ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានដើររអិលជើងធ្លាក់ ចូលទៅក្នុងប្រឡាយទឹក ហែលមិនរួច ក៏បណ្តាល ឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹក ក្បែរផ្លូវលំ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ។
បុរសរងគ្រោះ ដែលលង់ទឹកស្លាប់នោះ មានឈ្មោះកាន់ សុខគង់ ហៅដា អាយុ៣៣ ឆ្នាំ មានប្រពន្ធឈ្មោះសៅ វី អាយុ២៩ឆ្នាំ និង មានកូនស្រី២នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្ស ប្រមឹក តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និង មិនសូវហូបបាយទឹកនោះទេ។ នៅមុនពេល កើតហេតុ ជនរងគ្រោះបានដើរចេញទៅផឹកស្រា រួចបាត់ខ្លួនតាំងពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ ដោយមិនឃើញវិលត្រឡប់មកផ្ទះ វិញទេ ហើយភ្លាមៗនោះ ក្រុមគ្រួសារបានចែក ផ្លូវគ្នាតាមរកជនរងគ្រោះដែរ តែមិនប្រទះឃើញ សោះ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ក៏មានអ្នកភូមិបានប្រទះឃើញ ជនរងគ្រោះអណ្តែតទឹកប្រឡាយក្បែរផ្លូវស្លាប់ ក៏ប្រញាប់រត់មកប្រាប់ក្រុមគ្រួសារឱ្យដឹង នាំគ្នា ទៅមើលដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញ ថា ពិតជាសពជនរងគ្រោះដែលបានដើរបាត់ ពីផ្ទះ១យប់ប្រាកដមែន។ បន្ទាប់មក ក្រុមគ្រួសារ និងអ្នកភូមិ បាននាំគ្នាស្រង់សពឡើងមកលើគោក រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹក- ប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ អាចផឹកស្រាស្រវឹងខ្លាំងពេក ហើយ ក៏ដើររអិលជើងធ្លាក់ចូលប្រឡាយក្បែរផ្លូវ ទើបមិនអាចហែលរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់ បែបនេះតែម្តង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕