កំពង់ចាម ៖ នារីវ័យក្មេងម្នាក់ ត្រូវបានក្រុមគ្រួសាររបស់នារីវ័យក្មេងម្នាក់ទៀត ត្រូវជាមិត្តភក្តិ បានចោទប្រកាន់ថា បានលួងលោមពង្វក់កូនស្រីគាត់ ឱ្យប្រើប្រាស់គ្រឿងញៀន រួចនាំចេញពីផ្ទះ ទៅបង្ខាំងនៅរាជធានីភ្នំពេញ សូម្បី តែទូរស័ព្ទក៏ដកយកទុក លុះក្រុមគ្រួសារទូរស័ព្ទទៅសួរនាំ បែរជាជំរិតទារប្រាក់ ២០០ដុល្លារ ទើបឱ្យជួបកូនស្រី ជាហេតុធ្វើឱ្យក្រុមគ្រួសារក្មេងស្រីរងគ្រោះ ព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏ប្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្មេងស្រីរងគ្រោះ ត្រូវបានមិត្តភក្តិស្រីជើងល្អម្នាក់ ដែលជាមេខ្លោង បានល្បួងនាំចេញពីស្រុកកំណើត ឯខេត្តកំពង់ចាម ឡើងទៅរាជធានីភ្នំពេញ តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយនៅទីនោះ ក្មេងស្រីរងគ្រោះ ត្រូវបានគេពង្វក់ឱ្យសេពគ្រឿងញៀន ទោះបីគ្រួសារក្មេង ស្រីរងគ្រោះ ទាក់ទងទៅ ក៏ក្មេងស្រីជើងល្អនោះ មិនឱ្យជួប ហើយបានដកទូរស័ព្ទក្មេងស្រីរងគ្រោះផ្តាច់ទំនាក់ទំនងជាមួយគ្រួសារទៀតផង។

ប្រភពដដែល បន្តថា លុះក្រោយមក បងស្រីរបស់ក្មេងស្រីរងគ្រោះ បានទូរស័ព្ទទៅប្អូនស្រី បែរជាត្រូវបានក្មេងស្រីជើងល្អរូបនាះ ជាអ្នកទទួល ដោយបាននិយាយថា បើសិនចង់ជួប ក្មេងស្រីរងគ្រោះ ត្រូវវេរលុយ ២០០ដុល្លារ មកឱ្យនាង ទើបនាងឱ្យជួបប្អូនស្រី។

ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានអះអាងថា ពួកគាត់ក៏មិនបានដឹងច្បាស់ដែរថា ក្មេងស្រីរងគ្រោះ ដែលចាញ់បោកមិត្តភក្តិ នាំមកភ្នំពេញ កំពុងស្នាក់នៅម្តុំណា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកក្រុមគ្រួសារនាង តាមរយៈលេខទូរស័ព្ទ ០៩៦ ៨២ ០៤ ៧០៩ ពីព្រោះក្មេងស្រីរូបនេះ កំពុងតែរងនូវការគំរាមកំហែង ចាប់បង្ខាំងធ្វើបាបពីមិត្តភក្តិដែលជាក្រុមញៀនថ្នាំ៕