Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយ សង២ដែកឆាប ១០ខែជាប់ខ្នោះ

ជំពាក់លុយ សង២ដែកឆាប ១០ខែជាប់ខ្នោះ

ភ្នំពេញ ៖ ជនដៃដល់ជាឃាតករម្នាក់ ដែលបានចាក់ម្ចាស់បំណុលរបស់ខ្លួន ចំនួន២ដែកឆាប ចំដើមទ្រូង បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចផ្សារសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រួចបានរត់គេចខ្លួន អស់រយៈពេល១០ខែ មកហើយនោះ ទីបំផុតត្រូវសមត្ថ កិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជាឃាតករនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាន ចាន់គឹមហុង ភេទប្រុស អាយុ២២ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះយឺន សំណាង ហៅសំណាង ភេទប្រុស អាយុ៥៦ឆ្នាំ ជាមន្ត្រីនរគរបាល។ រវាងជនរងគ្រោះ និងជនដៃដល់ ស្នាក់នៅប្លុកសហគមន៍បុរីកីឡា ដូចគ្នា គ្រាន់តែអគារខុសគ្នាប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាឃាតករខាងលើនេះធ្វើឡើងក្រោម ការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និងបញ្ជាដឹកនាំ ដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។ ក្រោយពីទទួលបាន បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាល ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំង ជំនាញបើកការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះសាន ចាន់គឹមហុង បាននៅត្រង់ចំណុចភូមិទ្រង់មាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ  រួចបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ។

ប្រភពដដែល បន្តថា ជនសង្ស័យឈ្មោះសាន ចាន់គឹមហុង ក្រោយពីបានធ្វើសកម្មភាពចាក់សម្លាប់ជន រងគ្រោះ ឈ្មោះយឺន សំណាង រួចហើយ ក៏បានរត់គេចខ្លួនបាត់។ លុះមកដល់វេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនឈ្មោះសាន ចាន់គឹមហុង ពីបទឃាតកម្ម តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១៤៨៧ “ក១” ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោកហុក ពៅ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាន នាំខ្លួនទៅកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ជាម្ចាស់ករណី ចាត់ការបន្តតាមនីតិវិធី ។

គួររំលឹកថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចផ្សារសហគមន៍បុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបុរសម្នាក់ កំពុងអង្គុយផឹកស៊ី ស្រាប់តែប្រពន្ធរបស់ខ្លួនបានដើរមកប្រាប់ថា កូនបំណុលមិនព្រមសងលុយ ចំនួន២០០ដុល្លារ ទើបបុរសជាប្តី ក្រោកចេញទៅជួយទារបំណុលប្រពន្ធ លុះទៅដល់ ក៏កើតមានជម្លោះតឹងសរសៃកជាមួយកូនបំណុល ស្រាប់ តែរំពេចនោះ ភាគីកូនបំណុល បានទាញដែកឆាប ចាក់ប្រហារបុរសជាម្ចាស់បំណុល ចំនួន២ដែកឆាប ចំដើម ទ្រូង បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនដៃដល់ជា ឃាតករ បានរត់គេចខ្លួនបាត់។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះកំពុង អង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិប៉ុន្មាននាក់ទៀត នៅអគារស្នាក់នៅរបស់ខ្លួន។ លុះមកដល់វេលាម៉ោងកើត ហេតុ ស្រាប់តែស្ត្រីជាប្រពន្ធជនរងគ្រោះ បានដើរមកប្រាប់ជនរងគ្រោះជាប្តីថា នាងបានទៅទារលុយពីជន សង្ស័យ ដែលបានជំពាក់ ចំនួន២០០ដុល្លារ តែជនសង្ស័យ មិនព្រមសង។ លុះឮប្រពន្ធប្រាប់បែបនេះបុរសជា ប្តីដែលកំពុងផឹកស្រាស្រវឹងផង ក៏ផ្ទុះកំហឹង ស្ទុះក្រោកដើរចេញពីវង់ផឹក សំដៅទៅអគារស្នាក់នៅរបស់ជន សង្ស័យ ដើម្បីជួយទារលុយឱ្យប្រពន្ធរបស់ខ្លួន លុះពេលទៅដល់ ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នា និង ឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែរំពេចនោះ ជនសង្ស័យបានយកដែកឆាបពីក្នុងហោប៉ៅ ចាក់ប្រហារជនរងគ្រោះ ចំដើមទ្រូង ចំនួន២ដែកឆាប បណ្តាលឱ្យហូរឈាមស្រោចខ្លួន រងរបួសយ៉ាងធ្ងន់។ ចំណែកជនដៃដល់ ក្រោយពីចាក់ប្រហារជនរងគ្រោះរួចហើយ ក៏បានរត់គេចខ្លួនចេញពីកន្លែងកើត ហេតុបាត់ ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅជិតខាង និងប្រពន្ធរបស់ជនរងគ្រោះ បានទាក់ទងទៅសមត្ថកិច្ចមូល ដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ ឱ្យចុះមកជួយអន្តរាគមន៍ និងដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យព្រះ កុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរង គ្រោះបានដាច់ខ្យល់ស្លាប់៕

RELATED ARTICLES