កំពង់ស្ពឺ ៖ បុរសជាអ្នកទេសចរក្នុងស្រុកម្នាក់ បានរួមដំណើរជាមួយមិត្តភក្តិ ១ក្រុម ធ្វើដំណើរកម្សាន្ត បោះតង់ក្នុង តំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ស្រាប់តែខណៈឡើងទៅដល់កំពូលភ្នំខ្នងផ្សារ កើតមានអា ការខ្យល់គរ និងត្រូវបានក្រុមមិត្តភក្តិប្រញាប់បញ្ជូនចុះពីលើភ្នំ ដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរតែ អកុសល មិនអាចស្រោចស្រង់ជីវិតបុរសរងគ្រោះបានឡើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចតំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់។
យោងតាមប្រភពពីសហគមន៍ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ បានលើកឡើងថា “យើងខ្ញុំទាំងអស់គ្នា ជាសហ គមន៍តំបន់ការពារធម្មជាតិ រលាក់កងជើង (ខ្នងផ្សារ) សូមចូលរួមរំលែកទុក្ខ ចំពោះជនរគ្រោះ និងក្រុមគ្រួសារ នៃសព ដែលជាភ្ញៀវទេសចរ ដែលបានមកកមម្សាន្តនៅតំបន់ខ្នងផ្សារ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ សហគមន៍យើងខ្ញុំ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើង…”។
សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ បន្តថា “សហគមន៍ សូមធ្វើការបកស្រាយលម្អិត ចំពោះហេតុការណ៍ ដែលបានកើតឡើង ជនរងគ្រោះ និងមិត្តភក្តិ សរុប៦នាក់ (ជនរងគ្រោះធ្លាប់បានឡើងខ្នងផ្សារ ៤-៥ដងរួចមក ហើយ) បានធ្វើដំណើរដោយជិះគោយន្ត ពីភូមិ ដល់ជើងភ្នំ និងបានបន្តដំណើរថ្មើរជើង ជាមួយនឹងអ្នកស្ពាយ គីឡូម្នាក់ ពេលស្ពាយអីវ៉ាន់ ដល់លើភ្នំរួចហើយ ហ្គាយស្ពាយគីឡូ ក៏បានចុះត្រឡប់មកវិញភូមិ។ ម៉ោងប្រមាណ ជា ៥ល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពួកគាត់បានឡើងទៅដល់ខ្នងផ្សារ (ជើងភ្នំខ្នងសំពៅ) ក្រោយពីបាន សម្រាកញ៉ាំអាហាររួច ពួកគាត់ក៏បានបន្តអង្គុយជជែកជាមួយមិត្តភិត្តរបស់គាត់ (តាមរយៈសម្តីសាក្សី ដែលនៅ កន្លែងកើតហេតុផ្ទាល់ គាត់បានឃើញជនរងគ្រោះ អង្គុយជជែកញ៉ាំបន្តិចបន្តួចជាមិត្តភក្តិ) រហូតដល់ម៉ោងប្រ មាណជាង ៩យប់ គាត់មានអាការខ្យល់គរ ដួលសន្លប់ ។ បន្ទាប់ពីកើតហេតុភ្លាមៗ មិត្តរបស់គាត់បានទាក់ទង ទៅលោកអនុប្រធានមន្ទីរបរិស្ថាន ដើម្បីជួយអន្តរាគមន៍ សង្គ្រោះអ្នកជំងឺ។

ក្រោយពីទទួលដំណឹង លោកអនុប្រធានមន្ទីរ បានទាក់ទងមកសហគមន៍ ដើម្បីជួយរកក្រុមគ្រូពេទ្យសង្គ្រោះ បន្ទាន់នៅក្នុងសហគមន៍។ នៅម៉ោង ១១និង២០នាទីយប់ ថ្ងៃដដែល ប្រធាន គណៈកម្មការទេសចរណ៍បាន ទទួលទូរស័ព្ទពីមិត្តភក្តិជនរងគ្រោះផ្ទាល់ ដើម្បីសុំជំនួយពីសហគមន៍ ទន្ទឹមនឹងនេះដែរ ជនរងគ្រោះត្រូវបាន ក្រុមឡាន off Road បញ្ជូនមកដល់ក្នុងភូមិ។ ដោយសារសហគមន៍ មិនមានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់សហ គមន៍បានផ្តល់យោបល់បញ្ជូនគាត់ទៅកាន់មន្ទីពេទ្យឯកជន នៅផ្សារជាំ ដែលមានចម្ងាយប្រមាណជាង ១៤ គីឡូមែត្រ ពីសហគមន៍ខ្នងផ្សារ។ លុះម៉ោងប្រមាណជាង ១២និង១៤នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សហគមន៍បានទទួលទូរស័ព្ទពីមិត្តភ័ក្តិរបស់ជនរងគ្រោះម្តងទៀត ក្នុងខណៈនោះដែរ គាត់បានមកដល់មន្ទីរពេទ្យឯកជន ផ្សារជាំ ហើយដោយតែសារយប់ជ្រៅពេក ខាងមន្ទីរពេទ្យបានបិទទ្វារ។ លុះម៉ោង ១និង១០នាទី រំលងអធ្រាត្រ ថ្ងៃដដែល ខាងសហគមន៍បានទាក់ទងទៅមិត្តភក្តិជនរងគ្រោះ ហើយ ក៏ទទួលបានដំណឹងថា ជនរងគ្រោះ ក៏បានទទួលមរណភាពហើយ…”។
អាស្រ័យដូចបានជម្រាបជូនខាងលើ សហគមន៍ទេសចរណ៍ធម្មជាតិខ្នងផ្សារ បានប្រកាសអំពាវនាវសូមបងប្អូន ទាំងអស់ កុំមានការយល់ច្រឡំ ឬមានការភាន់ច្រឡំមកលើហេតុការណ៍ដែលបានកើតឡើង៕