Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួន១គ្រួសារ៥នាក់ សម្លាប់ក្មេងស្រី កប់សពក្នុងដី

ចាប់ខ្លួន១គ្រួសារ៥នាក់ សម្លាប់ក្មេងស្រី កប់សពក្នុងដី

បន្ទាយមានជ័យ ៖ ករណីក្មេងស្រីជាសិស្សសាលា បាត់ខ្លួនពេញ១ថ្ងៃ និងត្រូវបានសាច់ញាតិ ក្រុមគ្រួសារ តាមរកឃើញសាកសពស្ថិតក្នុងសភាពអាក្រាតកាយ និងត្រូវបានកប់ក្នុងដីឡូត៍ ១កន្លែង ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងសង្ស័យថាជាករណី ឃាតកម្ម រំលោភសម្លាប់ កាលពីជាង១ឆ្នាំមុន តែត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ រួចយកសពក្មេងស្រីរងគ្រោះទៅកប់ចោលនោះ ទីបំផុតសមត្ថកិច្ចជំនាញ ស្រាវជ្រាវបំបែកសំណុំរឿងនេះបានហើយ ដោយឈានដល់ការចាប់ ឃាត់ខ្លួន ជនសង្ស័យ ១គ្រួសារ មានគ្នា៥នាក់។

ក្មេងស្រីរងគ្រោះដែលបានស្លាប់ និងត្រូវបានជនមិនស្គាល់មុខយកទៅកប់ចោលនោះ មានឈ្មោះលួត លីហ្សា ហៅកន្ទ្រីត អាយុ៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាទំនប់ក៥ មានឪពុកមានឈ្មោះសំ សាន្ត អាយុ៣១ឆ្នាំ ម្តាយឈ្មោះយាន ខេមរា អាយុ៣២ឆ្នាំ។ គ្រួសារមួយនេះ មានកូនស្រី ចំនួន២នាក់ ក្នុងបន្ទុក ហើយ ក្មេងស្រីរងគ្រោះ គឺជាកូនច្បងក្នុងគ្រួសារ។

ចំណែកជនសង្ស័យ នៅមិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឱ្យដឹងពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជា អ្នករស់នៅទល់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ ហើយពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនទាំងគ្រួសារ ដែលមានគ្នា ចំនួន៥នាក់ ដើម្បីយកទៅសាកសួរ។

ក្រោយកើតមានករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់វិធានការដល់កម្លាំងជំនាញធ្វើការស្រាវជ្រាវឱ្យបានដិតដល់ ដើម្បីឈានទៅដល់ការបំបែកសំណុំរឿង ការស្លាប់របស់កុមារី លួត លីហ្សា ទីបំផុតសមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័យ ១គ្រួសារ ចំនួន៥នាក់ ក្នុងនោះស្រី២នាក់ ដែលជាអ្នកជិតខាងជាប់ខាងត្បូងផ្ទះរបស់ជនរងគ្រោះតែម្តង។

មន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងថា អាចករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកកុមារីរងគ្រោះ លួត លីហ្សា នៅពេលត្រឡប់ពីសាលារៀន មកផ្ទះវិញ តាមផ្លូវ ក្បែរផ្ទះរបស់ជនសង្ស័យ ក្រោយពីបុកហើយ ជនសង្ស័យ បានយកជនរងគ្រោះមកទុកក្នុងផ្ទះ រហូតដល់ស្លាប់ ហើយនាំគ្នាយកទៅកប់ចោល ក្បែររបងថ្ម ក្បែរសាលារៀន ជិតផ្ទះរបស់ជនរងគ្រោះតែម្តង។

បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាង១ឆ្នាំ រហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ១គ្រួសារ ដែលមានគ្នាចំនួន៥នាក់ ក្នុងនោះមានប្រុស៣នាក់ និងស្រី២នាក់ (មានឪពុកជាជនជាប់សង្ស័យ និងកូនប្រុសម្នាក់ និងកូនប្រសាប្រុសម្នាក់ និងស្រី២នាក់ ម្តាយនិងកូនស្រី) ត្រូវបាននាំខ្លួនយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយ ផ្ទះរបស់ជនជាប់ចោទ ត្រូវបានចាក់សោបិទទ្វារ ដោយឱ្យប្រជាការពារភូមិ យាមកាម។

លោកឧត្តមសេនីយ៍ត្រី នូរ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង និងជាអ្នកនាំពាក្យ បានប្រាប់កាលពីល្ងាចថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៣ ថា ករណីស្លាប់កុមារី លួត លីហ្សា អាយុ៨ឆ្នាំ រយៈពេលជាង១ឆ្នាំ ហើយជាការដឹក នាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានបំបែកសំណុំរឿងហើយ តែនៅ មិនទាន់បានផ្តល់ព័ត៌មានជូននៅឡើយទេ គឺរង់ចាំសាកសួរនិងស្រាវជ្រាវអនុវត្តការងារជំនាញរួចរាល់ហើយសិន ទើបផ្តល់ជូនជាផ្លូវការ។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចដីឡូត៍ មួយកន្លែង ចម្ងាយពីផ្ទះក្មេងស្រីរងគ្រោះ ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានការប្រទះ ឃើញសាក សពក្មេងស្រីរងគ្រោះ ឈ្មោះលួត លីហ្សា ក្នុងសភាពអាក្រាតកាយ និងត្រូវបានកប់ក្នុងដី ព្រមទាំងមានដុំ ថ្ម១ផ្ទាំងធំ សង្កត់ពីលើសាកសពទៀតផង។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់ក៏មិនច្បាស់ថា កូនស្រីរបស់ គាត់បាត់ខ្លួន តាំងពីម៉ោងប៉ុន្មានដែរ ដោយគាត់ដឹងត្រឹមថា កូនស្រីបានចេញពីផ្ទះមុនម៉ោង៧ព្រឹក ទៅសាលារៀន ដូចសព្វមួយដង។ លុះដល់ម៉ោងជាង ១១ព្រឹក ដែលជាម៉ោង នាងតែងចេញពីរៀន ត្រឡប់មកផ្ទះវិញ បែរជា មិនឃើញកូនត្រឡប់ពីសាលា ដូចពេលមុនៗ ក៏ទៅសាលា សាកសួរគ្រូ ស្រាប់តែអ្នកគ្រូប្រចាំថ្នាក់ ប្រាប់ថា មិនបានឃើញកូនស្រីរបស់គាត់មករៀនទេ ទើបមានការភ្ញាក់ផ្អើលបាត់កូនតែម្តង។

បន្ទាប់ពីបាត់កូនស្រីភ្លាមៗ  ម្តាយឪពុកក្មេងស្រីរងគ្រោះ រួមនិងអ្នកស្រុកភូមិ បាននាំគ្នាដើរតាម រកគ្រប់សព្វ កន្លែងក្នុងភូមិ និងថែមទាំងបាននាំគ្នាចុះរាវក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅសាលារៀន ទៀតផង ក្រែងកូនស្រីចុះលេងទឹក លង់ តែមិនឃើញសោះ។ ស្រាប់តែក្រោយមក មានគេប្រទះឃើញកាបូប សៀវភៅ មិនមែនដាក់ចោល ឬនៅតាមផ្លូវទេ តែបានបោះចូលក្នុងព្រៃទន្ទ្រានខែត្រ ដែលគេសង្ស័យថា អាចជា ស្នាដៃរបស់ជនណាម្នាក់ ព្រោះក្នុងកាបូបនោះ មានទាំងស្បែកជើងក្មេងស្រី ឯសៀវភៅ ក៏ឃើញកាត់ដាច់ជា២ ឯដបទឹកនិងសៀវភៅ មានជាប់ស្មៅផងដែរ។ រហូតដល់ម៉ោង៩យប់ ថ្ងៃដដែល ស្រាប់តែមានបុរសម្នាក់ ប្រទះ ឃើញសាកសពក្មេងស្រីរងគ្រោះ នៅក្នុងដីឡូត៍មួយកន្លែង ចម្ងាយពីផ្ទះប្រមាណជាង ២០០ម៉ែត្រ ធ្វើឱ្យកើត មានការភ្ញាក់ផ្អើលតែម្តង។

ជុំវិញករណីការស្លាប់របស់ក្មេងស្រីរងគ្រោះ លួត លីហ្សា ខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹង កាលពីពេលកន្លងទៅថា ក្រោយពីសមត្ថកិច្ចជំ នាញសហការស្រាវជ្រាវជាមួយនឹងអង្គភាព CPU រួចមក បានសន្និដ្ឋានថា ករណីនេះមិនមែនជា ករណីឃាត កម្មទេ តែជាករណីគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែសមត្ថកិច្ចនៅកំពុងបន្តបើកការស្រាវជ្រាវដដែល។

ជុំវិញការធ្វើកោសល្យវិច័យសាកសពក្មេងស្រីរងគ្រោះ លួត លីហ្សា ត្រូវបានលោកស្នងការ បញ្ផាក់យ៉ាងលម្អិត ថា បន្ទាប់ពីយកសាកសពមកសម្អាត ហើយពិនិត្យទៅលើរាងកាយសពទាំងស្រុង សពមិនមានស្លាក ស្នាមវាយ នោះទេ មានតែស្នាមដាច់រលាត់ផ្នែកខាងក្រៅ (តាម លក្ខណៈបច្ចេកទេស) ហើយមានជាប់ជាមួយនឹងទឹកថ្នាំ ពណ៌ខៀវ ដែលអាចសន្និដ្ឋានបានថា ជាទឹកថ្នាំរថយន្ត ដំបូងឡើយនៅពេលមើលដោយភ្នែក គេឃើញ នៅខាង ក្រោយ (បោះដៃផុត) មានស្នាមជាំខ្មៅ សង្ស័យគ្រាំក្នុង ប៉ុន្តែក្រោយពីលាងទឹកសម្អាតទៅ ហើយខាងជំនាញ CPU បានយកឧបករណ៍សម្រាប់ជូតថ្នាំនោះចេញមក ជាប់ជាមួយក្រដាសពណ៌សរបស់ CPU ដែលជាសញ្ញាថ្នាំ រថយន្ត ប៉ុន្តែដោយមានការសង្ស័យទៀត ទើបខាង CPU បានយកអ្នកឯកទេសវះកាត់ មកវះសាកសព ពិនិត្យ មើលផ្នែកខាងក្នុង ដើម្បីពិនិត្យផ្នែកឆ្អឹងទៀត តែមិនឃើញមានស្លាកស្នាមខ្ទាំនោះទេ ប៉ុន្តែសាកសពមានស ភាពបាក់ក ចំណែកដៃ មានស្នាមកៀបជាប់ជាមួយរបស់អ្វីម៉្យាងរឹង ខណៈដែលជើងខាងឆ្វេងមានស្លាកស្នាម អូស។ ហេតុនេះ ខាងអង្គភាពជំនាញ CPU ក្រោយពីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ជា មួយនឹងសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ រួចមក ក៏បានធ្វើការសន្និដ្ឋានផ្លូវការថា ជាករណីគ្រោះថ្នាក់ចរាចរណ៍៕

RELATED ARTICLES