ខេត្តក្រចេះ ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ បានយំទារតាមឪពុករបស់ខ្លួនចេញទៅនេសាទ នៅវេលាទៀបភ្លឺ លុះឪពុកមិនដាច់ចិត្តទុកកូន ចោលនៅផ្ទះម្នាក់ឯង ក៏នាំកូនប្រុសចេញទៅ នេសាទជាមួយគ្នា ទីបំផុតក៏បាត់ខ្លួនទាំង២នាក់ និងត្រូវបានគេប្រទះឃើញសពឪពុកកូន អណ្តែត ទឹកជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។
ជនរងគ្រោះទាំង២នាក់ឪពុកកូន ដែល លង់ទឹកស្លាប់នោះ រួមមានបុរសជាឪពុកឈ្មោះ ណុយ សុផា អាយុ៣៨ឆ្នាំ ចំណែកកូនប្រុស មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ទាំង២នាក់ ឪពុកនិងកូន មានលំនៅក្នុងភូមិចារថ្នោល ឃុំ សំបូរ ស្រុកសំបូរ។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា គ្រួសារ នេះ នៅតែ២នាក់ឪពុក និងកូនប្រុសតូច អាយុ ៤ឆ្នាំប៉ុណ្ណោះ ព្រោះស្ត្រីជាប្រពន្ធបានចេញទៅ ធ្វើការនៅកាស៊ីណូ ឯក្រុងបាវិត ខេត្តស្វាយរៀង ឯណោះ យូរៗទើបមកអើតឈ្ងោកប្តី និងកូន ប្រុសម្តង ចំណែកបុរសជាប្តីសព្វថ្ងៃប្រកបរបរ នេសាទ ដើម្បីចិញ្ចឹមក្រពះ២នាក់ឪពុក រស់នៅ ទាំងត្រដាបត្រដួសខ្វះមុខខ្វះក្រោយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាទៀបភ្លឺថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ បុរសជាឪពុកបានក្រោកពីដំណេក បម្រុងចេញទៅលើកមងដូចសព្វមួយដង ស្រាប់ តែកូនប្រុសបានក្រោកទាន់ក៏យំទារតាមឪពុក ដែរ ធ្វើឱ្យឪពុកមិនដាច់ចិត្តទុកឱ្យកូនប្រុសនៅ ចាំផ្ទះម្នាក់ឯង ក៏យកកូនចេញទៅលើកមង ជាមួយគ្នា។ លុះក្រោយពេលចេញពីផ្ទះឆ្ពោះ ទៅសាមងនៅកន្ទុយកោះ ស្រាប់តែបាត់ខ្លួនទាំង ២នាក់ឪពុកកូន រហូតតែម្តង ដោយឃើញតែ ទូកអណ្តែតក្នុងទឹក ធ្វើឱ្យអ្នកស្រុកភូមិសង្ស័យ ថា ទាំង២នាក់ឪកូននេះ ទំនងជាលង់ទឹកស្លាប់ តែម្តង។
ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះ មកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ អ្នក ភូមិបានប្រទះឃើញសពក្មេងប្រុសរងគ្រោះ ជាកូនបានអណ្តែតនៅលើផ្ទៃទឹក ទើបប្រញាប់ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ប៉ុន្តែរក សពបុរសជាឪពុកមិនឃើញសោះ រហូតមក ដល់វេលាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ទើបគេប្រទះឃើញសពបុរសជាឪពុកបាន អណ្តែតឡើង។
ក្រោយប្រទះឃើញសព សមត្ថកិច្ចបាន ចុះអន្តរាគមន៍ស្រង់សព មកពិនិត្យនិងធ្វើកោ សល្យវិច័យ រួចបញ្ជាក់ ជនរងគ្រោះពិតស្លាប់ ដោយសារលង់ទឹកប្រាកដមែន។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នៅ អំឡុងពេលជិះទូកសាមង កូនប្រុសតូចទំនង ជាធ្លាក់ចូលទៅក្នុងទឹកទើបឪពុកស្ទុះលោតទឹក បំណងជួយស្រង់កូនប្រុស តែអកុសលបែរជា លង់ទឹកស្លាប់ទាំង២នាក់ឪពុក និងកូនយ៉ាង អាណោចអាធ័មបែបនេះតែម្តង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕