Monday, June 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកម៉ូតូ ប្តីស្លាប់ ប្រពន្ធនិងកូនរបួសធ្ងន់

ឡានបុកម៉ូតូ ប្តីស្លាប់ ប្រពន្ធនិងកូនរបួសធ្ងន់

កណ្តាល ៖ រថយន្ត ១គ្រឿង បើកបរវ៉ាជែងរថយន្ត ១គ្រឿងទៀត ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូ ជាប្តី ស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ចំណែកប្រពន្ធនិងកូនតូច ដែលរួមដំណើរជាមួយ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤២នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា  ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៩-២០ ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះជា សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិតាងៅលើ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ បើកបរម៉ូតូម៉ាក HONDA SCOOPY-i ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HO-2173 និងមានអ្នករួមដំណើរ២នាក់ (ត្រូវជាប្រពន្ធ និងកូនតូច) រួមមាន ទី១-ប្រពន្ធឈ្មោះកែវ សុផន ភេទស្រី អាយុ២៥ឆ្នាំ មានលំនៅ ភូមិតាងៅលើ  សង្កាត់និរោធ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ (របួសធ្ងន់) និងទី២-កូនឈ្មោះរិទ្ធ សុភាព ភេទប្រុស អាយុ៣ឆ្នាំ (របួសធ្ងន់)។ រីឯរថយន្តបង្កម៉ាក SSANG YONG ISTANA ពណ៌ស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ស្លាកលេខ ស្វាយរៀង 2B-4735 បើកបរដោយឈ្មោះឌីម បូណា ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបើកជែងរថយន្ត ១គ្រឿងទៀត រួចក៏រេចង្កូតទៅខាងឆ្វេង បានបុកជាមួយម៉ូតូ ១គ្រឿង ជិះដោយជនរងគ្រោះ៣នាក់ (ប្តីប្រពន្ធនិងកូនតូច) ចំពី មុខពេញទំហឹង បណ្តាលឱ្យបុរសជាប្តី និងជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែក ប្រពន្ធនិងកូនតូច ជាអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដើម្បី សង្គ្រោះភ្លាមៗ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្ត ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ប្រជែងចូលចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ ក្នុងស្ថានភាពគ្រោះថ្នាក់។រថយន្តបង្កហេតុ និងអ្នកបើកបរ ព្រមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាន នគរបាលស្រុកកៀន ស្វាយ រង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES