Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកគោយន្ត ស្លាប់៤ របួស៤

ឡានបុកគោយន្ត ស្លាប់៤ របួស៤

កំពង់ចាម ៖ រថយន្ត ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកគោយន្ត ១គ្រឿង ចំពីមុខពេញទំហឹង បណ្តាលឱ្យមនុស្សចំនួន៤នាក់ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែក ៤នាក់ផ្សេងទៀត បាន រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯអ្នកបើកបររថយន្តបង្កហេតុ ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងរវាងរថយន្ត និងគោយន្ត ដោយរថយន្តបង្កហេតុ ម៉ាក Nissan Frontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរ ដោយ ឈ្មោះព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បើកបរ ពីទិសខាងកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកគោយន្ត ១គ្រឿង ដែលកំពុង បើកបរក្នុងទិសដៅពីលិច ទៅកើត (បញ្ច្រាសគ្នា) យ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស ៤នាក់ បានស្លាប់នៅ នឹងកន្លែង  ចំណែក ៤នាក់ទៀត រងរបួសធ្ងន់។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រួមមាន ទី១-ឈ្មោះវ័ន ខន ភេទ ប្រុស អាយុ៤០ឆ្នាំ (ជាអ្នកបើកបរគោយន្ត)។ ទី២-ឈ្មោះគង់ ខុម ភេទស្រី អាយុ៤០ឆ្នាំ។ ទី៣-ឈ្មោះសយ កេន ភេទស្រី អាយុ៦០ឆ្នាំ និងទី ៤-ឈ្មោះនៅ ឈីន ភេទស្រី អាយុ៥៩ឆ្នាំ។

ចំណែកអ្នករងរបួសធ្ងន់ទាំង៤នាក់ រួមមាន ទី១-ឈ្មោះអន ចាន់ថេង ភេទស្រី អាយុ៣៦ឆ្នាំ។ ទី២-ឈ្មោះគង់ កេង ភេទស្រី អាយុ៥២ឆ្នាំ។ ទី៣-ឈ្មោះគង់ ខន ភេទស្រី អាយុ៣៧ឆ្នាំ និងទី៤-ឈ្មោះគង់ ទូច ភេទស្រី អាយុ២៧ឆ្នាំ។ ជនរងគ្រោះទាំង៨នាក់ ខាងលើ មានលំនៅក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូនជន រងគ្រោះដែលរង របួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ រីឯអ្នកបើកបររថយន្ត  ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ចាម។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង រួចអូសយករថយន្តបង្កហេតុ និងគោយន្តរងគ្រោះ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានករណីគ្រោះថ្នាក់ខាងលើនេះ គឺដោយសារ ភាគីរថយន្ត ម៉ាក Nissan Frontier បើកបរមិនប្រកាន់ស្តាំ និងប្រើប្រាស់ល្បឿនលឿន។ ករណីនេះ បណ្តាល ឱ្យស្លាប់មនុស្ស ៤នាក់ (ស្រី៣នាក់) នៅនឹងកន្លែងកើតហេតុ រងរបួសធ្ងន់ចំនួន៤នាក់ (ស្រី) ខូចខាតរថយន្ត និងគោយន្ត ក្នុងកម្រិតធ្ងន់។

សពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES