ភ្នំពេញ ៖ បុរសម្នាក់ បានជួបជុំផឹកស៊ីជាមួយអ្នកស្គាល់គ្នា លុះក្រោយមក កើតមានទំនាស់នឹងគ្នាពីរឿងបាត់លុយ ១០ម៉ឺនរៀល រហូតធ្វើឱ្យភាគីម្ខាង បាននិយាយប្រមាថទៅលើកិត្តិយសកូនស្រីរបស់គូទំនាស់ខ្លួនថា “កូនស្រីធ្លាប់ ដេកជាមួយខ្លួនច្រើនដងមកហើយ” ជាហេតុធ្វើឱ្យ បុរសជាឪពុកខឹងសម្បា ក៏ស្ទុះទៅវាយអ្នកដែលប្រមាថកូន ស្រីខ្លួន ស្រាប់តែរំពេចនោះ ជនដៃដល់ទាញកាំបិតចាក់ប្រហារជនរងគ្រោះ ចំនួន៤កាំបិត បណ្តាលឱ្យដួលស្លាប់ ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់។
ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦និង៤៥នាទីព្រ លប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបេតុង មុខបន្ទប់ជួល ស្ថិតក្នុងភូមព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលត្រូវជនដៃដល់ចាក់ ៤កាំបិត បណ្តាលឱ្យស្លាប់ មានឈ្មោះគឹម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ 4B ស្ថិតក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមក្រាំង ដូង ឃុំសំរោងក្រោម ស្រុកបន្ទាសមាស ខេត្តកំពត។ ចំណែកជនដៃដល់ជាឃាតករ ដែលបានរត់គេចខ្លួនបាត់ មានឈ្មោះប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីជនរងគ្រោះ (២នាក់ប្តី ប្រពន្ធ) បានផឹកស៊ីជួបជុំគ្នាជាមួយមិត្តភក្កិ រួមទាំងជនដៃដល់ ចំនួន៤នាក់នៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ។ នៅពេលនោះ ជនដៃដល់បានយកធុងបាស់ទៅបញ្ចាំឱ្យ ប្រពន្ធជនរងគ្រោះ ចំនួន២០០០០រៀល ក្រោយមក បុរស ជាជនដៃដល់ បានសុំចូលបត់ជើងក្នុងបន្ទប់ទឹក រួចក៏ចេញមកវិញ ផឹកស៊ីបន្តទៀត រហូតដល់ស្រវឹង ស្រាប់តែ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឆោឡោថា “បាត់លុយចំនួន ១០ម៉ឺនរៀល” ដោយស្ត្រីជាប្រពន្ធជនរងគ្រោះ អះអាង ថា បានឃើញជនដៃដល់បានយកលុយរបស់ខ្លួន តែជនដៃដល់ប្រកែកថា មិនបានយកទេ ។ បន្ទាប់មកស្ត្រីជា ប្រពន្ធរបស់ជនរងគ្រោះ បានទារលុយពីជនដៃដល់វិញ ប៉ុន្តែជនដៃដល់មិនព្រមឲ្យ រួចឆ្លើយថាមិនបានយក។
ប្រភពដដែល បន្តថា បន្ទាប់ពីប្រកែកគ្នារួច ជនដៃដល់បានសុំទៅផ្ទះមុន ដោយនិយាយថា ឲ្យធុងបាស់ របស់ គេវិញ ភ្លាមៗនោះ ស្ត្រីប្រពន្ធជនរងគ្រោះប្រាប់ថា “បើចង់យកធុងបាស់ទៅវិញ ត្រូវសងលុយ ២០០០០រៀល ថ្លៃបញ្ចាំធុងបាស់សិន ព្រោះអត់មានលុយទិញម្ហូបព្រឹកស្អែកទេ” តែជនដៃដល់មិនព្រមឲ្យវិញនោះទេ ក៏កើតជា ជម្លោះពាក្យសម្តីតែម្តង។ ក្រោយមក ជនដៃដល់បានជេរប្រមាថ និងមើលងាយទៅលើក្រុមគ្រួសាររបស់ជនរង គ្រោះ ដោយនិយាយថា “កូនស្រីរបស់ជនរងគ្រោះ ធ្លាប់ដេកជាមួយរូបគេជាច្រើនដង”។ ភ្លាមៗនោះ បុរសរង គ្រោះខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅវាយជនដៃដល់មួយដៃ ចំណែកជនដៃដល់ បានទៅវាយស្ត្រីជាប្រពន្ធជនរងគ្រោះ មួយដៃ ចំផ្ទៃមុខដែរ។ បន្ទាប់មក បុរសរងគ្រោះ និងប្រពន្ធ បានទាញដំបងឈើ ប្រវែងជាង១ម៉ែត្រ ប៉ុនកដៃក្មេង ដេញវាយជនដៃដល់ ធ្វើឱ្យជនដៃដល់រត់គេចខ្លួនបាត់ទៅ។
ប្រភពខាងលើ បញ្ជាក់ថា លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញជនដៃដល់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4317 តែម្នាក់ឯង ត្រឡប់មកកន្លែងកើតហេតុវិញ រួចឈប់ ពីមុខបន្ទប់ជួលជនរងគ្រោះ ហើយស្រែកជេរប្រមាថទៅលើជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធនិង កូនស្រីម្តងទៀត ដោយប្រើពាក្យដដែលថា “ធ្លាប់ដេកជាមួយកូនស្រីជនរងគ្រោះច្រើនដងហើយ” ជាហេតុធ្វើឱ្យជនរងគ្រោះខឹង សម្បា ក៏ស្ទុះទៅប្រវាយប្រតប់ជាមួយជនដៃដល់ ធ្វើឱ្យដួលម៉ូតូ។ បន្ទាប់មកជនដៃដល់បានទាញកូនកាំ បិតចិត បន្លែ ចាក់បុរសរងគ្រោះ ចំដងខ្លួនចំនួន៤កាំបិត បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុក ឈាមតែម្តង ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការ សាកសួរ និងធ្វើកំណត់ហេតុ ហើយស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកចាត់ការតាមច្បាប់។
ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃ ណី៕