ស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាយ៉ាងសកម្មភាពខាងលួចគោក្របី ដឹកទៅសម្លាប់ វះយកសាច់ ត្រូវអស់លក្ខណ៍ ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់ក្របួចជាប់ ខណៈកំពុងជិះម៉ូតូដឹកកូនតូច និងដឹកសាច់ភ្លៅគោ របស់ អ្នកភូមិ ដែលទើបនឹងលួចបាន ពន្លះយកសាច់ បម្រុងដឹកយកទៅលក់។
ករណីឃាត់ខ្លួនចោរលួចគោពន្លះយកសាច់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិកំភុន ឃុំកំភុន ស្រុកសោន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡុង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោកវរសេនីយ៍ឯក ទេស ភាលាភ អធិការស្រុកសេសាន បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៣ ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបាន រាយការណ៍ប្តឹងមកកម្លាំងនគរបាលស្រុកសេសាន ពីករណីបាត់គោ ហើយប្រទះឃើញសត្វគោ ត្រូវគេសម្លាប់ វះយកសាច់ នៅវេលាម៉ោង ៤និង៤៥នាទីរសៀល។
លោកអធិការ បានបន្តថា បន្ទាប់ពីទទួលបានបណ្តឹងខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលកំភុន សហការជាមួយ ប្រជាការពារ ក្រោមការដឹកនាំបញ្ជាពីជំនាញព្រហ្មទណ្ឌស្រុកសេសាន បានចុះធ្វើការស្រាវជ្រាវ និងឈាន ដល់ការឃាត់ជនសង្ស័យឈ្មោះឡុង ហ៊ាង ដែលកំពុងជិះម៉ូតូដឹកកូនប្រុសតូចម្នាក់ រួមនិងសាច់គោ ជាច្រើន គីឡូក្រាម។
លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចគោរបស់អ្នកស្រុក ១ក្បាល និងបាន លួចវះផ្នែកភ្លៅគោចំនួន ៣ភ្លៅ ហើយដឹងតាមម៉ូតូ សំដៅចេញទៅលក់នៅអូរពងមាន់។លោកអធិការ បានបន្ថែម ថា មុខសញ្ញានេះ កម្លាំងបានតាមដាននិងឃ្លាំមើលយូរមកហើយ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បាន ចាប់យកវត្ថុតាង រួមមាន សាច់គោ ៣ភ្លៅ ម៉ូតូស៊ុយស៊ូគី ស្មាស់ ១គ្រឿង គ្មានស្លាកលេខ គ្មានអាវ កាំបិតស្នៀត ១ដើម ដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែ ១ដើម ដងជ័រពណ៌ខ្មៅ ពូថៅ ១ ដងឈើ ខ្សែចងគោ ពណ៌ស ៣ខ្សែ ការុង៣ ថង់ប្លាស្ទិកធំ១ ទទឹងដាក់ទទា៨ និងទូរស័ព្ទ ១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចគោរបស់ប្រជាពលរដ្ឋ មកសម្លាប់កាប់សាច់ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕