កណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅក្នុងវត្ត រួចគាស់ទ្វារកុដិ ចូលទៅលួចកុំព្យូទ័រ ១គ្រឿង ព្រមទាំងប្រាក់ចំនួន ២០ម៉ឺនរៀល បានសម្រេច រួចរត់គេចខ្លួនបាត់ ស្រាប់តែញ៉ាម បានលបចូលមកបម្រុង ធ្វើសកម្មភាពម្តងទៀត ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំ ណុចក្នុងវត្តតាខ្មៅ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះ មានឈ្មោះនៅ គឹមឡេង ភេប្រុស អាយុ៤៧ឆ្នាំ មុខរបរជួលម៉ាស៊ីនភ្លើង មានលំនៅ ភូមិថ្មី២សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយូ ចិត្រា ហៅចាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករដាំផ្កា មានលំនៅ ភូមិក្បាលកោះ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំ ពេញ (មានសារធាតុញៀន)។

សម្ភារបាត់បង់ រួមមាន ១-កុំព្យូទ័រឡេបថប ចំនួន១គ្រឿង។ ២-ប្រាក់ ចំនួន២០ម៉ឺនរៀល។ រីឯវត្ថុតាងចាប់យក រួមមាន ១-កាបូបស្ពាយចំហៀង ចំនួន១។ ២-ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន១គ្រឿង។ ៣-នាឡិកាដៃ ចំនួន១ គ្រឿង។ ៤-ទួរណឺវីស ដងជ័រ ចំនួន១។ ៥-សោម៉ាឡេតដែកចំនួន១។ ៦-ចបដែក ចំនួន១ និង៧-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HK-8288។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះមិននៅ បានបិទទ្វារកុដិ ចាក់សោបានយ៉ាងត្រឹមត្រូវ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យ ធ្វើសកម្មភាពគាស់បន្ទប់ទ្វារកុដិ ចូលលួចយកកុំព្យូទ័រឡេបថប និង លុយ ចំនួន២០ម៉ឺនរៀល រួចគេចខ្លួនបាត់។ ក្រោយមក ជនរងគ្រោះបានត្រឡប់មកដល់កុដិវិញ ស្រាប់តែឃើញទ្វារកុដិរបើក ក៏ឆែកកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យចំនួន១នាក់ ជិះម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មកធ្វើសកម្មភាព លួច គាស់ទ្វារកុដិ លួចយកទ្រព្យសម្បត្តិខាងលើ។ ពេលនោះជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងភ្លាមទេ រហូតដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯងមកចូលក្នុងវត្តតាខ្មៅ បម្រុងលួចម្តងទៀត តែពេលនោះត្រូវបានជនរងគ្រោះឃើញ ក៏ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ យកទៅសាកសួរនៅប៉ុស្តិ៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទ្វារកុដិ ចូលលួចយក កុំព្យូទ័រឡេបថប និងលុយ ចំនួន២០ម៉ឺនរៀល ប្រាកដមែន លុះមករកលួចលើកទី២ ត្រូវឃាត់ខ្លួនតែម្តង។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕


