កែប ៖ បុរសម្នាក់ បើកបររថយន្ត ១គ្រឿង ដោយមានសាច់ញាតិក្មេងចាស់ប្រុសស្រី រួមដំណើរ ចំនួន១០នាក់ ស្រាប់តែពេលកំពុងបើកបរ ងងុយដេក ងោក១ភាំង ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ស្នាមភ្លោះ ក្រឡាប់ បណ្តាល ឱ្យក្មេងប្រុសម្នាក់ បានស្លាប់ និងមនុស្សប្រុសស្រីក្មេងចាស់ ១០នាក់ទៀត រងរបួសធ្ងន់-ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ ព្រៃធំ ក្រុងកែប។
តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ក្រុងកែប បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវជាតិលេខ៣៣ ក្រឡាប់ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ មូលហេតុដោយសារអ្នកបើកបរងងុយដេក ងោកមួយភាំង។
ប្រភពដដែល បន្តថា ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ បានស្លាប់ ចំណែក ក្មេងចាស់ប្រុសស្រី ១០នាក់ទៀត រងរបួសធ្ងន់-ស្រាល ដោយជនរងគ្រោះទាំងអស់ ជាក្រុមគ្រួសារ សាច់ញាតិ និងមានលំនៅ ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រភពខាងលើ បានបញ្ជាក់ថា មុនពេលកើតមានគ្រោះថ្នាក់ រថយន្តខាងលើបានបើកបរមកពីខាងកើតទៅ ខាងលិច ដោយផ្ទុកមនុស្សសរុប ១១នាក់។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅផ្នែក ខាងស្តាំ រួចធ្លាក់ចូលស្នាមភ្លោះ ក្រឡាប់តែម្តង។
ក្រោយកើតហេតុ អ្នករងរបួសទាំង១០នាក់ ត្រូវបានរថយន្តនគរបាលក្រុងកែប និងរថយន្តសង្គ្រោះ ដឹកទៅ កាន់មន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចហៅរថយន្តមកស្ទូច យកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
ដោយឡែក សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀប ចំធ្វើបុណ្យតាមប្រពៃណី៕