ភ្នំពេញៈ នៅក្នុងសប្តាហ៍នេះ លោក Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចូលជួបសួរសុខទុក្ខអ្នកស្រីខាវ ថងញ៉ុត ដែលជាភរិយាមេម៉ាយ របស់អធិរាជសំ-ឡេងមាសស៊ីន ស៊ីសាមុត នៅខេត្តស្ទឹងត្រែង ក្នុងឪកាសដែលលោកបានធ្វើដំណើរ ត្រឡប់មកពីខេត្តរតនគីរី ដើម្បីសង្កេតមើលសកម្មភាពដោះមីនមនុស្សធម៌ ដែលទទួល បានជំនួយថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
នៅក្នុងឪកាសនោះ អ្នកស្រីខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូតអាមេរិក នៅ គេហដ្ឋានរបស់អ្នកស្រី ជាទីដែលអ្នកស្រីបានរស់នៅស្ទើរតែមួយជីវិតរបស់គាត់ ហើយ ត្រូវបានជួសជុលឡើងវិញ នៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តី មនុស្សធម៌ រៀបចំដោយរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីថងញ៉ុត បានមានប្រសាសន៍នៅពេលនោះថា អ្នកចម្រៀងផ្សេងទៀតអាចមាន សំឡេងប្រហាក់ប្រហែលនឹងសំឡេងរបស់លោកស៊ីន ស៊ីសាមុត ស្វាមីរបស់អ្នកស្រី តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ក្នុងការសរសេរបទចម្រៀង ដូចលោក ស៊ីន ស៊ីសាមុត ឡើយ។
អ្នកស្រីថងញ៉ុត បញ្ជាក់ថា លោក ស៊ីន ស៊ីសាមុត អាចសរសេរបទចម្រៀងបាន ២ បទ ពេលទៅពិសារគុយទា វមួយព្រឹក។
លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះអ្នកស្រីថងញ៉ុត ដែលបានទទួលកម្មសិទ្ធិ បញ្ញា លើបទចម្រៀងដើមដ៏ច្រើនរបស់លោកស៊ីន ស៊ីសាមុត។
ជាបរិយាកាសស្និទ្ធស្នាលនោះដែរ អ្នកស្រី ខាវ ថងញ៉ុត ក៏បាននាំលោកឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោក ទៅមើលផ្ទះពីកុមារភាពរបស់លោកស៊ីន ស៊ីសាមុត ដែលស្ថិត នៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីផ្ទះបច្ចុប្បន្នរបស់អ្នកស្រីតែប៉ុណ្ណោះ។ ពេលនេះផ្ទះនេះគឺ ជាកម្មសិទ្ធិរបស់សមាជិកគ្រួសារមួយទៀត ហើយជាផ្ទះធំ ធ្វើពីឈើ ដែលជាគំរូដ៏ប្រពៃ មួយ នៃស្ថាបត្យកម្មបូរាណរបស់ខ្មែរ៕
លោកទូតអាមេរិក ចូលជួបភរិយាលោកស៊ីន ស៊ីសាមុត
RELATED ARTICLES