កំពង់ស្ពឺ៖ បុរស ២នាក់ ត្រូវជាឪពុកកូន ប៉ុន្តែឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីជាញឹកញាប់ លុះចុងក្រោយ គ្រាន់តែទាស់សម្តីជាមួយឪពុកបន្តិចបន្តួច ស្រាប់តែកូនប្រុសចិត្តភ្លើង បែកគំនិតដុតផ្ទះឪពុកចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវអ្នកជិតខាង រួមទាំងសមត្ថកិច្ចព្យាយាមជួយពន្លត់ភ្លាមៗដែរ តែទប់ទល់មិនឈ្នះ ធ្វើឱ្យផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់ ចំណែកកូនប្រុសកំណាច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់។

ករណីអគ្គិភ័យផ្តើមចេញពីជម្លោះក្នុងគ្រួសារ កូនដុតផ្ទះឪពុកខ្លួនឯងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ចំណុចភូមិពាណិជ្ជកម្ម សង្កាត់ច្បារមន ក្រុងច្បារមន។
ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ និងប្រក់ដំបូលហ្វីប៉្រូស៊ីម៉ងត៍ ជាកម្មសិទ្ធិរបស់ឈ្មោះស៊ាំ វណ្ឌី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាមន្ត្រីយោធាចូលនិវត្តន៍។ ចំណែកជនបង្កហេតុ ជាកូនប្រុស ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហង្ស សុវណ្ណបញ្ចា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ កើតឡើងដោយសារតែកូនប្រុសម្ចាស់ផ្ទះ ជាអ្នកយកភ្លើងដុត ដោយសារមូលហេតុកើតមានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកខ្លួនឯង (ម្ចាស់ផ្ទះ)។
ករណីអគ្គិភ័យនេះ បណ្តាលឱ្យខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិ រួមមាន ឆេះផ្ទះ ចំនួន១ខ្នងទាំងស្រុង ឆេះសំបុត្រកំណើត អស់ចំនួន ៣សន្លឹក ប្លង់ដី ចំនួន១ កាត់គ្រីម៉ូតូ១ លុយ ៤០ម៉ឺនរៀល ទូទឹកកក ចំនួន១ គ្រែប្រអប់ ចំនួន២ ធុងទឹកអំពៅ ចំនួន១ និងឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ អស់ទាំងស្រុង។

ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើកម្លាំងសរុប ចំនួន៥០នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន ៣ឡាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ចំនួន១គ្រឿង ប្រើទឹកអស់ចំនួន ២ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន ៤ឡាន សរុបប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន។ ករណីខាងលើ មិនបង្កឱ្យមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនបង្កហេតុដែលជាអ្នកដុតផ្ទះឪពុកបង្កើតខ្លួនឯងចោល ទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕
