Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចហ្វេសប៊ុក ឆាតបោកលុយបានជាង១ម៉ឺនដុល្លារ ជាប់ខ្នោះ៣

លួចហ្វេសប៊ុក ឆាតបោកលុយបានជាង១ម៉ឺនដុល្លារ ជាប់ខ្នោះ៣

បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នង​ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវ​ជ្រាវ​និងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុម ជនសង្ស័យបានធ្វើសកម្មភាពលួចហែក​គណនីហ្វេសប៊ុករបស់​ពលរដ្ឋ ហើយបានឆបោកប្រាក់ អាជីវករផ្ទះវីងប្តូរប្រាក់អស់ជាង៥០លានរៀល និង ប្រជាពលរដ្ឋផ្សេង​ទៀតចំ​នួន១០០០ដុល្លារ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរី ឌី ភេទប្រុស អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះចែម ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ។ និងទី៣-ឈ្មោះហ៊ុន លីហេង ភេទប្រុស អាយុ២៦ឆ្នាំ។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះវឿន វី ភេទ ប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ម្ចាស់ផ្ទះវេរលុយវីង និងប្តូរប្រាក់។ និងទី២-ឈ្មោះស៊ុន សុខ ភេទប្រុស អាយុ​៤៤ឆ្នាំ មានលំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថា អនុវត្តបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការ​សម្រប​សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរង​គ្រោះ​ឈ្មោះ​វឿន វី ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ម្ចាស់ផ្ទះ​វេរលុយវីង និងប្តូរប្រាក់ និងបណ្តឹងឈ្មោះស៊ុន សុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុក​មង្គល​បូរី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិ​ការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន ទី១-ឈ្មោះរី ឌី ភេទប្រុស អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះចែម ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ។ និងទី៣-ឈ្មោះហ៊ុន លីហេង ភេទប្រុស អាយុ២៦ឆ្នាំ យកមកសួរនាំពាក់ព័ន្ធបទល្មើសខាងលើ។

យោងបណ្តឹងជនរងគ្រោះ ឈ្មោះវឿន វី បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ មានជនមិន​ស្គាល់អត្តសញ្ញាណ ប្រើប្រាស់លេខទូរស័ព្ទ 071 63 06 166, 071 92 10 958, 071 84 97 600, 015 72 74 26, 017 42 88 74 បានលួចហែកគណនីហ្វេសប៊ុក របស់ឈ្មោះចាន់ថៃ ឡុងគឿ ហើយឆាតទៅហ្វេសប៊ុកឈ្មោះ Vong Vy ដោយ សរសេររៀបរាប់ថា បានផ្ញើរប្រាក់បាតថៃ ចូលក្នុងគណនី ធនាគាររបស់ឈ្មោះវឿន វី រួចរាល់ហើយ ដោយឱ្យឈ្មោះវឿន វី ប្តូរប្រាក់បាតទៅជាប្រាក់រៀលខ្មែរ ហើយឱ្យផ្ញើរប្រាក់បន្តទៅលេខទូរស័ព្ទ ៥ខ្សែ មានលេខ 071 63 06 166, 071 92 10 958, 071 84 97 600, 015 72 74 26, 017 42 88 74 តាមរយៈធនាគារវីង ចំនួន១៤លើក ស្មើនឹងប្រាក់ ៥០ ៨៤០ ០០០រៀល ក្រោយពីបានវេរប្រាក់ហើយ ទើបឈ្មោះវឿន វី បានពិនិត្យមើលប្រតិបត្តិការ តែមិនឃើញមានទឹកប្រាក់ចូល ដូចការសរសេរឆាតទេ បន្ទាប់មកឈ្មោះរឿន វី បានទាក់ទងទៅឈ្មោះកាយ ណារាជ ដែលជាម្ចាស់ហ្វេសប៊ុក ឈ្មោះចាន់ថ ឡុងគឿ ទើបដឹងថា ហ្វេសប៊ុកឈ្មោះចាន់ថៃ ឡុងគឿ ត្រូវបាន​គេលួចហែកយកទៅឆបោកប្រាក់ទេ ទើបដឹងថាខ្លួនចាញ់បោកគេ។

យោងបណ្តឹងជនរងគ្រោះឈ្មោះ ស៊ុន សុខ បានឱ្យដឹងថា មានម្ចាស់គណនីអេស៊ីលីដា ឈ្មោះ RY DY ដែលមាន​លេខកូដគណនី 0713 984136 បានលួចហែកគណនីហ្វេសប៊ុករបស់ឈ្មោះអ៊ិន សំណាង ហើយយកទៅឆាត​បោកប្រាក់ ឈ្មោះស៊ុន សុខ ចំនួន១០០០ដុល្លារ ដោយ ឈ្មោះស៊ុន សុខ និងឈ្មោះអ៊ិន សំណាង ធ្លាប់ស្គាល់​រាប់​អានគ្នា ទើបឈ្មោះស៊ុន សុខ ព្រមផ្ទេរប្រាក់ឱ្យទៅគណនីអេស៊ីលីដាឈ្មោះ RY DY ដែល មានលេខកូដគណនី 071 39 84 136 ចំនួន១ពាន់ដុល្លារ។ បន្ទាប់ពីឈ្មោះស៊ុន សុខ បានផ្ទេរប្រាក់រួចរាល់បានទាក់ទងទៅឈ្មោះអ៊ិន សំណាង ទើបដឹងថាហ្វេសប៊ុករបស់ឈ្មោះអ៊ិន សំណាង ត្រូវបានគេលួចហែកយកទៅឆបោកប្រាក់គេ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំរឿង​បញ្ជូនទៅ​កាន់​សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES