នា នោះទេ ហើយក៏មិនបានរាប់អានគ្នាអ្វីជិតស្និទ្ធនោះដែរ គ្រាន់តែរាប់អានត្រឹមអ្នកជិតខាង ស្នាក់នៅក្បែរគ្នាប៉ុ ណ្ណោះ ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រមៀត ដើម្បីសុំអន្តរា គមន៍ពីសមត្ថកិច្ច។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយក មកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕