ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបបាន ដោយដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៥កញ្ចប់ លុះសមត្ថកិច្ចហៀបនឹងនាំខ្លួនចេញទៅកាន់ប៉ុស្តិ៍ នគរ បាល ស្រាប់តែលេចមុខស្ត្រីជាប្រពន្ធជនសង្ស័យ មកដល់ ទួញយំរៀបរាប់ និងសុំថើបប្តី ១ខ្សឺត ជាការលាគ្នា។ករណីបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុំ ផល្លា មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកអន្តរាគមន៍នៃអធិការនគរបាលខណ្ឌមានជ័យ បានសហការជាមួយកំលាំង ប៉ុស្តិ៍ចាក់អង្រែលើ ចុះល្បាតត្រួតពិនិត្យតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ប្រទះឃើញជនសង្ស័យឈ្មោះសុំ ផល្លា កំពុងឈរនៅតាមផ្លូវ ដោយ មានការសង្ស័យ សមត្ថកិច្ចបានចូលទៅសាកសួរ និងសុំធ្វើការត្រួតពិនិត្យ ស្រាប់តែប្រទះឃើញមានម្សៅ ក្រាមសថ្លា ចំនួន៥កញ្ចប់តូច នៅលើដីក្បែរជើងរបស់ជនសង្ស័យ (ទម្លាក់ចោល) ហើយក៏បាននាំខ្លួនមក ប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ តែម្តង។
អ្វីដែលជារឿងភ្ញាក់ផ្អើល គឺមុនពេលដែលសមត្ថកិច្ចនាំជនសង្ស័យចេញពីទីតាំងខាងលើ ស្រាប់តែលេចមុខស្ត្រី ម្នាក់ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានមកដល់ ទួញយំរៀបរាប់ អាណិតប្តីរបស់ខ្លួន បន្ទាប់មបានសុំ ថើប ប្តី ១ខ្សឺត មុនបែកគ្នា។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕