Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អត់លុយ ចូលផឹកស៊ីឱបស្រី ខឹងមេអត់ប៉ាវ គប់បែក កញ្ចក់ឡាន

 អត់លុយ ចូលផឹកស៊ីឱបស្រី ខឹងមេអត់ប៉ាវ គប់បែក កញ្ចក់ឡាន

បន្ទាយមានជ័យ ៖ បុរសជាកម្មករផ្សារដែកម្នាក់ បានចូលទៅផឹកស៊ី ច្រៀងខារ៉ាអូខេជាមួយមេជាងរបស់ខ្លួន យ៉ាងសប្បាយក្អាកក្អាយ ទាំងគ្មានលុយ១រៀលជាប់ខ្លួន និងនឹករំពឹងថាមេជាអ្នកចេញលុយប៉ាវ ទើបសប្បាយ អស់ដៃ ហៅទាំងនារីខារ៉ាអូខេ មកអង្គុយកំដរ ឱបរឹតទៀតផង ដឹងអីពេលគិតលុយ បុរសជាមេជាងបានប្រាប់ ឱ្យរៃលុយគ្នា រួចក៏ដើរចេញទៅបាត់មុន ធ្វើឱ្យជនសង្ស័យដែលគ្មានសូម្បីលុយឱ្យធីប ក៏កើតចិត្តខឹងសម្បាទាញ ដុំថ្មគប់កញ្ចក់រថយន្តមេជាងរបស់ខ្លួន បណ្តាលឱ្យបែកអស់១ផ្ទាំង លុះជនរងគ្រោះ ដាក់ពាក្យប្តឹងក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនាខាងឡើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខារ៉ាអូខេឌីហ្គោល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ ផានិត ហៅខ្លឹង អាយុ៣៧ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅស្រុកអូរជ្រៅ (មានសារធាតុញៀន)។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណី ធ្វើឱ្យខូចខាតដោយចេតនា ក្នុងហាងខារ៉ាអូខេ យីហោឌីហ្គោល (D-Gold) ដោយសារតែខឹងមេជាងឱ្យចេញថ្លៃ ផឹកស៊ី និងថ្លៃបន្ទប់ខារ៉ាអូខេ ក៏យកដុំឥដ្ឋគប់កញ្ចក់រថយន្ត មេជាង បណ្តាលឱ្យរងការខូចខាត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋប្រហោង គប់ទៅលើ កញ្ចក់រថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9620 របស់មេជាងផ្សាដែក របស់ ខ្លួនប្រាកដមែន។ មូលហេតុ ដោយសារខឹងមេជាងរបស់ខ្លួន ឱ្យជួយចេញថ្លៃបន្ទប់ KTV ទាំងខ្លួនមិនមានលុយ ហើយមេជាង បានដើរចេញទៅក្រៅ ទើបធ្វើឱ្យខ្លួនមានចិត្តខឹង និងសារធាតុគ្រឿងញៀនរើឡើងផង ក៏បានយក ដុំឥដ្ឋ គប់កញ្ចក់រថយន្តមេជាងនោះតែម្តង។

ជនសង្ស័យខាងលើ បានបន្តថា មុនពេលកើតហេតុ ខ្លួនបានទៅចូលរួមផឹកស៊ី និងចូលខារ៉ាអូខេ ជាមួយមេជាង (ជនរងគ្រោះ) ទាំងដែលខ្លួនមិនមានលុយ ១រៀល ជាប់ខ្លួននោះទេ ហើយនឹករំពឹងថាមេជាងជាអ្នកប៉ាវ ដឹងអី ក្រោយពីផឹកស៊ី ឱបស្រីយ៉ាងសប្បាយចប់ ពេលគិតលុយ បែរជាមេជាងប្រាប់ឱ្យជួយចេញលុយគ្នាទាំងដែលខ្លួន គ្មានលុយសូម្បីឱ្យធីបស្រី ទើបធ្វើឱ្យខ្លួនមានចិត្តខឹងសម្បាតែម្តង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្ត ផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES