ព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់ បានអះអាងថា ត្រូវបានស្ត្រី ២នាក់ ដើរមកសួរនាំ រួចចាប់ដៃរបស់នាងធ្វើឱ្យនាង ស្លុងស្មារតី ដើរតាមគេ រហូតត្រូវបានស្ត្រីទាំង២នាក់នោះ ល្បួងដោះយកខ្សែក និងទូរស័ព្ទ ១គ្រឿងដែលមាន លុយក្នុងនោះ ១ពាន់ដុល្លារផង គេចខ្លួនបាត់ ដោយបន្សល់ទុកឱ្យនាងត្រឹមកញ្ចប់មាស១ ដែលនៅក្នុងនោះ មាន សុទ្ធតែគ្រាប់សំណ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើល ឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្សារលើ ក្រុងព្រះសីហនុ។
នារីរងគ្រោះខាងលើ មានឈ្មោះពិសី មានស្រុកកំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ក្រុងព្រះ សីហនុ បច្ចុប្បន្ន កំពុងរស់ នៅក្នុងបុរី ម៉េង ហួង ជាមួយប្តីជាជនជាតិចិន។

តាមរយៈការសាកសួរ នារីរងគ្រោះបានប្រាប់ឱ្យដឹងថា រូបនាងត្រូវបានស្ត្រី២នាក់ (ម្នាក់ពាក់ម៉ាស់ និងម្នាក់ទៀត អត់ពាក់) មានមុខមាត់ដូចស្ត្រីវៀតណាមម្នាក់ដែលគេផុសល្បីដើរលួច ២៥ខេត្ត-ក្រុង និងទើបលួចគេថ្មីៗផងនោះ បានចូលមកចាប់ដៃនាង ហើយក៏បាននាំយកទៅដោះយកខ្សែក ពីខ្លួនភ្លាមៗ ដោយរូបនាងនៅស្ងៀម ឱ្យគេដោះ តាមសម្រួល នៅត្រង់ចំណុចផ្សារលើ ក្រុងព្រះសីហនុ និងបានមកវិញ គ្រាប់សំណ មួយថង់។នារីរងគ្រោះ បានឱ្យដឹងថា បន្ទាប់ពីដោះយកខ្សែករបស់នាងរួចហើយ ស្ត្រីទាំងពីរនោះ បានយកទូរស័ព្ទរបស់នាងដែលមានលុយក្នុងស្រោម ចំនួន ១០០០ដុល្លារថែមទៀតផង។

នារីរងគ្រោះ បានបន្តទាំងស្មារតីនៅភាំងៗថា បន្ទាប់មក ស្ត្រីទាំងពីរ បានហុចថង់មាសមួយថង់ដោយមិនឱ្យ ស្រាយមើលទេ រួចក៏នាំគ្នាជិះម៉ូតូចាកចេញអស់ទៅ លុះពេលនាងបើកមើលស្រាប់តែឃើញ សុទ្ធតែគ្រាប់ សំណ៕