Wednesday, November 20, 2024
Homeព័ត៌មានជាតិក្រុមហ៊ុនស្រាបៀរលីអូ បរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនជនពិការកម្ពុជា

ក្រុមហ៊ុនស្រាបៀរលីអូ បរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនជនពិការកម្ពុជា

កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនស្រាបៀរលីអូ បានប្រារព្ធពិធីបរិច្ចាគជើងសិប្បនិម្មិតចំនួន១២០ ជូនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC ដើម្បីជួយដល់ជនពិការកម្ពុជា អញ្ជើញមកពីខេត្តបាត់ដំបង និងខេត្តកណ្ដាល។ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក Darm Boonthan តំណាងដ៏ខ្ពង់ខ្ពស់ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្ដរជាតិជាច្រើននាក់ទៀត។

 

គួររំលឹកផងដែរថា យុទ្ធនាការជួយដល់សង្គមរបស់ស្រាបៀរលីអូ ”ចែករំលែកក្ដីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក” រួមសហការជាមួយមូលនិធិជើងសិប្បនិម្មិតនិងមជ្ឃមណ្ឌលកំចាត់មីនកម្ពុជា CMAC បានជួយដល់ជនពិការ តាមរយៈការប្រមូលគម្របកំប៉ុងដែលសាធារណៈជនទាំងអស់បានបរិច្ចាគនៅទូទាំងប្រទេស ដើម្បីផលិតជើងសិប្បនិម្មិត ក្នុងរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី០២ ដល់០៦ ខែមករា ឆ្នាំ២០១៧។

ឆ្លៀតក្នុងឱកាសនោះដែរ លោក Kittinan Kunapermsiri នាយកគ្រប់គ្រងទីផ្សារប្រចាំតំបន់របស់ក្រុមហ៊ុន Singha Asia បានថ្លែងអំណរគុណដល់ភាគីដែលពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមសហការដើម្បីឲ្យយុទ្ធនាការ ”ចែករំលែកក្ដីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក” សម្រេចបានជោគជ័យ និងអរគុណដល់សាធារណៈជនទាំងអស់ដែលបានចូលរួមបរិច្ចាគក្រវិលកំប៉ុង។

ឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឃមណ្ឌលកំចាត់មីនកម្ពុជា CMAC បានឲ្យដឹងថា ”កម្មវិធីផលិតជើងសិប្បនិម្មិតនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅទីបញ្ជាការ CMAC រាជធានីភ្នំពេញ ប្រកបដោយជោគជ័យគួរជាទីមោទនៈក្រៃលែង ពិសេសបងប្អូនជនពិការដែលបានទទួលជើងសិប្បនិម្មិតថ្មី។ ក្នុងនាមថ្នាក់ដឹកនាំនិងជនពិការទាំងអស់ពិតជាមានការកោតសរសើរចំពោះក្រុមបច្ចេកទេស វេជ្ជបណ្ឌិត និងលោកសាស្រ្ដាចារ្យបណ្ឌិត ដែលបានខិតខំអស់កម្លាំងកាយចិត្ត ដោយបានបំពេញភារកិច្ចឆ្លងឆ្នាំថ្មីនៅភ្នំពេញ និងជារៀងរាល់ថ្ងៃ ទាំងអស់គ្នាបានបំពេញភារកិច្ចរហូតដល់ម៉ោង១០ឬ១១យប់ ទើបបានចប់ នេះសបញ្ជាក់ឲ្យឃើញនេះទឹកចិត្តមនុស្សធម៌គួរជាទីគោរពស្រលាញ់គោរព និងកោតសរសើរ”។

តាមរយៈយុទ្ធនាការ ”ចែករំលែកក្ដីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក” យើងបានជួយដល់ជនពិការឲ្យទទួលបានជើងសិប្បនិម្មិត ដើម្បីអាចដើរបានឈរបានដោយខ្លួនឯងឡើងវិញ នឹងអាចបន្តគោលដៅជីវិតរបស់ពួកគេបានតទៅទៀត។

ឯកឧត្តមហ៊ុន ម៉ានិត នាយរងខុទ្ធការល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដោតចំណាប់អារម្មណ៏ថា ”ការចែកជើងសិប្បនិម្មិតនេះ គឺបន្ថែមនៅការចែករំលែកធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនពិការយើងមានការងាយស្រួលក្នុងការធ្វើដំណើរថែមទៀត។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Singha Asia ដែលបានជួយសម្របសម្រួលដល់ការងារនេះ និងមូលនិធិជើងសិប្បនិម្មិត ព្រមទាំងដែលបានផ្ដល់ជើងសិប្បនិម្មិតនេះ ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនស្រាបៀរលីអូ ផងដែរ ដែលបង្កើតកម្មវិធីនេះឡើង ហើយសូមឲ្យកិច្ចសហការនេះនៅមានបន្តទៅទៀត ដើម្បីជួយដល់បងប្អូនពិការកម្ពុជាយើង”៕

RELATED ARTICLES