កណ្តាល ៖ ជនសង្ស័យជាជនបរទេស ចំនួន៣នាក់ បានបែកគំនិតធ្វើសកម្មភាពលួចគាស់ទូ ATM ធនាគារ អេស៊ីលីដា មួយកន្លែង បំណងលួចប្រាក់ ដោយបានយកស្ព្រាយទៅបាញ់លើកាមេរ៉ាសុវត្ថិភាព រួចព្យាយាម គាស់ទូដាក់ប្រាក់ ប៉ុន្តែមិនបានសម្រេច ក៏នាំគ្នាត្រឡប់ទៅវិញ លុះស្អែកឡើង នាំគ្នាត្រឡប់មកវិញ បំណងធ្វើ សកម្មភាពសាជាថ្មី ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ បង្ក្រាបបានភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។
ករណីគាស់ទូ ATM នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទូ ATM ធនាគារអេស៊ីលីដា មុខរោងចក្រសាន់បេស ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់លិខិតឆ្លងដែនលេខ 388641350 ចុះថ្ងៃទី០៤-០៨-២០២២ ស្នាក់នៅ បន្ទប់លេខ២០២ ជាន់ទី២ សណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាព) មិនទាន់សួរបំភ្លឺបាន គ្មានអ្នកបកប្រែភាសា។ ទី២-ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ប៊ុលហ្គារី កាន់លិខិតឆ្លងដែនលេខ 387637795 ចុះថ្ងៃទី០១-០៧-២០២១ ស្នាក់នៅ សណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាព) មិន ទាន់សួរបំភ្លឺបាន គ្មានអ្នកបកប្រែភាសា និងទី៣-ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិប៊ុលហ្គារី កាន់លិខិតឆ្លងដែនលេខ 388075343 ចុះថ្ងៃទី១៧-០៤-២០២២ ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ មានឈ្មោះយ៉ង់ ស៊ីនាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ មានលំនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រីឯវត្ថុតាងចាប់យក រួមមាន ១-រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6061។ ២-LAPTOP ០១គ្រឿង ម៉ាក ACER ពណ៌ទឹកប្រាក់។ ៣-ទូរស័ព្ទចំនួន ៣គ្រឿង (ម៉ាក iPhone 13 ពណ៌ក្រហម ម៉ាក OPPO ពណ៌ខៀវ និងម៉ាក SAMSUNG ពណ៌ខ្មៅ)។ ៤-លិខិតឆ្លងដែន ចំនួន៣ក្បាល (ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ឈ្មោះ TZVETANOV NIKOLAY ANDREEV និងឈ្មោះ NIKOLAEV IVELIN DIMITROV)។ ៥-អត្តសញ្ញាណប័ណ្ណ ចំនួន៤ (ឈ្មោះTSVETKOV ALEKSANDAR GEORGIVE ចំនួន២សន្លឹក ឈ្មោះ TZVETANOV NIKOLAY ANDREEV ០១សន្លឹក និងឈ្មោះ NIKOLAEV IVELIN DIMITROV ០១សន្លឹក)។ ៦-កាត ចំនួន៦សន្លឹក។ ៧-កាបូបដាក់ប្រាក់ ចំនួន៣។ ៨-ប័ណ្ណសម្គាល់យានជំនិះ ថតចម្លង ១សន្លឹក។ ៩-រូបថត 4×6 ចំនួន១០សន្លឹក។ ១០-ដែកតាន់ រាងអក្សរ L មុខសំប៉ែត សម្រាប់ឆ្កឹះសោ១ ដែកសំប៉ែតរាងអក្សរ Z ១ ដែកលួស ១សរសៃ ប្រវែង១០សង់ទីម៉ែត្រ កូនកាំបិតរូត ពណ៌ក្រហម១ និងផ្លែកាំបិតមួយប្រអប់ ស្រោមម៉ាលេត១។ ១១-កូនសោ ចំនួន ៥។ ១២-មួកឆាង ចំនួន៦មួក ស្រោមដៃ ១គូ ម៉ាស់ក៍ពណ៌លឿង១។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរស័ព្ទដៃ ពីបុគ្គលិកដែលបម្រើការងារក្នុង ធនាគារអេស៊ីលីដា សាខាឃុំបែកចាន ថាមានកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្នុង នៅកន្លែងទូ ATM ទីតាំងមុខ រោងចក្រសាន់បេស ឃុំពើក ស្រុកអង្គស្នួល មានសភាពស្រអាប់ មើលមិនច្បាស់។ ភ្លាមនោះ ជនរងគ្រោះ បានបញ្ជាឱ្យបុគ្គលិក ឈ្មោះជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើល ឃើញថា កាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្នុង មានគេយកស្ប្រៃយ៍ពណ៌ស មកបាញ់ បណ្តាលឱ្យស្រអាប់ មើលមិនឃើញ និងមានស្នាមគាស់លើទូ ATM ផ្នែកខាងក្រោយ (មិនបានសម្រេច) បន្ទាប់មក ក៏ចាប់ផ្តើមឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព។
យោងតាមការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ឃើញថា នៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គេឃើញជនសង្ស័យជាជនបរទេស ចំនួន២នាក់ ភេទប្រុស បានដើរចូលទៅក្នុងកន្លែងទូ ATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ។ ក្រោយពីឆែកកាមេរ៉ារួច ជនរងគ្រោះ បានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល ជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
លុះដល់វេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង៣នាក់ ជិះរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចត នៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួល រួចជនសង្ស័យជាជនបរទេស២នាក់ បានចុះដើរសំដៅទៅ កន្លែងទូ ATM ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យទាំង៣នាក់មកកាន់ អធិការ ដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព គឺជាជនសង្ស័យដែលបាន ធ្វើសកម្ម ភាពយកស្ប្រៃយ៍បាញ់កាមេរ៉ា និងគាស់ទូរ ATM ខាងលើពិតមែន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានឆ្លើយសារភាពថា នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្តជាមួយបក្ខពួក (ឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV) ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូ ATM មួយកន្លែងហើយបានបាញ់ ស្ប្រៃយ៍ដាក់កាមេរ៉ា សុវត្ថិភាព និងគាស់ទូ ATM នោះមែន ដោយសារពួកគេស្រវឹងស្រា។
រហូតដល់វេលាម៉ោង ៤និង០៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកឧត្តមសេ នីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីលោកព្រះរាជ អាជ្ញាអមសាលា ដំបូងខេត្តកណ្តាល កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការជាមួយកម្លាំង សង្កាត់បឹង ទំពុនទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិចំរើនផលទី១ បានចូលឆែកឆេរទីតាំងជន សង្ស័យ ស្នាក់នៅ ក្នុងសណ្ឋាគារ La Belle Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយដកហូតសម្ភារៈមួយចំនួន រួម មាន ១-ទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 7plus ពណ៌ផ្កាឈូក។ ២-ស្រា Gin កន្លះដប។ ៣-ខ្សែសាក Laptop ១ខ្សែ។ ៤-អត្តសញ្ញាណប័ណ្ណ ១សន្លឹក។ ៥-ស្រោមដៃប្លាស្ទិក ១ថង់ និង៦-សម្លៀកបំពាក់ ១វ៉ាលិស និងកាបូបស្ពាយ ខាងក្រោយ១។
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕