កំពង់ចាម ៖ ដូនចាស់ វ័យ៨៥ឆ្នាំម្នាក់ ស្នាក់នៅជាមួយកូនស្រីទី៦ ត្រូវកូនស្រីជេរស្តី បណ្តេញរូបគាត់ចេញពីផ្ទះ រាល់ថ្ងៃ ទាំងដែលដីសង់ផ្ទះនៅសព្វថ្ងៃ គឺជាកម្មសិទ្ធិរបស់គាត់ជាម្តាយ ឯកូនស្រីគ្រាន់តែរួមចំណែកសាងសង់ផ្ទះ អស់៧ពាន់ដុល្លារប៉ុណ្ណោះ ជាហេតុធ្វើឱ្យគាត់ជា ម្តាយ កើតទុក្ខមិនសុខចិត្ត ទទូចសុំឱ្យអាជ្ញាធរជួយរកយុត្តិធម៌។លោកយាយអភ័ព្វដែលអះអាងថាត្រូវកូនស្រីជេរស្តី បណ្តេញចេញពីផ្ទះ មានឈ្មោះផៃ យ៉ូន អាយុ៨៥ឆ្នាំមានលំ នៅក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ សព្វថ្ងៃលោកយាយរស់នៅជាមួយនឹងកូនស្រីទី៦ អាយុ ជាង៤៤ឆ្នាំ ។

លោកយាយ ផៃ យ៉ូន បានបញ្ជាក់ប្រាប់ថា តាមចិត្តរបស់គាត់ គឺសូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើយ៉ាង ណាឱ្យដេញកូនស្រីឈ្មោះ សុឃាន់ ចេញពីផ្ទះ ព្រោះដីសាងសង់ផ្ទះឈើថ្មីនេះ គឺជាដីរបស់គាត់ មិនមែនជា ដីរបស់កូនស្រីនោះទេ។ លោកយាយបន្តថា ក្នុងពេលដែលសាងសង់ផ្ទះឈើថ្មី ២ខ្នងនេះ កូនស្រីទី៦ របស់ លោកយាយ បានរួមចំណែកចេញថ្លៃសាងសង់អស់តែ៧ពាន់ដុល្លារប៉ុណ្ណោះ។ ក្រោយពីមានជម្លោះកើតឡើង កូនស្រីបានទាមទារចំនួន ២ម៉ឺនដុល្លារ តែគាត់ជាម្តាយ មិនមានលុយឱ្យទេ។
លោកយាយ បានបន្ថែមថា រាល់ថ្ងៃនេះ លោកយាយមានកូន ៧នាក់ (ប្រុស៥ ស្រី២) ចំណែកកូនស្រីទី៦ ឈ្មោះសុឃាន់ នេះ គឺនៅជាមួយគាត់រាល់ថ្ងៃ ហើយជារឿយៗតែងតែដេញគាត់ឱ្យចុះពីលើផ្ទះ តែគាត់ មិនព្រមទៅណានោះទេ។ កន្លងទៅ កូនស្រីនេះ បានចោលដំបងមកលើគាត់ តែសំណាងគាត់ឱនគេចផុត បើពុំនោះទេ នឹងត្រូវមួយដំបងហើយ។ ទំនាស់នេះ ចេះតែកើតឡើងអូសបន្លាយរហូតមកដល់សព្វថ្ងៃ គឺជិត៣ឆ្នាំមកហើយ សូម្បីតែឈឺបត់ជើងតូច ជើងធំ ក៏កូនស្រីមិនឱ្យចូលបន្ទប់ទឹកដែរ គឺគាត់ដើរទៅបត់ជើង នៅផ្ទះកូនស្រីច្បង ឈ្មោះសុខឃាង ដែលមានផ្ទះនៅទល់មុខគ្នា។

លោកយាយ ផៃ យ៉ូន បានបន្តថា ចំពោះប្រាក់កូនស្រីទាមទារ ២ម៉ឺនដុល្លារនោះ គាត់គ្មានលទ្ធភាពឱ្យទេសូម្បី តែដីស្រែប្រាំង នៅឆ្ងាយពីភូមិ បម្រុងលក់ឱ្យគេ ក៏ត្រូវកូនស្រីជំទាស់ មិនឱ្យលក់ដែរ។ ជាសំណូមពររបស់លោកយាយ គឺឱ្យរស់នៅផ្ទះឈើចែកគ្នា ហើយឱ្យកូនស្រីដែល នៅជាមួយសព្វថ្ងៃនេះ បានចែករបបដីឱ្យ ទំហំ១០ម៉ែត្រ គុណនឹង ៤៨ម៉ែត្រ គឺផ្ទះនៅជាប់គ្នា។ ហើយពេលដែលក្រុមការងារចុះមក ធ្វើប្លង់កម្មសិទ្ធិដីធ្លី ត្រូវបានកូនស្រីជំទាស់ដល់អាជ្ញាធរមិនឱ្យចេញប្លង់នោះទេ ហើយគាត់មិនអាចរស់នៅ ជាមួយនឹងកូនស្រីម្នាក់នេះបន្តទៀតទេ។
ជុំវិញការចោទប្រកាន់ខាងលើនេះ កូនស្រីឈ្មោះសុន សុឃាន់ អាយុ៤៤ឆ្នាំ បានរៀបរាប់ប្រាប់ថា ពេលដែល ផ្ទះឈើថ្ម ២ខ្នង សាងសង់រួចរាល់ ឪពុកឈ្មោះឡាច សុន អាយុ៨៨ឆ្នាំ មានជំងឺទន់ជើង ដើរមិនរួច ដោយត្រូវ សម្រាកនៅលើគ្រែក្រោមផ្ទះឈើ គឺគាត់ដែលជាកូន បានប្រឹងប្រែងមើលថែរក្សារហូត ព្រមទាំងចំណាយ លុយលើថ្នាំសង្កូវទៀតផង។ លុះពេលចុងក្រោយ ឪពុកត្រូវលើកឡើងទៅនៅលើផ្ទះឈើថ្មី បានប្រហែល១០ថ្ងៃ គាត់ក៏ស្លាប់ នៅក្នុងឆ្នាំ២០២៣នេះ។
កូនស្រីឈ្មោះសុន សុឃាន់ បន្តថា កាលពីផ្ទះមិនទាន់ធ្វើ គាត់បានលក់ដីនៅក្នុងភូមិ និងបានចេញទៅរកស៊ី ដោយមានរ៉ឺម៉កម៉ូតូ ១គ្រឿង លក់បាយស្រូប នៅមុខសាលារៀនឯកជនមួយក្នុងរាជធានីភ្នំពេញ លុះពេល យប់ឡើង លក់នំប៉័ងដាក់សាច់ រហូតដល់ម៉ោង ១១ ទៅ១២យប់ ទើបបានសម្រាក គឺប្រឹងប្រែងមិនសូវបានដេក ពួននោះទេ ដើម្បីឱ្យបានលុយ មកធ្វើផ្ទះឈើថ្មី។ ដំបូងគាត់ថា ធ្វើសសរដាក់តែ១៤ដើមទេ តែម្តាយបានពន្យល់ ប្រាប់ថា វាប្រឈមនឹងខ្យល់បក់បោក អាចបង្កបញ្ហារលំ ទើបបន្ថែមដល់១៦សសរ ឱ្យកាន់តែរឹងមាំ។ ផ្ទះឈើ សាងសង់ថ្មីនេះ គាត់ចំណាយលុយអស់ចំនួន ៣ម៉ឺនដុល្លារ ដោយសារតែថវិកាមិនគ្រប់ទិញសម្ភារៈ និងចំ ណាយលើជាង គឺបានទៅខ្ចីធនាគារឯកជនបន្ថែមចំនួន ៨ពាន់ដុល្លារទៀត ទើបធ្វើរួចរាល់។

កូនស្រីឈ្មោះសុន សុឃាន់ បានបន្តថា មានពេលមួយនោះ គ្រាដែលគាត់កំពុងដេកលើអង្រឹងក្រោមផ្ទះត្រូវ ម្តាយយកកាំបិតមកកាប់ តែសំណាងគាត់គេចផុត ហើយគ្រាន់តែចំណាយធ្វើផ្ទះនេះ គឺអស់ ២ម៉ឺនដុល្លារ ហើយម្តាយ អស់ ១ម៉ឺនដុល្លារ។ បន្ទាប់មក ដោយសារតែម្តាយនិយាយថា ឱ្យទាំងផ្ទះ ទាំងដី ទើបពេលក្រុម ការងារចុះមកវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីដាក់ឈ្មោះរបស់គាត់ជាកូនស្រី ហើយផ្ទះដែលធ្វើនេះ គាត់បានឱ្យ ម្តាយរស់នៅរហូត មិនឱ្យទៅណាទេ គឺទាល់តែដល់ថ្ងៃស្លាប់តែម្តង។
កូនស្រីឈ្មោះសុន សុឃាន់ ប្រាប់បន្តថា ចំពោះការចោទប្រកាន់ដែលថា គាត់ជាកូន យកដំបងគប់ទៅលើម្តាយ នោះ គឺដោយសារហេតុផលដំបូងម្តាយយកចានជ័រគប់គាត់ ត្រូវក្បាល និងដំបងឈើ គប់ត្រូវត្រង់ក ទើបគាត់ខឹង ពេក ក៏គ្រវែងដំបងនោះទៅលើផ្ទះវិញ។ ស្ត្រីជាកូន ហ៊ានស្បថថា ពាក្យដែលគាត់និយាយចេញមក បើមិនពិត សូមឱ្យព្រះធរណីស្រូបចុះ។
កូនស្រីឈ្មោះសុន សុឃាន់ បានប្រាប់បន្តទៀតថា នៅយប់ថ្ងៃមួយនោះ កូនគាត់២នាក់ ឡើងទៅដេកនៅលើផ្ទះ ឈើថ្មី ក៏ត្រូវជីដូនយកដំបូងទៅគោះជញ្ជាំង ធ្វើឱ្យចៅដេកមិនបាន ក៏រត់មកដេកនៅផ្ទះតៀមនៅជាប់គ្នា ពេល វេលាជិតភ្លឺ ហើយដោយសារតែម្តាយប្រគល់ឱ្យនៅដីនិងផ្ទះ ទើបគាត់ឱ្យអាជ្ញាធរធ្វើប្លង់ដាក់ឈ្មោះរបស់គាត់។ រាល់ថ្ងៃនេះ គឺគាត់ប្រឹងប្រែងទាំងឈឺជំងឺលើសឈាម ដើម្បីរកលុយមកបង់ធនាគារ ដោយក្នុងមួយខែ ត្រូវចំ ណាយជាងមួយលានរៀលឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែដំបូលផ្ទះតៀម នៅជាប់នឹងផ្ទះឈើសាង សង់ថ្មីនោះ ក៏ត្រូវបានម្តាយយកដុំឥដ្ឋគប់ធ្លុះធ្លាយដែរ តែទោះជាយ៉ាងនេះក៏ដោយ ក៏នៅតែប្រឹងទ្រាំព្រោះអា ណិតគាត់ជាម្តាយ។
ចំណែកអ្នកស្រី សុន សុខឃាង អាយុ៤៩ឆ្នាំ កូនច្បងរបស់លោកយាយ បានប្រាប់ថា សព្វថ្ងៃ គាត់មានបងប្អូន ចំនួន៧នាក់ ក្នុងនោះប្រុស ម្នាក់ជាកូនពៅ ចំណែកម្តាយចាស់ជរារស់នៅជាមួយនឹងកូនស្រីទី៦ មានឈ្មោះសុន សុឃាន់ អាយុ៤៤ឆ្នាំ តែកូនម្នាក់នេះ មិនបានដើរតាមគន្លងធម៌ និងស្តាប់ដំបូន្មានម្តាយនោះទេ។ ហើយដោយ សារតែផ្ទះឈើនៅពីមុន ចាស់ទ្រុឌទ្រោមពេក ក៏ត្រូវសាងសង់ថ្មី ហើយក៏បានទិញឈើមកសាងសង់ផ្ទះឈើថ្មី ពីរខ្នង សសរ៤ជួរ ស្មើនឹង១៦សសរ។ នៅពេលដែលសាងសង់ផ្ទះនោះ គឺកូនស្រីនៅជាមួយម្តាយ បានចំណាយ លុយចំនួន ៧ពាន់ដុល្លារ។
អ្នកស្រី សុន សុខឃាង បានបន្តថា មានពេលខ្លះ ម្តាយមិនសូវស្រួលខ្លួន បានហៅគាត់មកដេកជាមួយ គ្រាន់នឹង មើលកំដរម្តាយ ដោយសារតែកូនស្រីនៅជាមួយ ចិត្តមិនបាន។ លុះពេលព្រឹកឡើង គ្រាដែលគាត់ចុះត្រឡប់មក ផ្ទះ ស្ថិតនៅទល់មុខគ្នារំលងផ្លូវថ្នល់នោះ ត្រូវបានប្អូនស្រី ឈ្មោះសុឃាន់ បានជេរនៅពាក្យអសុរោះមកលើរូប គាត់ថែមទៀតផង សូម្បីតែបន្ទប់ទឹក នៅផ្ទះ ដែលម្តាយគាត់សាងសង់ ក៏ប្អូនស្រីមិនឱ្យម្តាយចូលបត់ដៃបត់ ជើងដែរ។ ជាញឹកញាប់មកហើយដែលប្អូនស្រីបានបណ្តេញម្តាយ ឱ្យចុះចេញពីផ្ទះនោះតែម្តង ប៉ុន្តែម្តាយមិនព្រម ទៅណានោះទេ ដោយសារគាត់យល់ថា នេះជាដីនិងផ្ទះរបស់គាត់។ ប៉ុន្តែមានពេលមួយនោះ គ្រាដែលម្តាយកំ ពុងតែអង្គុយនៅលើផ្ទះ ហើយប្អូនស្រីទី៦ នៅខាងក្រោម បានយកព្រនង់ឈើមកគប់លើម្តាយ តែសំណាងល្អ ចេះគាត់ឃើញទាន់ និងឱនផុត បើពុំនោះទេ នឹងត្រូវរងរបួសមិនខាន ស្រួលមិនស្រួលស្លាប់ក៏ថាបានដែរ។
អ្នកស្រី សុន សុខឃាង បានបន្ថែមថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង គាត់ក៏បានយកព្រនង់ទៅប្រ គល់ឱ្យប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំមានជ័យ ដើម្បីរក្សាទុកជាភ័ស្តុតាង។ មានពេលមួយ ភូមិបាលស្រុក បានចុះ វាស់វែងក្បាលដីនៅតាមភូមិ ដើម្បីធ្វើប្លង់កម្មសិទ្ធិ តែត្រូវបានប្អូនទី៦ ជំទាស់មិនឱ្យធ្វើ ហើយអ្នកភូមិជាមួយគ្នា គេបានប្លង់ដីអស់ ចំណែកម្តាយរបស់គាត់ បែរជាមិនបានទៅវិញ។ លុះពេលសួរនាំមកសាលាឃុំមានជ័យ ក៏ឆ្លើយដាក់ថា ក្បាលបង្កាន់ដៃដីនៅឯសាលាស្រុកស្រីសន្ធរ ទៅសុំនៅទីនោះទៅ ហើយគ្រាដែលទៅសួរនាំ ជំនាញភូមិបាលស្រុក គេថា ទុកនៅសាលាឃុំ ដោយឆ្លើយដាក់គ្នាទៅវិញទៅមក។

ស្ត្រីជាកូនច្បង បានបញ្ជាក់ថា រាល់យប់ ម្តាយសម្រាន្តមិនសូវបានទេ ដោយសារដេកបង្ហូរទឹកភ្នែកស្ទើរតែ រាល់យប់ តូចចិត្តនឹងខ្លួនឯង មិនគួរណាកូនស្រីទី៦ បណ្តេញគាត់ឱ្យចុះចេញផ្ទះយ៉ាងដូច្នេះសោះ។ ហើយដោយ សារម្តាយចាស់ជរា និងកូនជាច្រើននាក់ទៀត បានមូលមតិគ្នា ដោយឱ្យថ្លៃសំណង ១ម៉ឺនដុល្លារ ទៅកូនស្រីទី៦ ដើម្បីបញ្ចប់រឿងវិវាទរវាងម្តាយនិងកូន តែកូនស្រីរូបនោះមិនព្រមទទួលទេ បើចង់ឱ្យចេញ ទាល់តែប្រគល់ថវិកា ២ម៉ឺនដុល្លារ ទើបព្រមចេញពីផ្ទះនៅរាល់ថ្ងៃនេះ។ ចំពោះរឿងចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិដីធ្លី ដោយភូមិបាលស្រុក រហូតមកដល់ពេលនេះនៅតែមិនបានទៀត ដូច្នេះក្នុងនាមគាត់ជាកូនស្រីបង ក៏ដូចជាម្តាយ លែងចង់បានប្លង់ ទៀតហើយ ព្រោះគេរុញឆ្លើយដាក់គ្នាទៅវិញទៅមក៕