ភ្នំពេញ៖សុខ ពិសី ត្រូវបានឪពុកនាងលោកសុខ ហេង ជម្រុញឲ្យរៀបការប្ដីតាំងពីឆ្នាំមុនម្លេះ ប៉ុន្ដែមិនបង្ខំចិត្តនាងនោះទេ ទើបពេលនេះពិសី នៅតែមិនទាន់ប្រញ៉ាប់ធ្វើតាមបំណងឪពុកឡើយ ខណៈដែលចំណងស្នេហាងនាងជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ គ្មានការប្រែប្រួល។ការអូសក្រឡាបញ្ចប់ភាពនៅលីវរបស់សុខ ពិសី បែបនេះត្រូវបានប្រុសៗអ្នកមានទ្រព្យនៅតែឆ្វែលស្នេហ៍នាងដដែល បើទោះជានៅក្នុងសិល្បៈពិសី ត្រូវបានតារាជិតស្និតភាគច្រើនបានដឹងរឿងស្នេហ៍នាងជាមួយលោកចំរើន សឹងគ្រប់គ្នាក្ដី ប៉ុន្ដែទាំងអាណិកជន និងកូនអ្នកធំខ្លះអត់ក្វល់ហើយនៅតែព្យាយាមចង់ស្ទួចបេះដូងនាង។

ប្រភពបានឲ្យដឹងថាលោកឧកញ៉ាម្នាក់ដែលមានឪពុកក៍ជាឧកញ៉ាដែរនោះតែងនិយាយប្រាប់មិត្តភក្ដិលោកដែលមានខ្លះជាតារាដែលស្គាល់ពិសី ជិតដិតនោះថានាង ជាតារាដែលស្អាតជាងគេក្នុងក្រសែភ្នែកររបស់លោក ។យ៉ាងណាប្រុសដែលរកស៊ីធំលើផ្នែកសណ្ឋាគារ និងប្រេងសាំងរូបនេះជឿរជាក់ថាពិសី នឹងរៀបការជាមួយថៅកែសាន់ដេ នាពេលខាងមុខ ហេតុនេះលោកបានត្រឹមតែពេញចិត្តនាងពីចម្ងាយប៉ុណ្ណោះ។ចំណែកតារាស្រីស្អាតៗមួយចំនួនដែលធ្លាប់ថតMV ជាច្រើននៅសាន់ដេនោះបានបង្ហើបថាពិសី មានអំណាចខ្លាំងតាំងពីមុននាងរៀបការជាមួយលោកចំរើន ម្លេះ ព្រោះតួស្រីណាសុំនាងថតបទបែបណាគឺអាចបានលឿនជាងសុំថៅកែ ទៅទៀត។តែតារាស្រីដែលគេធ្លាប់សង្ស័យមានទំនាក់ទំនងស្និតស្នាលជាមួយលោកចំរើន ពីមុននោះមិនត្រូវបានផលិតកម្មនេះផ្ដល់ឲ្យថតបទល្បីៗទៀតឡើយ ដែលទំនងអាចមកពីលោកចំរើន ខ្លាចពិសី ប្រចណ្ឌ ឬតារាទាំងនោះបានដឹងខ្លួន ក្រោយពិសី ផ្ទុះស្នេហាជាមួយថៅកែក្មេង ជិត១០ឆ្នាំ ទើបលែងឃើញមុខស្រីស្អាតទាំងនោះលេចក្នុងMV បទថ្មីៗទៀត។

គូរបញ្ជាក់ថាសុខ ពិសី មានវ័យ៣៣ឆ្នាំទៅហើយ តែនាងមានសម្រស់នៅតែក្មេងជាងវ័យ ខណៈដែលកន្លងមកបានលេចឭថាស្រីស្អាតរូបនេះធ្លាប់បានកែកុនជាច្រើនផ្នែកផងដែរ តែនាងមិនធ្លាប់ទទួលស្គាល់ម្ដងណាឡើយ។ប្រភពពីតារាជិតដិតបានប្រាប់ថាការស្ងាត់ដំណឹងរៀបការរវាងពិសី និងលោកចំរើន នាពេលនេះទំនងអាចជាការព្រមព្រៀងគ្នារវាងអ្នកទាំងពីរដែលច្បាស់លាស់ជាមួយគ្នា ហើយមិនខ្លាចស្នេហាមានការប្រែប្រួលទើបមិនកំណត់ថ្ងៃខែឆ្នាំជាក់លាក់នៃការរៀបអាពាហ៍ ពិហាហ៍ ដូចគូស្នេហ៍តារាដ៍ទៃ។ចំពោះពិសី វិញនាងបានគេចពីការធ្វើជាភរិយាមន្រ្ដីធំឬតំណែងជំទាវជាច្រើនឆ្នាំមកហើយ ព្រោះចង់រស់នៅជាមួយបុរសម្នាក់ដែលយល់ច្បាស់ពីអាជីពចម្រៀងរបស់នាងហើយម្នាក់នោះគឺជាលោកចំរើន ពោលគឺនាងដើរផ្លូវដូចឱក សុគន្ធកញ្ញា ដែលផាត់ចោលមន្រ្ដីធំហើយបើកបេះដូងសម្រាប់បុរសម្នាក់នៅក្នុងរង្វង់អ្នកសិល្បៈដូចគ្នា ដែលការសាងស្នេហ៍បែបនេះគេជឿរថាពួកគេអាចរក្សារបានភាពយូអង្វែងជាងជ្រើសស្នេហ៍អ្នកនៅក្រៅសិល្បៈជាមិនខាន។

ក្រៅពីសុខ ពិសី តារាដែលជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ នៅឆ្នាំ២០២៣ នេះមានដូចជានាងរ៉េត ស៊ូហ្សាណា,វី ឌីណែត,អ៊ីវ៉ា ,តន់ ច័ន្ទសីម៉ា និងសុខ សោម៉ាវត្តី ជាដើម។គេជឿរថាដើម្បីឲ្យឥទ្ធពលរបស់ខ្លួនកើនទ្វេដង នៅសាន់ដេនោះពិសី នឹងមិនអាចពន្យាពេលរៀបការដល់ទៅ១០ឆ្នាំថែមទៀតឡើយ បើទោះជានាងបានដឹងច្បាស់ថាក្រោយមានប្ដីនឹងធ្វើឲ្យអាជីពចម្រៀងលែងទៅមុខក្ដី តែការបំពេញបំណងឪពុក និងរក្សារសុវត្ថិភាពស្នេហ៍ រួមទាំងការត្រូវយកកូនបន្ដពូជនោះមិនអាចឲ្យនាងគេចផុតពីការធ្វើជាកូនក្រមុំជាចំហ របស់លោកចំរើន បានទេ។

សម្រាប់Fan របស់ពិសី ដែលភាគច្រើនជាយុវ័យនិងតែងហៅនាងថាជាម៉ាក់ៗនោះពួកគេក៍ចង់ឃើញនាងគ្រងឈុតកូនក្រមុំមែនទែនដែរ ព្រោះការសាងស្នេហ៍ដោយលាក់លៀមជាច្រើនឆ្នាំមកនេះធ្វើឲ្យនាងបាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែមស្នេហ៍ រហូតមានអ្នកខ្លះសង្ស័យថានាងនិងថៅកែមិនទាន់ចិត្ត១ ថ្លើម១ និងគ្នាទៀតផងទើបរារែកចិត្ត ក្នុងការលាតត្រដាងស្នេហ៍ជាង១ទសវត្សន៍មកនេះ។ប្រភពខ្លះបានឲ្យដឹងថាចំណុចសំខាន់ដែលពិសី មិនចង់រៀបការនាឆាប់ៗនេះដោយសារតែម្យាងគត់នោះគឺនាងខ្លាចអាជីពចម្រៀងមានការប្រែប្រួលពោលគឺចុះខ្សោយដូចតារាៗមានស្វាមីនិងកូនហើយ។តែពិសី ធ្លាប់ប្រាប់ថានាងគ្រាន់តែចង់យកពេលវេលាទៅគិតគូរឿងការងារសិល្បៈច្រើនជាងស្នេហា។នាងថាឃើញគេមានគូរមានតែត្រេកអរជំនួសពួកគាត់ ។

តាមព័តមានថាថ្វីត្បិតតែសុខ ពិសី គ្មានស្នេហាផ្អែមល្ហែមដូចតារារួមអាជីពក្ដី តែនាងមានភាពកក់ក្ដៅខ្លាំង ព្រោះរាល់ពេលទៅច្រៀងឬកម្មវិធីអ្នកសិល្បៈភាគច្រើននាងត្រូវបានលោកចំរើន បើករថយន្ដជូនទៅជាប្រចាំ បើទោះជាពេលខ្លះលោកសម្ងំនៅក្នុងឡាន ឬដើរមុនក្រោយមិនបណ្ដើរគ្នាក្ដី៕