ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានចូលមកសុំធ្វើការងារជាមួយម្ចាស់ផ្ទះម្នាក់ លុះក្រោយមក ក៏បែកគំនិតបន្លំ លួចរបស់របរនៅក្នុងផ្ទះ ជាញឹកញាប់ លុះម្ចាស់ផ្ទះមានការសង្ស័យ ឆែកមើលតាមកាមេរ៉ាសុវត្ថិភាពឃើញ សកម្មភាពរបស់ជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។ការឃាត់ខ្លួនកូនឈ្នួលលួចរបស់របរក្នុងផ្ទះថៅកែខ្លួនឯងនេះ ធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីហុក ឆេង ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគន់ សុភក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ប្រាកដស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។តាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ផ្ទះរងគ្រោះ បានឱ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យមកសុំធ្វើការជាមួយ តែធ្វើមិនបានជាប់លាប់នោះទេ គឺនៅពេលណាត្រូវការប្រញាប់ ទើបហៅមកប្រើ។ ហើយចាប់តាំងពីខែមីនា រហូតមកដល់ថ្ងៃកើតហេតុនេះ សម្ភារៈរបស់របរនៅផ្ទះរបស់គាត់ គឺតែងតែបាត់ជារឿយៗ ដោយរកមុខចោរមិន ឃើញទាល់តែសោះ។

ម្ចាស់ផ្ទះបន្តថា រហូតមកដល់ថ្ងៃទី០១ ខែមិថុនា ជនសង្ស័យបានធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទដៃ មួយគ្រឿង ម៉ាកអូប៉ូ ពីបុគ្គលិកអ្នកធ្វើការជាមួយគ្នា បានសម្រេច រួចយកទៅលក់ចាយវាយអស់។ លុះមកដល់វេលា យប់ថ្ងៃ កើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពបន្លំលួចយកគ្រោងដែកសម្រាប់តុបតែងខ្លោងទ្វាររោងការទៀត ដោយ ជនសង្ស័យបានហៅម៉ូតូកង់បីមកដឹកយកចេញផ្ទះទៅ បម្រុងលក់ តែមិនទាន់បានលក់ ស្រាប់តែជនសង្ស័យ ដើរត្រឡប់មកផ្ទះកើតហេតុវិញ គាប់ជួនពេលនោះ ម្ចាស់ផ្ទះបានឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញមុខជន សង្ស័យច្បាស់ កំពុងតែលើកយកអីវ៉ាន់ម្ចាស់ផ្ទះ ក៏សហការគ្នាស្ទាក់ចាប់ខ្លួនជនសង្ស័យតែម្តង។ ពេលនោះមាន ទាំងកម្លាំងសន្តិសុខយាមក្នុងបុរី បានយកខ្នោះដៃ មកចាប់ជនសង្ស័យ រួចក៏រាយការណ៍ប្តឹងទៅសមត្ថ កិច្ចមូល ដ្ឋាន ឱ្យចុះមកនាំខ្លួនជនសង្ស័យ យកទៅសាកសួរនៅប៉ុស្តិ៍ ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចរាល់ហើយ សមត្ថកិច្ចបានធ្វើការសាក សួរជនសង្ស័យ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕



