Saturday, November 23, 2024
Homeកីឡាជាតិជាស ស្រួច រកស៊ីលក់មឹកអាំងតាមផ្លូវ ថាអត់ខ្សែធ្វើ អាជ្ញាកណ្តាល-ចៅក្រម

ជាស ស្រួច រកស៊ីលក់មឹកអាំងតាមផ្លូវ ថាអត់ខ្សែធ្វើ អាជ្ញាកណ្តាល-ចៅក្រម

ភ្នំពេញ ៖ អតីតអ្នកប្រដាល់គុនខ្មែរ និងអ្នកសម្តែង លោកជាស ស្រួច បន្ទាប់ពីបានបែកបាក់ភរិយាជាអ្នកសិល្បៈ និងបានបាត់មុខអស់ជាច្រើនឆ្នាំ ដោយបានទៅសំងំរស់នៅតាមបណ្ដាខេត្តនោះ ពេលនេះបាននាំប្រពន្ធថ្មី និង កូនតូច អាយុជាង១ខួប មករស់នៅក្នុងផ្ទះជួល ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមបើកមុខរបរថ្មីគឺរកស៊ីលក់ មឹកអាំង តាមចិញ្ចើមផ្លូវ ។

អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា មុខរបរលក់មឹកអាំងតាមផ្លូវនេះ គ្រាន់តែជាមុខរបរថ្មីបណ្ដោះ អាសន្នរបស់លោកប៉ុណ្ណោះ ព្រោះលោកមានបំណងធ្វើជាអាជ្ញាកណ្តាល និងចៅក្រម តែសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ មិនទទួលយក ដោយឲ្យលោករង់ចាំឱកាសសិន។ ហេតុដូច្នេះហើយទើបលោកមិនទាន់មានការងារធ្វើ ពិតប្រាកដ មានតែនាំប្រពន្ធមករកស៊ីលក់មឹកអាំង តាមចិញ្ចើមផ្លូវ ដើម្បីបានលុយយកមកដោះស្រាយជីវភាព បង់ថ្លៃបន្ទប់ជួល និងទិញទឹកដោះគោ ឲ្យកូនតូចបៅ ។

លោកជាស ស្រួច បានប្រាប់ «នគរធំ» នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ថា សព្វថ្ងៃ លោករកស៊ីលក់មឹកអាំង តាមចិញ្ចើមផ្លូវ នៅម្តុំផ្លូវ ២០០៤ ខាងជើងស្តុបវត្តអង្គតាម៉ិញ ហួសបាលី រីសត ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កា កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកជាស ស្រួច ឲ្យដឹងថា ទីតាំងដែលលោកដាក់រទេះលក់មឹកអាំងនេះ គឺស្ថិតនៅបរិវេណឆៀងខាងមុខ ភូមិគ្រឹះ (វីឡា) របស់លោកធំម្នាក់ ដែលលោកបានសុំអនុញ្ញាតពីគាត់ត្រឹមត្រូវ ហើយគាត់យល់ព្រមឲ្យលក់ ដោយមិនយកកម្រៃថ្លៃជួលកន្លែងប្រចាំខែឡើយ បន្ទាប់ពីបានដឹងថា លោកជាអតីតកីឡាករប្រដាល់គុនខ្មែរ និងមើលឃើញថា លោកមានជីវភាពខ្វះខាត ហើយទីតាំងនេះ នៅមិនឆ្ងាយពីបន្ទប់ជួលរបស់លោក ដែលធ្វើ ឲ្យលោកងាយស្រួលទៅមក និងជាកន្លែងអំណោយផលសម្រាប់លក់មឹកអាំងនេះដែរ។ ជាមួយនេះក៏មាន អ្នកធ្លាប់ស្គាល់លោក ជួយកុម្មង់តាមទូរស័ព្ទ ឲ្យលោកដឹកយកទៅឲ្យផងដែរ ។

 លោកជាស ស្រួច បន្តថា ក្នុង១ថ្ងៃ លោកទិញមឹក ៤គីឡូក្រាម មកអាំងលក់ បើលក់ដាច់អស់ អាចចំណេញបាន ៤ម៉ឺនរៀលដែរ តែបើលក់មិនអស់ អាចចូលដើម ។ យ៉ាងណា លោកជាស ស្រួច ប្រាប់ថា លោកទើបតែចាប់ផ្តើម របរនេះ បាន១សប្តាហ៍ មិនទាន់ដឹងថា អាចរត់រួចថ្លៃផ្ទះជួល (១ខែ ៥៥ដុល្លារ) ឬអត់ទេ គឺរង់ចាំទូទាត់នៅពេលដាច់ ខែនេះ ខណៈដែលលោកក៏កំពុងមានការព្រួយបារម្ភខ្លាចមុខរបរថ្មីនេះ មិនទៅមុខ មិនអាចជួយទ្រទ្រង់ជីវភាព លោកគ្រួសារបាន ។ ដូច្នេះហើយ ទើបលោកអំពាវនាវដល់បងប្អូនដែលធ្លាប់ស្គាល់លោក រួមទាំងអ្នកមិនទាន់ ស្គាល់លោក សូមជួយទិញមឹកអាំង របស់លោកផង អាចមកទិញដល់ទីតាំងផ្ទាល់ក៏បាន អាចទិញតាមទូរស័ព្ទ (០៩០ ៦១០ ៤៩០) ក៏បាន លោកនឹងធ្វើការវេចខ្ចប់ ដឹកយកទៅជូនដល់កន្លែង ។ ជាមួយនេះ លោកមិនភ្លេចអរ គុណដល់អ្នកដែលបានជួយទិញមឹកអាំងរបស់លោក ជាពិសេសអតីតមិត្តរួមជំនាន់កីឡាប្រដាល់ រួមមាន លោកអេ ភូថង ជាដើម ។

  លោកជាស ស្រួច បានបញ្ជាក់បន្ថែមថា មុនពេលចាប់មុខរបរលក់មឹកអាំង តាមចិញ្ចើមផ្លូវនេះ លោកបាន ព្យាយាមទាក់ទងទៅខាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាច្រើនដង ដើម្បីសុំធ្វើជាអាជ្ញាកណ្ដាល និងចៅក្រម នៅក្នុងក្របខ័ណ្ឌរបស់សហព័ន្ធ ដូចអតីតកីឡាប្រដាល់គុនខ្មែរ រួមជំនាន់មួយចំនួន ដើម្បីបានកម្រៃ នៅពេល មានការរៀបចំការប្រកួតប្រដាល់គុនខ្មែរនៅតាមស្ថានីយទូរទស្សន៍ និងតាមវេទិកានានា យកមកដោះស្រាយ ជីវភាព ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធ បានបដិសេធ ជាមួយហេតុផលថា មួយរយៈក្រោយពេលលាឈប់ ពីអ្នកប្រ ដាល់គុនខ្មែរ លោកបានធ្វើរឿងមិនល្អជាច្រើននៅក្នុងសង្គម ដូចជាបានប្រើប្រាស់គ្រឿងញៀនជាដើមដែល មិនអាចឲ្យធ្វើអាជ្ញាកណ្ដាល និងចៅក្រមបាន ។ ប៉ុន្តែលោកយល់ថា ហេតុផលពិតប្រាកដ គឺមកពីលោក គ្មានខ្សែរយៈជួយយឹតយោង ទើបមិនអាចមានឱកាសចូលធ្វើអាជ្ញាកណ្ដាល និងចៅក្រម ។

 លោកជាស ស្រួច បានបញ្ជាក់ថា “កាលនៅសម័យកូវីដ ខ្ញុំនៅរតនគិរី ពេលចូលមកភ្នំពេញ វិញ ខ្ញុំសុំសហព័ន្ធ ចូលធ្វើអាជ្ញាកណ្តាល និងចៅក្រម សុំគាត់ពីរបីឆ្នាំហើយ អត់បាន គាត់ថា ឲ្យរង់ៗចាំ ដល់ពេលខ្ញុំរង់ចាំដល់ដាច់ បាយ ខ្ញុំក៏ទៅធ្វើការនៅតាមខេត្ត ធ្វើតាមអនឡាញ នៅប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) ដល់ពេលគេបិទ ដូរមកប៉ៃលិន ដល់ពេលប៉ៃលិន គេរើទៀត ខ្ញុំក៏រើមកស្រុក អត់មានអីធ្វើ ។ ដូច្នេះហើយខ្ញុំគិតថា សល់លុយ ដើមតិចតួចហ្នឹង មកបើកមុខរបរ ទិញរទេះ ទិញអី មកធ្វើមឹកអាំងលក់ ក្រែងបានសោហ៊ុយខ្លះ ថ្លៃទឹកដោះគោ កូន ដើម្បីចិញ្ចឹមជីវិត ព្រោះថាយើងចាស់ហើយ យើងមិនដឹងធ្វើអី វ៉ៃក៏លែងកើត ហើយសុំគេធ្វើអជ្ញាកណ្ដាល អត់បាន ។ មុនដំបូង ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីបានជាគេមិនឲ្យខ្ញុំធ្វើ ហើយចេះតែប្រាប់ថាឲ្យចាំៗ ប៉ុន្តែក្រោយមក មានអ្នកដែលស្រលាញ់ខ្ញុំ បានខ្សឹបប្រាប់ខ្ញុំថា ដោយសារខ្ញុំមានប្រវត្តិមិនល្អ ដូចថា ពីមុន ខ្ញុំបែកបាក់គ្រួសារ រសាត់អណ្ដែត រត់ទៅនៅតាមព្រៃអ៊ីចឹងទៅ តែឥឡូវខ្ញុំវិលមកកែខ្លួនវិញហើយ តែនៅមិនឲ្យខ្ញុំចូលធ្វើអាជ្ញា កណ្ដាល ចៅក្រមទៀត ព្រោះគេបានចូលគ្រប់គ្នា តែខ្ញុំសុំអត់បាន“ ។

 លោកជាស ស្រួច បន្តថា “តាមពិត មកពីខ្ញុំអត់មានខ្សែ មិនដឹងចូលតាមណា ខ្ញុំរាល់ថ្ងៃក្បាលមួយម្នាក់ឯងម៉ង់ៗ រស់ដោយអត់មានខ្សែរយៈជួយយកចូល ហើយពេលឃើញប្អូនៗជំនាន់ក្រោយល្អ តម្លៃខ្លួនល្អ ប្រកួតបានមេដៃ មាស ខ្ញុំមើលទូរស័ព្ទរហូត ចូលរួមរំភើបលើកទឹកចិត្តគេរហូត ក៏ប៉ុន្តែខ្ញុំមានឱកាសបានចូលនឹងគេ ។ វាជាអាជីព របស់យើង បើសិនបានធ្វើអាជ្ញាកណ្ដាល ចៅក្រម ក៏ជួយកាត់បន្ថយការខ្វះខាតដែរ យើងធ្វើមុខអីផ្សេងធ្វើទៅ តែពេលថ្ងៃ យើងធ្វើអាជ្ញាកណ្ដាល ចៅក្រម យើងបានកម្រៃគ្រាន់ចិញ្ចឹមប្រពន្ធកូនដែរ ដូច្នេះខ្ញុំសប្បាយចិត្ត បើសិនជាបានធ្វើ ។ ដូច្នេះខ្ញុំបាទសូមគោរពសំណូមពរដល់ថ្នាក់ដឹកនាំខាងលើ ហើយនិងលោកប្រធានសហ ព័ន្ធកីឡា គឺថាខ្ញុំសំណូមពរធ្វើម៉េច ឲ្យបានការងារធ្វើជាអាជ្ញាកណ្ដាល និងចៅក្រម ទោះបីមិនបាន ធ្វើគ្រូបង្វឹក នឹងគេក៏ដោយ ឲ្យតែបានធ្វើអាជ្ញាកណ្ដាល និងចៅក្រម គ្រាន់បានកម្រៃខ្លះ យកទៅដោះស្រាយបញ្ហាជីវភាព“ ។

 លោកជាស ស្រួច បន្តទៀតថា “តាមពិត អាជ្ញាកណ្ដាល ចៅក្រមនេះ ខ្ញុំធ្លាប់បានធ្វើម្ដងហើយ គឺធ្លាប់ធ្វើបាន ១ឆ្នាំដែរ ក៏ប៉ុន្តែដោយសារតែមានលោកគ្រូម្នាក់ បង្កាច់បង្ខូចខ្ញុំថា ទៅកាងឈើនៅខេត្តស្ទឹងត្រែង រតនគិរី តែខ្ញុំជីវិតមួយម្នាក់ឯង សុំតែមួយរស់ៗ មានអីទៅកាងគេ? ដល់គេបញ្ឈរជើងខ្ញុំទៅ ខ្ញុំក៏អន់ចិត្ត ដើរចេញតាំងពី នោះរហូតមក ។ ប៉ុន្តែខ្ញុំធ្លាប់បានបកស្រាយចំពោះបងប្អូនដែលរិះគន់ខ្ញុំរួចហើយ ដូចជាថា ខ្ញុំប្រើប្រាស់គ្រឿង ញៀន ខ្ញុំក៏ប្រាប់ថា មនុស្សណាដែលមិនចេះខុស? ខុសតិចនិងខុសច្រើន? ធ្វើខុស ត្រូវចេះកែ ពេលខ្ញុំវិល ត្រលប់មកវិញ ខ្ញុំកែខ្លួនហើយ ហើយខ្ញុំប្រាប់ថា ឥឡូវនេះ បើខ្ញុំមានពាក់ព័ន្ធអីតទៀត មិនជឿ ពិនិត្យទឹកនោម ខ្ញុំទៅ…។ ជារួមមកវិញ ខ្ញុំគ្មានអីទេ មានតែម្រាមដៃដប់ បងប្អូនខ្មែរយើងទាំងអស់ ជនរួមជាតិទូទាំងប្រទេស ដែលធ្លាប់ស្រលាញ់ខ្ញុំ និងគាំទ្រខ្ញុំ សូមជួយទិញមឹកអាំងរបស់ខ្ញុំ ដើម្បីបានកម្រៃបន្តិចបន្តួច ចិញ្ចឹមជីវិត និងសំ ណូមដល់សហព័ន្ធ ធ្វើម៉េចឲ្យខ្ញុំបានធ្វើជាអាជ្ញាកណ្ដាល  និងចៅក្រម ដើម្បីមានការងារធ្វើ បានប្រាក់ខែ បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតផង“ ។

 ទោះបីយ៉ាងណា ជុំវិញការលើកឡើង និងការស្នើរបស់លោក ជាស ស្រួច ខាងលើនេះ “នគរធំ” មិនអាចទាក់ ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតបពីលោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានទេកាល ពីម្សិលមិញ ។

 គួរបញ្ជាក់ថា លោកជាស ស្រួច មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយលោកបានភៀស ខ្លួនទៅនៅ ជំរំសាយប៊ី ក្លាយជាអ្នកប្រដាល់នៅទីនោះ តាំងពីឆ្នាំអាយុ១៥ឆ្នាំ ។ មុនលាឈប់ពីកីឡាប្រដាល់ នៅអំឡុង ឆ្នាំ២០២១ លោកធ្លាប់ប្រកួតបាន ៦៧ដង (ឈ្នះ៦០ ចាញ់៧ដង) លោកធ្លាប់ជាប់ជាជើងឯកប្រដាល់គុនខ្មែរ ពានរង្វាន់សម្ដេចហ៊ុន សែន ។ លោកធ្លាប់រងរបួសនៅពេលប្រកួត ដោយបាក់ប្រអប់ដៃ ចំនួន២ដង ហើយក៏ ឈប់ឡើងប្រកួត ចាប់ពីពេលនោះតែម្ដង ។

 ទាក់ទងដល់ជីវិតឯកជន ស្នេហា កាលនៅជាកីឡាករ លោកមានភរិយា និងកូនរួចហើយ តែបានបែកបាក់ គ្នាវិញ ។ លុះពេលឈប់ពីកីឡាប្រដាល់ និងក្រោយពេលដែលលោកបានចូលប្រឡូកសិល្បៈសម្ដែងជាតួឯក ភាពយន្តមួយចំនួន ដូចជារឿង “អ្នកប្រដាល់ចាញ់ស្នេហ៍”  «ជីវិតអ្នកប្រដាល់» ជាដើម លោកបានរៀបការ ជាមួយភរិយាទី២ ឈ្មោះសាត រស្មី អាយុតិចជាងលោក ជិត១០ឆ្នាំ ជាតារាសម្ដែង តែក៏បានបែកបាក់គ្នាវិញ ក្រោយរួមរស់ជាមួយគ្នាបានតែ៦ខែ ។ ក្រោយបែកបាក់ស្នេហាទី២ អស់រយៈពេល១៨ឆ្នាំ លោកក៏បានជួបភរិ យាទី៣ ដែលលោកកំពុងរួមរស់ជាមួយគ្នាសព្វថ្ងៃ និងប្រកបរបរលក់មឹកអាំងតាមផ្លូវ ជាមួយគ្នានេះ ឈ្មោះវ៉ន សាវឿន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ។ ក្នុងចំណងស្នេហ៍ជាមួយភរិយាក្រោយនេះ លោក ទទួលបានកូនស្រីម្នាក់ អាយុ២ឆ្នាំ បន្ទាប់ពីបានចាប់ដៃគ្នាបាន៣ឆ្នាំ ៕ កុលបុត្រ

RELATED ARTICLES