Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម១០ឆ្នាំ រឹបអូសរណារយន្ត ជាង៦ពាន់គ្រឿង

១០ឆ្នាំ រឹបអូសរណារយន្ត ជាង៦ពាន់គ្រឿង

កោះកុង ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេល ជាង១០ឆ្នាំ មន្ត្រីឧទ្យានុរក្ស ដោយមានការកិច្ចសហការជាមួយអង្គការដៃគូ បានចុះបង្ក្រាបបទល្មើសធន ធានធម្មជាតិ ដោយក្នុងនោះរឹបអូសនិងដកហូតរណារយន្តប្រមាណជាង ៦ពាន់គ្រឿង ដែលក្រុមជនល្មើស ប្រើប្រាស់សម្រាប់កាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។

ថ្លែងក្នុងឱកាសចុះដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះធ្វើទស្សនកិច្ចនៅទីស្នាក់ការស្រែអំបិល ខេត្តកោះកុងនៅថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា រណារយន្តរួមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសនានា ត្រូវបានប្រមូលមករក្សាទុកនៅតាមទីស្នាក់ការល្បាតនានា នៅខេត្តកោះកុង។

លោកនេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិ ស្ថាន និងអង្គការដៃគូ ពាក់ព័ន្ធបានប្រមូលរណារយន្ត បានចំនួន ៦៨៦០គ្រឿង នៅក្នុងក្របខ័ណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណារយន្តនេះ គឺជាបញ្ហាប្រឈមមួយ ដែលជាឧបករណ៍ដែលបំផ្លាញព្រៃឈើ។ រណារយន្ត ក៏ស្ថិតនៅក្នុងផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះ ក៏ស្ថិតនៅក្នុងបទល្មើស សត្វព្រៃដែរ ជាពិសេសគឺការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះដើម្បីកាត់ផ្តូលរំលំដើមឈើ ដើម្បីឱ្យ សត្វស្វារត់ទៅទំកន្លែងដើមឈើ ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។

លោក នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងតំបន់ជួរភ្នំក្រវាញ ការគ្រប់គ្រងបទល្មើសទាំងការដោះអន្ទាក់ មានភាព ល្អប្រសើរ ហើយបទល្មើសដែលកើតឡើង គឺត្រូវបានទប់ស្កាត់និងបង្ក្រាប អន្ទាក់ជាច្រើនត្រូវបានដោះ ដោយ ក្នុងនោះនៅទូទាំងប្រទេស អន្ទាក់ប្រមាណជិត ១០ម៉ឺនអន្ទាក់ ដែលភាគច្រើនគឺត្រូវបានដោះនៅក្នុងជួរភ្នំក្រវាញ។ ជួរភ្នំក្រវាញ គឺជាទិសដៅសំខាន់នៃបទល្មើស ដែលកន្លែងនេះសម្បូរទៅដោយឈើ ក៏ដូចជាសត្វកម្រៗ ដែល មានវត្តមាននៅទីនោះ ហើយការរៀបចំយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តកោះកុង ក៏ជាទិសដៅសំខាន់នៅ ក្នុងការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺជនល្មើស ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព បទល្មើសទាំង អស់នេះ ហើយចូលរួមមកការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង។

លោកអេឌី ឡេកទ័រ ជាប្រធានផ្នែកពង្រឹងការអនុវត្តច្បាប់ នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ របស់អង្គ ការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថាថា រណារយន្ត ត្រូវបានរឹបអូសបាននៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខណៈមានរណារមួយយន្តមួយចំនួន ត្រូវបានកម្ទេច ចោល។ បទល្មើសធនធានធម្មជាតិ នៅតែបន្តកើតមានដ ដែល គ្រាន់តែមានការថយចុះបន្តិច ។

មន្ត្រីផ្នែកអនុវត្តច្បាប់រូបនេះ បានបន្តថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យនេះ នឹងក្លាយជារឿងមួយដែល បាន បញ្ជូនសារដ៏ខ្លាំងក្លាជូនចំពោះជនល្មើសដែលជាអ្នកបរបាញ់សត្វព្រៃ និងអ្នកកាប់ព្រៃឈើខុសច្បាប់ ឱ្យបាន យល់ថា អ្វីដែលពួកគាត់បានប្រព្រឹត្តកន្លងមក គឺមិនល្អនោះទេសម្រាប់ធនធានធម្មជាតិកម្ពុជា។

លោក អេឌី បានបញ្ជាក់ថា សម្រាប់ទីស្នាក់ការស្រែអំបិល គឺមានឧបករណ៍ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជាច្រើន ត្រូវបានប្រមូលមករក្សាទុកនៅទីនេះ។

គួរបញ្ជាក់ថា តាមរយៈវិធានការដែលបានដាក់ចុះដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការគ្នានៅក្នុងការអភិរក្សនៅតំបន់នេះ បានធ្វើឱ្យតំបន់ការពារធម្មជាតិនៅក្នុងខេត្ត ជាពិសេស នៅក្នុងតំបន់ជួរភ្នំក្រវាញ មានភាពល្អប្រសើរឡើង ហើយទីតាំងនេះ ក៏ជាផ្នែកមួយនៃការលក់ឥណទានកា បោនមួយ។ ជាមួយនេះក្រសួងបរិស្ថាន ក៏កំពុងតែពង្រឹងទៅលើប្រសិទ្ធភាពនៃការអភិរក្ស តាមរយៈការដាក់ ចុះនូវផែនការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដែលថវិកាបានមក គឺដើម្បីប្រើប្រាស់ពង្រឹងការអនុវត្តច្បាប់ ពង្រឹង ការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋានផងដែរ៕

RELATED ARTICLES