Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្ជាប់ពាក្យ ហូបនំបញ្ចុក ពុល៣០នាក់

 ភ្ជាប់ពាក្យ ហូបនំបញ្ចុក ពុល៣០នាក់

កំពង់ឆ្នាំង ៖ មនុស្សក្មេងចាស់ប្រុសស្រី ជាង៣០នាក់ បានកើតមានអាការវិលមុខ ឈឺក្បាល ក្អួតចង្អោរ (សង្ស័យ ពុលនំបញ្ចុក) បន្ទាប់ពីអ្នកទាំងនោះ បានទៅចូលរួមក្នុងពិធីភ្ជាប់ពាក្យមួយនៅក្នុងភូមិ និងត្រូវបានម្ចាស់កម្មវិធី រៀបចំនំបញ្ចុកទទួលភ្ញៀវ។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកភូមិនៅតែបន្តកើតមាន អាការពុល និងត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំ និងស្រុកទឹកផុស សរុបមានចំនួនជាង ៣០នាក់ ក្នុងនោះ (ស្រី២២នាក់)។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា ពួកគាត់មានអាការក្អួតចង្អោរ និងឈឺក្បាល ដែលតាមការសន្និដ្ឋាន គឺបណ្តាលមកពីពិសានំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយបញ្ហាកើតឡើងក្រុម ការងារបានចុះស្រាវជ្រាវ ហើយបានសន្និដ្ឋានបឋមថា ពុលនំបញ្ចុក មិនមែនបន្លែ ជាល្បោយនំបញ្ចុកនោះទេ ព្រោះតាមការពិនិត្យស្រាវជ្រាវ នំបញ្ចុកមានសភាពជូរ ផ្អូម ដែលពួកគាត់ពិសាយប់ថ្ងៃទី១៤ ខែឧសភា ហើយថ្ងៃ ១៥ ខែឧសភា ធ្វើទុក្ខខ្លាំង និងថ្ងៃទី១៦ ខែឧសភា ត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកទឹកផុស។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ថា ចំពោះចំនួនជនរងគ្រោះសរុប មានចំនួន៣៥នាក់ (ស្រី២២នាក់) ទោះ យ៉ាងណា ពុំមាននរណាធ្ងន់ធ្ងរឡើយ។ លោកបានបញ្ជាក់ទៀតថា នំបញ្ចុកដែលធ្វើដោយអ្នកភូមិ មិនមាន បញ្ហាទេ ប៉ុន្តែនំបញ្ចុកដែលទិញបន្ថែមពីទីផ្សារ គ្មានប្រភពច្បាស់លាស់ ទើបនាំឱ្យមានបញ្ហាពុលបែបនេះ៕

RELATED ARTICLES