Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញហើយ ក្មេងប្រុសខឹងម៉ែជេរ រត់ចោលផ្ទះ

រកឃើញហើយ ក្មេងប្រុសខឹងម៉ែជេរ រត់ចោលផ្ទះ

កណ្តាល ៖ ក្មេងប្រុសម្នាក់ ដែលតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួច បែកគំនិតលួចរត់ចេញពីផ្ទះ តាំងពី​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដោយបន្សល់ទុកលិខិត ១ច្បាប់ សរសេរផ្តាំម្តាយថា “ម៉ាក់កូនចេញពីផ្ទះ” ធ្វើឱ្យ​ក្រុមគ្រួសារភ័យព្រួយ ប្តឹងសមត្ថកិច្ចតាមស្វែងរកអស់ប្រមាណជាង ១ខែរួចមក ទីបំផុតត្រូវបានសមត្ថកិច្ចស្រាវ​ជ្រាវរកឃើញវិញហើយ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងកាលពី​យប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ថា ករណីកុមារឈ្មោះភា ប៉ោឡុង អាយុ១០ឆ្នាំ ដែលខឹងម្តាយហើយរត់​ចេញពី​ផ្ទះ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ កុមារឈ្មោះភា ប៉ោងឡុង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ច្បារអំពៅ​ទី២ ប្រទះឃើញ និងបាននាំមកប៉ុស្តិ៍។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសហការទៅយកកុមារខាងលើនៅប៉ុស្តិ៍នគរ​បាល​រដ្ឋបាលច្បារអំពៅទី២ ដើម្បីសាកសួរតាមនីតិវិធី។

គួររំលឹកថា ក្មេងប្រុសឈ្មោះភា ប៉ោឡុង អាយុ១០ឆ្នាំ ហេតុតែតូចចិត្តនឹងម្តាយស្តីបន្ទោស រឿងមិនខិតខំរៀនសូត្រ បែរជាបែកគំនិតលួចរត់ចេញពីផ្ទះ ដោយបន្សល់ទុកលិខិត ១ច្បាប់ សរសេរជូនដំណឹងម្តាយថា “ម៉ាក់កូនចេញ​ពីផ្ទះ” ធ្វើឱ្យក្រុមគ្រួសារភ័យព្រួយ តាមស្វែងរកកូនគ្រប់ច្រកល្ហក នៅតែមិនឃើញ រហូតធ្វើឱ្យមានការចែក​រំលែកព័ត៌មានតៗគ្នា ផ្អើលពេញបណ្តាញសង្គម។

ជុំវិញករណីខាងលើនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្លាប់​បាន​បញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល​ខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញ និងកម្លាំង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវករណី​ខាង​លើជាបន្ទាន់។

តាមការរៀបរាប់របស់ឈ្មោះស៊ុន កេសា អាយុ២៩ឆ្នាំ ជាម្តាយបង្កើតកុមារឈ្មោះភា ប៉ោឡេង បានរៀបរាប់​ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ គាត់បានស្តីបន្ទោស​ឱ្យកូនប្រុសគាត់ រឿងមិនខិតខំរៀនសូត្រ។ លុះដល់វេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃដដែល ប្តីក្រោយ​របស់​គាត់ បានត្រឡប់មកពីធ្វើការមិនឃើញកូននៅផ្ទះ។ រហូតដល់ម៉ោង ៩និង៣០នាទី ថ្ងៃដដែល នៅតែមិនឃើញ​មកទៀត ទើបទូរស័ព្ទប្រាប់គាត់ ហើយគាត់ក៏បានត្រឡប់មកផ្ទះវិញ បានឃើញសំបុត្រ ១សន្លឹករបស់កូនសរ​សេរ​ថា “ម៉ាក់ កូនចេញពីផ្ទះ” ក្រោយមកគាត់ក៏បានស្វះស្វែងដើររកកូនគ្រប់ច្រកល្ហកតែមិនឃើញ ទើបទៅដាក់ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ឱ្យចុះជួយស្វែងរកតែម្តង៕

RELATED ARTICLES