Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកបញ្ឈរជើង អធិការរងបើកជល់មាន់

ដកបញ្ឈរជើង អធិការរងបើកជល់មាន់

រតនគិរី ៖ អធិការរងស្រុកកូនមុំ ខេត្តរតនគិរី មួយរូប ដែលជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទីភារកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម បង្ក្រាបបទល្មើស បនល្បែងស៊ីសង ក្នុងមូលដ្ឋាន តែបែរជាលួចបើក សង្វៀនបញ្ជល់មាន់ នៅផ្ទះរបស់ខ្លួន ទីបំផុតត្រូវបានថ្នាក់លើសម្រេចដកបញ្ឈរជើង។

មន្ត្រីនគរបាលដែលត្រូវបានដកបញ្ឈរជើងនោះ មានឈ្មោះអ៊ិត សឿង ជាមន្ត្រីនគរបាលជាតិមានឋា នន្តរស័ក្តិវរសេនីយ៍ត្រី តួនាទីជាអធិការរងនគរបាលស្រុកកូនមុំ។

គួរបញ្ជាក់ថា ថ្មីៗកន្លងទៅនេះ មានការបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គម នូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាពកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាល ចុះទៅកាន់ផ្ទះលោកវរសេនីយ៍ត្រីអ៊ិត សឿង អធិការរងនគរបាលស្រុកកូនមុំ សំណូមពរឱ្យបញ្ឈប់ការបើក លេងល្បែងបញ្ជល់មាន់ ដោយសហការគ្នា បង្ក្រាប បនល្បែងស៊ីសងដែលមាននៅក្នុងសង្គម។ ប៉ុន្តែករណីនេះ ធ្វើឱ្យអធិការរងលោកអ៊ិត សឿង ខឹងសម្បា ប្រើ ពាក្យសម្តីមិនគប្បីមកកាន់នាយប៉ុស្តិ៍នគរបាល ដោយយកអំណាចខ្លួនជាអធិការរង មកគ្របដណ្តប់កូនចៅ ទើបរឿងមួយនេះ ត្រូវបានអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហោះព្រោងព្រាត ប្រ មាណជាជិតមួយសប្តាហ៍ ទៅហើយ។ ទីបំផុតត្រូវបានលោកស្នងការនគរបាលខេត្តរតនគិរី សម្រេចដកបញ្ឈរ ជើងតែម្តង។

យោងតាមលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលអង្គភាពសារព័ត៌មាន បានទទួលកាល ពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចដូចខាងក្រោម ៖

ប្រការ១- ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះលោកវរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០៩ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុប្រព្រឹត្តខុសទៅនឹងវិន័យរបស់កម្លាំងនគរបាលជាតិ។

ប្រការ២- លោកវរសនីយ៍ត្រី អ៊ិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិកដើម្បី រង់ចាំការចង្អុលណែនាំរបស់នាយកដ្ឋានបុគ្គលិក។

 ប្រការ៣- លោក-លោកស្រីស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកកូនមុំ លោកប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន លោកអ៊ិត សឿង បានទេកាល ពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES